(ក្រចេះ)៖ លោក សេក ប៊ុនហេង អភិបាលស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានបញ្ជាក់ថា កម្លាំងរបស់លោកបានចាប់ខ្លួនមន្រ្តី អង្គការការពារបរិស្ថានម្នាក់ បន្ទាប់ពីប្រជាពលរដ្ឋបានប្តឹង រឿងចាប់ជំរិតទារលុយពីគាត់ គ្រាន់តែដឹកតាមគោយន្តកន្រ្តៃយ៍ ចំនួន១៥០០០រៀល។
លោកបានបញ្ជាក់ថា ការចាប់ខ្លួន មន្រ្តីអង្គការនេះបានធ្វើឡើង នៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅភូមិខ្សាច់ទប់ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
លោក នូ ចាន់ផល្លា អធិការនគរបាលស្រុកព្រែកប្រសព្វ បានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ វឿន ប៊ុនធឿន អាយុ២៤ឆ្នាំ ដែលត្រូវបានប្រជាពលរដ្ឋ មានឈ្មោះ ដួង ស្រីថាវ ភេទស្រី បានចាប់ជំរិតទារលុយពីគាត់ចំនួន១៥០០០រៀល ពេលដឹកឈើតាម គោយន្ត កន្រៃយ៍។
បន្ទាប់ពីសួរនាំរួច ជនសង្ស័យត្រូវបានបញ្ជូនទៅសួរនាំបន្តទៀត នៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ខេត្តដើម្បីចាត់ការ តាមផ្លូវច្បាប់៕
ប្រភព៖ Fresh News
ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ចាប់បានហើយ ! កំពូលមេចោរស្រីរៀបចំផែនការប្លន់អ្នកលក់មាស
ខេត្តកំពង់ចាម ៖ កំពូលមេចោរស្រី ដែលរៀបចំផែនការប្លន់អាជីវករលក់មាស-ប្តូរប្រាក់ សុខ លក្ខិណា នៅខាងលិចផ្សារធំ ក្រុងកំពង់ចាម ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន និងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាមកាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីធ្វើការស្រាវជ្រាវចាប់បក្សពួក៤នាក់បន្តទៀត ។
លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងនគរបាលខេត្ត ទទួលផែនកណ្តាលព្រហ្មទណ្ឌ បានឲ្យដឹងថា ដោយសារមានការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្ត បានជំរុញឲ្យរូបលោកដឹកនាំកម្លាំងចុះសហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ធការដ៏ក្តៅគគុកមិនបន្ធូរដៃតាមប្រមាញ់ចោរប្លន់ប្រដាប់អាវុធចំនួន៨នាក់ដែលបានធ្វើសកម្មភាពប្លន់អាជីវករលក់មាសប្តូរប្រាក់នៅផ្សារធំ ក្រុងកំពង់ចាម កាលពីព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលបានប្លន់យករបស់ទ្រព្យអស់ជាច្រើន ហើយនាំគ្នារត់គេចខ្លួនតាមមធ្យោបាយម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ មួយគ្រឿងចេញទៅទិសខាងលិច ក្នុងនោះមានរថយន្តឡិចស៊ីសចំនួន២គ្រឿង បិទគូទមុខក្រោយផងដែរ ។
លោកស្នងការរង បន្តថា រហូតមកដល់ថ្ងៃទី១០ កុម្ភៈ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់បានចោរប្លន់៣នាក់ក្នុងក្រុងសៀមរាប ក្នុងនោះមាន ១-ឈ្មោះ សុខ ស៊ីនួន ភេទប្រុស អាយុ៥៧ឆ្នាំ នៅភូមិនាងគង្ហីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម, ២-ឈ្មោះ ស្រី សំអឿន ភេទប្រុស អាយុ៤៧ឆ្នាំ នៅខណ្ឌទួលគោក រាជធានីភ្នំពេញ និង ៣-ឈ្មោះ ពៅ សំអឿន ភេទប្រុស អាយុ៣៥ឆ្នាំ នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយដកហូតបានរថយន្តឡិចស៊ីស RX300 ចំនួន២គ្រឿង ក្នុងនោះ ពណ៌ស១គ្រឿង និងពណ៌ខ្មៅ១គ្រឿង ហើយត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ។
លុះល្ងាចថ្ងៃទី១៤ កុម្ភៈ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌចាប់បានកំពូលមេខ្លោងស្រីម្នាក់ទៀតឈ្មោះ សុខ វណ្ណនី ហៅ ភិន អាយុ៤៧ឆ្នាំ ក្នុងពេលដែលស្នាក់នៅផ្ទះជីដួនមួយនៅសង្កាត់ព្រែកព្នៅ រាជធានីភ្នំពេញ លុះមកដល់ព្រឹកថ្ងៃទី១៥ កុម្ភៈ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋានគរបាលខេត្តកំពង់ចាមតែម្តង ។
លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី បញ្ជាក់ថា មុនពេលសកម្មភាពប្លន់អាជីវករលក់មាសឈ្មោះ សុខ លក្ខិណា ភេទស្រី អាយុ៤៨ឆ្នាំ នៅខាងលិចផ្សារធំ ក្រុងកំពង់ចាម គឺមេខ្លោងស្រីឈ្មោះ ភិន បានរៀបចំផែនការ ដោយបាននាំគ្នាមកដេកនៅខេត្តកំពង់ចាមមុន១យប់ លុះមកដល់ព្រឹកថ្ងៃទី៥ កុម្ភៈ ក៏បានដឹកនាំបក្សពួកមកធ្វើសកម្មភាពប្លន់តែម្តង ហើយក៏បាននាំគ្នាគេចខ្លួនទៅរាជធានីភ្នំពេញ ដើម្បីយករបស់ទ្រព្យដែលប្លន់បានពីជនរងគ្រោះទៅបែងចែកគ្នា ខ្លះបាន៤ពាន់ដុល្លារ ខ្លះបាន៧ពាន់ដុល្លារផងដែរ ។
នៅចំពោះមុខសមត្ថកិច្ច មេខ្លោងស្រីរូបនេះបានឆ្លើយសារភាពថា ចំពោះសកម្មភាពដែលបានដឹកនាំធ្វើនៅក្នុងក្រុងកំពង់ចាម គឺមានតែ១លើកនេះទេ ហើយប្តីរបស់មេខ្លោងឈ្មោះ ពៅ សំអឿន ត្រូវបានសមត្ថកិច្ចចាប់បាននៅក្រុងសៀមរាប គឺជាម្ចាស់រថយន្តឡិចស៊ីសពណ៌ស ដែលជាមធ្យោបាយក្នុងអំពើប្លន់ប្រដាប់អាវុធខាងលើ ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]