អ្វីៗក៏អាចផ្លាស់ប្តូរ ទៅតាមពេលវេលាបានដែរ សូម្បីតែ Logo ប្រ៊េនល្បីៗ ក៏ដូច្នោះដែរ។ ក្រុមហ៊ុនលំដាប់ពិភពលោកទាំងនោះ មិនត្រឹមតែបង្ហាញចេញនូវ ការយកចិត្តទុកដាក់ចំពោះអតិថិជនខ្លួន ដោយបង្កើតតែផលិតផលថ្មីៗប៉ុណ្ណោះទេ ពួកគេក៏បានធ្វើការផ្លាស់ប្តូរ និងកែប្រែស្លាកសញ្ញារបស់ខ្លួន ពីពេលមួយ ទៅពេលមួយ ដើម្បីបន្ថែមការទាក់ទាញផងដែរ។

ខាងក្រោមនេះ គឺជាស្លាកសញ្ញាប្រ៊េនល្បីៗមួយចំនួន ដែលអ្នកប្រហែលជាមិនបានដឹងថា វាមានការផ្លាស់ប្តូរយ៉ាងណាខ្លះនោះទេ ៖

១. Walt Disney 

The Walt Disney Company ឬត្រូវបានគេហៅជាសាមញ្ញថា Disney គឺជាក្រុមហ៊ុនសាជីវកម្មចម្រុះជាតិសាសន៍ ដែលផ្តោតលើប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត របស់សហរដ្ឋអាមេរិក។ ទីស្នាក់ការកណ្តាលរបស់ Disney ស្ថិតនៅឯ Walt Disney Studios ទីក្រុង Burbank រដ្ឋកាលីហ្វញ៉ា។ Disney ត្រូវបានរកឃើញ និងបង្កើតឡើងដោយបងប្អូនប្រុសបង្កើត ២ នាក់ គឺ Walt Disney និង Roy O កាលពីខែតុលា ឆ្នាំ ១៩២៣។ បើគិតក្នុងលក្ខខណ្ឌប្រាក់ចំណូល វាគឺជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយធំបំផុតទីពីរ បន្ទាប់ពីក្រុមហ៊ុន Comcast ។

២. LEGO 

Lego A/S ឬ The Lego Group គឺជាក្រុមហ៊ុនអាជីវកម្ម លក្ខណៈគ្រួសារមួយរបស់ដាណឺម៉ាក និងមានទីស្នាក់ការកណ្តាលនៅក្រុង Billund ប្រទេស ដាណឺម៉ាក។ វាជាក្រុមហ៊ុនដែលត្រូវបានអ្នកគ្រប់គ្នាស្គាល់ ដោយសារការផលិតប្រដាប់ប្រដាក្មេងលេង ដែលភាគច្រើន គឺជាដុំឥដ្ឋជ័រ តម្រៀបលើគ្នា។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន The Lego Group ក៏បានសាងសង់សួនកំសាន្ត Legoland ជាច្រើន ជុំវិញពិភពលោកទៀតផង។ គួរបញ្ជាក់ផងដែរថា Ole Kirk Christiansen គឺជាអ្នកបង្កើតក្រុមហ៊ុននេះ តាំងពីខែសីហា ឆ្នាំ ១៩៣២ មកម្ល៉េះ ហើយវាក៏ជាក្រុមហ៊ុនលក់ប្រដាប់ប្រដាក្មេងលេងធំបំផុត របស់ពិភពលោកផងដែរ បើគិតតាមលក្ខខណ្ឌប្រាក់ចំណូល។

៣. Instagram

Instagram គឺជាគេហទំព័រសម្រាប់ចែករំលែករូបភាព ក្នុងទូរស័ព្ទចល័តមួយ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទាំងឡាយ អាចធ្វើការចែកចាយរូបភាព និងវីដេអូ បានជាសារធារណៈ និងជាលក្ខណៈឯកជនបាន។ Instagram ត្រូវបានបង្កើតឡើងដោយលោក Kevin Systrom និង Mike Krieger និងបានបើកដំណើរការឲ្យប្រើប្រាស់ជាកម្មវិធីទូរស័ព្ទឥតគិតថ្លៃ តាំងពីខែតុលា ឆ្នាំ ២០១០។ វាជាប្រភេទបណ្តាញសង្គម ដែលទទួលបានការពេញនិយម និងគាំទ្រយ៉ាងឆាប់រហ័ស ដោយក្នុងរយៈពេលតែ ២ ឆ្នាំ អ្នកប្រើប្រាស់បានកើនពី ១០០ លាននាក់ រហូតដល់ ៣០០ លាននាក់ឯណោះ។

៤. Discovery 

Discovery Channel (ឬ The Discovery Channel ឬត្រូវបានគេហៅជាសាមញ្ញថា Discovery) គឺជាប៉ុស្តិ៍ទូរទស្សន៍ ទាំងប្រភេទខ្សែ និងផ្កាយរណប របស់សហរដ្ឋអាមេរិក ដែលត្រូវបានបើកដំណើរការជាផ្លូវការ កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ១៩៨៥ ហើយសព្វថ្ងៃនេះមានលោក David Zaslav ជានាយកប្រតិបត្តិ។ វាជាប៉ុស្តិ៍ទូរទស្សន៍ ដែលផ្តល់ជូននូវ ភាពយន្តឯកសារ ផ្តោតសំខាន់លើប្រធានបទវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងប្រវត្តិសាស្រ្ត។ Discovery គឺជាប៉ុស្តិ៍ទូរទស្សន៍ធំជាងគេទីបី ក្នុងប្រទេសអាមេរិក បន្ទាប់ពី TBS និង The Weather Channel ។

៥. Google 

Google គឺជាក្រុមហ៊ុនបច្ចេកវិទ្យា ពហុជាតិសាសន៍ ឯកទេសខាងផ្នែកសេវាកម្ម និងផលិតផលពាក់ព័ន្ធនឹងអ៊ិនធើណេត រួមមានដូចជា បច្ចេកវិទ្យាការផ្សព្វផ្សាយពាណិជ្ជកម្មលើបណ្តាញ ការស្វែងរក (Search) កម្មវិធី Software និង Hardware -ល-។ Google ត្រូវបានរកឃើញនៅក្នុងឆ្នាំ ១៩៩៦ ដោយ Larry Page និង Sergey Brin នៅពេលដែលពួកគេ កំពុងតែសិក្សាថ្នាក់បណ្ឌិតនៅ Stanford University រដ្ឋ California ។

៦. Burger King 

Burger King (BK) គឺជាភោជនីយដ្ឋានប្រភេទអាហារ Fast food តាមបណ្តាប្រទេស ជុំវិញពិភពលោក។ ទីស្នាក់ការកណ្តាលមានទីតាំងនៅតំបន់ Miami-Dade County រដ្ឋ Florida សហរដ្ឋអាមេរិក។ ក្រុមហ៊ុននេះ ត្រូវបានរកឃើញ និងបង្កើតឡើងតាំងពីឆ្នាំ ១៩៥៣ ដោយ David Edgerton និង James McLamore ដែលកាលនោះមានឈ្មោះថា Insta-Burger King ។ បើគិតមកទល់នឹងខែកញ្ញា ឆ្នាំ ២០១៦ Burger King ត្រូវបានគេរាយការណ៍ថាមានទីតាំងចំនួន ១៥,២៤៣ កន្លែង ក្នុងចំនួន ១០០ ប្រទេសហើយ។

៧. Coca-Cola 

The Coca-Cola Company គឺជាក្រុមហ៊ុនសាជីវកម្មពហុជាតិសាសន៍ របស់អាមេរិក ដែលជាអ្នកផលិត ជាអ្នកចែកចាយ និងជាអ្នកកំណត់ទីផ្សារភេសជ្ជៈ មិនមែនគ្រឿងស្រវឹង។ ទីស្នាក់ការកណ្តាលរបស់ Coca-Cola ស្ថិតនៅទីក្រុង Atlanta រដ្ឋ Georgia ប្រទេសអាមេរិក។ Coala-Cola ត្រូវបានរកឃើញ និងបង្កើតឡើងដោយលោក John Pemberton (ជាឱសថការី) និង Asa Griggs Candler កាលពីខែឧសភា ឆ្នាំ ១៨៨៦ មកម្ល៉េះ។

៨. Apple 

Apple គឺជាក្រុមហ៊ុនបច្ចេកវិទ្យាពហុជាតិសាសន៍ របស់អាមេរិក មានទីស្នាក់ការកណ្តាល នៅក្នុងទីក្រុង Cupertino រដ្ឋ California ដែលក្រុមហ៊ុននេះ ជាអ្នករចនា អ្នកផលិត និងលក់ ផលិតផលអេឡិចត្រូនិច (iPhone iPad Mac iPod -ល-) កម្មវិធី software (macOS iOS iTunes -ល-) និងសេវាកម្មអនឡាញ ផ្សេងៗទៀត (iTunes Store App Store iCloud -ល-)។ ក្រុមហ៊ុន Apple ត្រូវបានបង្កើតឡើងដោយលោក Steve Jobs Steve Wozniak និង Ronald Wayne តាំងពីខែមេសា ឆ្នាំ ១៩៧៦ មកម្ល៉េះ។ បើគិតតាមលក្ខខណ្ឌប្រាក់ចំណូល និងចំនួនទ្រព្យសកម្ម Apple គឺជាក្រុមហ៊ុនធំជាងគេបង្អស់ របស់ពិភពលោក។

៩. McDonald's 

McDonald's (ឬគេស្គាល់យ៉ាងសាមញ្ញថា McD) គឺជាខ្សែចង្វាក់ក្រុមហ៊ុន ភោជនីយដ្ឋានប្រភេទអាហារ Fast food របស់សហរដ្ឋអាមេរិក។ កាលពីឆ្នាំ ១៩៤០ McDonald's ត្រូវបានបង្កើតឡើង និងដំណើរការដោយ Richard និង Maurice McDonald។ សព្វថ្ងៃនេះ McDonald's បានក្លាយខ្លួនជា ភោជនីយដ្ឋានដែលមានខ្សែចង្វាក់ធំជាងគេបង្អស់ របស់ពិភពលោក ដោយបានធ្វើការបម្រើអតិថិជនប្រមាណជា ៦៨ លាននាក់ ជារៀងរាល់ថ្ងៃ តាមបណ្តាទីតាំង ៣៦,៦១៥ កន្លែង ក្នុងប្រទេសចំនួន ១១៩ ខុសៗគ្នា ជុំវិញពិភពលោក។

១០. Starbucks 

Starbucks Corporation គឺជាក្រុមហ៊ុនកាហ្វេ និងជាហាងកាហ្វេ របស់សហរដ្ឋអាមេរិក។ Starbucks ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៧១ ក្នុងរដ្ឋវ៉ាស៊ីនតោន ដោយលោក Jerry Baldwin Zev Siegl និង Gordon Bowker ។ បើគិតមកត្រឹមខែវិច្ឆិកា ឆ្នាំ ២០១៦ កន្លងទៅនេះ Starbucks កំពុងដំណើរការទីតាំងចំនួន ២៣,៧៦៨ កន្លែង ជុំវិញពិភពលោក។ Starbucks មានសំទុះគាំទ្រយ៉ាងខ្លាំង នៅដើមទសវត្សឆ្នាំ ១៩៨០ និងបានបើកសាខាថ្មីជាមធ្យម ២ កន្លែង ជារៀងរាល់ថ្ងៃ នៅចន្លោះឆ្នាំ ១៩៨៧ ដល់ ២០០៧ ។

១១. Adidas 

Adidas គឺជាក្រុមហ៊ុន សាជីវកម្មពហុជាតិសាសន៍ របស់អាល្លឺម៉ង់ ដែលមានទីស្នាក់ការកណ្តាលនៅក្នុងទីក្រុង Herzogenaurach ប្រទេស អាល្លឺម៉ង់។ វាជាក្រុមហ៊ុនរចនា និងផលិត ស្បែកជើង សម្លៀកបំពាក់ និងគ្រឿងប្រដាប់ប្រដាផ្សេងៗទៀត។ វាគឺជាក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡា ធំជាងគេបង្អស់នៅតំបន់អឺរ៉ុប និងធំជាងគេបំផុត ទីពីររបស់ពិភពលោក។ Adidas ត្រូវបានបង្កើតឡើងដោយ Adolf Dassler នៅក្នុងឆ្នាំ ១៩៤៩ បន្ទាប់ពីបែកចេញពីក្រុមហ៊ុនដើមឈ្មោះ Gebrüder Dassler Schuhfabrik របស់លោក និងបងប្រុស ដោយសារមានជម្លោះក្នុងគ្រួសារ៕

ប្រភព៖ Bright Side | Wikipedia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]