ខេត្តពោធិ៍សាត់ ៖ បុរស​៣​នាក់​ពាក់មួក​សុវត្ថិភាព និង​ពាក់​ម៉ាស់​ជិត បាន​ចូល​ទៅ​ចាប់​ស្ត្រី​ម្នាក់​ចងដៃ​ចងជើង យក​ស្កុ​តរុំ​មាត់​មិន​ឲ្យ​ស្រែក រួច​រើ​កកាយ​ស្រេច​ចិត្ត រួច​ប្រមូល​យក​លុយ និង​គ្រឿងអលង្ការ​មាន​តម្លៃ​អស់​ប្រមាណ​ជិត​១​ម៉ឺន​ដុល្លារ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅផ្ទះ​មន្ត្រី​ប៉េ​អឹ​ម​ម្នាក់ ស្ថិត​ក្នុងភូមិ​រ៉ា សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ អិន ស្រី​មុំ អាយុ​៥០​ឆ្នាំ ធ្វើការ​នៅ​រោងចក្រ​កាត់ដេរ​ស្រុ​ក្រគរ មាន​ប្ដី​ជា​មន្ត្រី​ប៉េ​អឹ​ម ចំណែក​កូន​ៗ​ទៅ​រៀន​នៅ​ឯ​ភ្នំពេញ​អស់ ។

តាម​ការ​សាកសួរ​របស់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​យប់​នោះ​បុរស​ជា​ប្ដី​មិន​នៅផ្ទះ​ទេ គឺ​ជាប់រវល់​ទៅ​ប្រចាំការ​នៅ​ឯ​កន្លែងធ្វើការ ដោយ​ទុក​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ដេក​នៅ​ចាំផ្ទះ​ម្នាក់ឯង ។ លុះ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ស្ត្រី​រង​គ្រោះ​បាន​បើកទ្វា​ចុះ​មក​ដាំបាយ​ដើម្បី​រៀបចំ​ហូប​ចុក និង​វេច​ខ្ចប់​យក​ទៅ​ធ្វើការ​នៅ​រោងចក្រ​ដូច​សព្វដង ។ ខណៈ​កំពុង​ដាំបាយ​ស្រាប់តែ​មាន​មនុស្ស​ប្រុស​៣​នាក់​ពាក់មួក​សុវត្ថិភាព និង​ម៉ាស់​ដើរ​ចូល​មក ដោយ​ម្នាក់​កាន់​ដាវ ម្នាក់​ដក​កាំភ្លើង​ភ្ជង់ និង​ម្នាក់​ទៀត​យក​ស្កុ​តម​ករុំ​មាត់​មិន​ឲ្យ​ស្រែក និង​ចងដៃ​ចងជើង បន្ទាប់​មក​ពួក​គេ​បាន​ដើរ​រើ​កកាយ​ពេញ​ផ្ទះ​យក​លុយ​ក្នុង​ទូ​អស់​ចំនួន​៧​ពាន់​ដុល្លា​អា​មេ​រិ​ក មាស​៦​ជី និង​ប្រាក់​៦​ជី រួច​នាំ​គ្នា​ឡើង​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​អស់​តែ​ម្ដង ។

ស្ត្រី​រង​គ្រោះ​ឲ្យ​ដឹង​ថា លុយ​៧​ពាន់​ដុល្លា​អា​មេ​រិ​ក​នេះ​ជា​លុយ​ដែល​គាត់​ទើប​លក់​ដី​បាន​ប៉ុន្មាន​ថ្ងៃមុន​នេះ ឥឡូវ​មិន​ទាន់​បាន​ចាត់ចែង​ធ្វើ​អ្វី​ផង​ក៏​ត្រូវ​ក្រុម​ចោរប្លន់​អស់​តែ​ម្ដង ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៥ កុម្ភៈ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​សង្ស័យ​ថា​ជា​ក្រុម​របស់​ចោរប្លន់​ខាងលើ ប៉ុន្តែ​ពេល​សួរនាំ​ទៅ​មិន​មាន​ជាប់​ពាក់ព័ន្ធ​ក៏​ដោះ​លែង​ទៅ​វិញ​ទៅ ។

សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ថា ករណី​ប្លន់​នេះ​ក្រុម​ចោរ​មាន​គម្រោង​គិត​ទុកជា​មុន ។ ក្រុម​ចោរ​ខាងលើ​អាច​ស្គាល់​ម្ចាស់ផ្ទះ ហើយ​ដឹង​រឿង​ម្ចាស់ផ្ទះ​លក់​ដី​បាន​លុយ​ទៀត​មើលទៅ ព្រោះ​ពេល​ធ្វើ​សកម្មភាព​ប្លន់​នោះ​ពួក​គេ​បាន​ពាក់មួក​សុវត្ថិភាព និង​ពាក់​ម៉ាស់ ដើម្បី​កុំ​ឲ្យ​ម្ចាស់ផ្ទះ​ស្គាល់​មុខ ។ ករណី​នេះ​សមត្ថកិច្ច​កំពុង​សហការ​គ្នា​តាម​ស្រាវជ្រាវ​វែកមុខ​រក​ក្រុម​ចោរប្លន់​ទាំងនោះ ដើម្បី​ចាប់ខ្លួន​យក​មក​ដាក់ទោស​ច្បាប់ ៕

ប្រភព៖ កោះសន្តិភាព

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ បាន​ប្រាណ​ចង់​ដោះដៃ មិន​ព្រម​ចូល​ស្តីតាមសន្យា ប្តឹង​ប៉ូលិស​ថា​ចាប់រំលោភ

ខេត្តកំពង់ស្ពឺ ៖ គូស្នេហ៍​ដែល​ស្រឡាញ់​គ្នា​រហូត​បាន​ខ្លួនប្រាណ​រួច​ហើយ​កន្តើយ​ចង់​ដោះដៃ​មិន​ចូល​ស្តីដណ្តឹង ត្រូវ​ឪពុក​នារី​រង​គ្រោះ​ប្តឹង​ពី​បទ​ចាប់រំលោភ ព្រោះតែ​មិន​ចេះ​ទទួលខុសត្រូវទ​ង្វើ​របស់​ខ្លួន ។

សមត្ថកិច្ច​នគរបាល​ស្រុក​ឧដុង្គ​បានឱ្យ​ដឹង​ថា ករណី​នេះ​ជា​រឿង​ត្រូវរ៉ូវ​គ្នា ដែល​បាន​កើតឡើងតាំងពី​ថ្ងៃ​ទី​១០ ខែកុម្ភៈ វេលា​ម៉ោង​១០​យប់នៅ​ក្នុង​ឃុំ​ចាន់​សែន ស្រុក​ឧដុង្គ ។ យុវជនជាប់ចោទ​ឈ្មោះ អ៊ី អ៊ី​ម អាយុ​១៩​ឆ្នាំ រស់នៅ​ក្នុង​ឃុំ​ខាងលើ ចំ​ណែ​ភាគី​ខាង​ស្រី​អាយុ​ទើប​១៥​ឆ្នាំ គឺជា​អនីតិជន ។

សមត្ថកិច្ច​បន្ត​ថា នៅ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ វេលាម៉ោង​១១​និង​៥​នាទី ឪពុក​ក្មេង​ស្រី​បាន​ដាក់​ពាក្យប្តឹង​យុវជន​រូប​នេះ ពី​បទ​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​កូនស្រី​របស់​គាត់​បាន​សម្រេច​ចំនួន​២លើក កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ ។ ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង សមត្ថកិច្ច​បាន​ឃាត់ខ្លួន​យុវជន​រូប​នេះ​នាំ​មក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​សាកសួរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច យុវជន​ជាប់ចោទ​ឆ្លើយ​ថា នេះ​មិនមែន​ជា​ការ​ចាប់រំលោភ​ទេ គឺជា​ការ​ព្រមព្រៀង​គ្នា​ដោយ​មិន​មានការ​បង្ខិតបង្ខំ​ឡើយ ព្រោះ​រវាង​រូប​នាង​និង​រូបគេ​គឺជា​សង្សារ​នឹង​គ្នា​ជា​យូរ​មក​ហើយ ។

ដោយឡែក នារី​រង​គ្រោះ​និយាយ​ថា នាង​និង​ជនជាប់ចោទ​ធ្វើការ​នៅ​រោងចក្រ​ជាមួយ​គ្នា​និង​បាន​ស្រឡាញ់​គ្នា ដោយ​ខាង​ប្រុស​សន្យា​ថា នឹង​ចូល​ស្តីដណ្តឹង​នាង​យក​ធ្វើ​ជា​ប្រពន្ធ រហូត​ដល់នាង​ជឿ​លង់​ចិត្ត​ក៏​បាន​ប្រគល់​ខ្លួនប្រាណ​ឱ្យ​សង្សារ​របស់​ខ្លួន​ដោយ​មិន​ស្រណោះ​ព្រោះតែ​ជឿជាក់​ថា សង្សារ​នឹង​ចូល​ស្តីដណ្តឹង​រៀប​ការ​តាម​ច្បាប់ ។

នារី​រង​គ្រោះ​បន្ត​ថា ក្រោយ​ពី​បាន​ខ្លួនប្រាណ​នាង​ហើយ នៅ​ពេល​នាង​សួរនាំ​រឿង​ចូល​ស្តីដណ្តឹង​ម្តង​ជា​២​ដង សង្សារ​រូប​នេះ​ចេះ​តែ​គេចវេះ​ដូច​ជា​មិន​ចង់​ជួប​ដើម្បី​ទទួលខុសត្រូវ​ក្នុង​ទ​ង្វើ​របស់​ខ្លួន ទើប​នាង​យក​រឿង​នេះ​ប្រាប់​ឪពុក​ម្តាយ ហើយ​ឪពុក​នាង​បាន​ដាក់​ពាក្យបណ្តឹង​ដើម្បី​ឱ្យ​សមត្ថកិច្ច​កោះហៅ​មក​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដើម្បី​ចាត់ការ​តាម​ច្បាប់ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ខែកុម្ភៈ ជនជាប់ចោទ​ត្រូវ​បាន​មន្ត្រី​ជំនាញ​កសាងសំណុំរឿង​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ដោយសារ​តែ​គេ​មាន​កំហុស​រួមរ័ក​ជាមួយ​អនីតិជន ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]