(កំពត)៖ រថយន្តបើកដឹកផ្លែដូង ដោយសារដាច់ម៉ែត្រចង្កូតកង់ បណ្តាលឲ្យក្រឡាប់ចាក់មនុស្សចោល រងរបួសធ្ងន់ស្រាល០៤នាក់ កាលពីម៉ោង០៤៖៣០រសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៣១ ស្ថិតក្នុងភូមិព្រៃផ្តៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។

មន្ត្រីនគរបាលស្រុក បានឲ្យដឹងថា ជនរងគ្រោះ រួមមាន៖ ១-ឈ្មោះ ចឹក តយ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិត្រពាំងថ្ងាន់ ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត (របួសស្រាល) ២-ឈ្មោះ ស៊ី ពៅ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិកម្មករ ឃុំសំឡាញ(របួសស្រាល) ៣-ឈ្មោះ ពេក ប្រុស ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិស្រែជា ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត(របួសធ្ងន់) និង៤-ឈ្មោះ ជិន តន ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅ ភូមិកសិករ ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត (របួសស្រាល)។

មន្ត្រីដដែលបន្តថា រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ចំណុះ៥តោណ ពាក់ស្លាក់លេខឆ-៤៥០២ ភព២ បើកដឹកផ្លែដូងចេញពីភូមិ៨សាស្ត្រ ជិតកន្លែងកន្លែងកើតហេតុ ឆ្ពោះទៅភ្នំពេញ លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តដាច់ម៉ែត្រចង្កូត ខ្ទាតកង់ចេញ បណ្តាលឲ្យក្រឡាប់ផ្ងាជើងឡើងលើ ធ្លាក់ជនរងគ្រោះចេញរបួសយ៉ាងដូច្នេះតែម្តងទៅ។

ក្រោយពេល ក្រឡាប់អ្នកបើករថយន្តបានគេចខ្លួនបាត់ រីឯវត្ថុតាងកម្លាំងនគរបាល បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រងចាំដោះស្រាយគ្នានាពេលក្រោយ៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ពលរដ្ឋខេត្តត្បូងឃ្មុំ ស្ទើរតែចងក ដោយសារដំឡូងមី ធ្លាក់ថ្លៃមួយគីឡូតម្លៃជាង១០០រៀល, ពលរដ្ឋបង្ខំចិត្តកាប់ហាលចោល ក្រែងមានហាងឆេងគ្រាន់បើ

(ត្បូងឃ្មុំ)៖ ខណៈដំឡូងមីបានធ្លាក់ថ្លៃរហូត ដល់មួយគីឡូស្រស់ជាង១០០រៀល និងស្ងួតបានត្រឹមជាង៤០០រៀល ប្រជាពលរដ្ឋ ដែលបានដាំដំឡូងមី នៅក្នុងខេត្តត្បូងឃ្មុំ ម្នាក់ៗស្ទើរតែចងកទៅហើយ រហូតបង្ខំចិត្តកាប់ដំឡូងមីហាលចោល​ក្រែងមានហាងឆេង គ្រាន់បើ។

ក្រុមប្រជាកសិករ ដែលរកស៊ីដាំដំឡូងមី បានលើកឡើងថា «ដូចដាំឲ្យឈ្មួញវៀតណាមទទេៗ ព្រោះទូទាត់ទៅមិនបានទាំងរួច ដើមផង កុំថាឡើយដល់ចំណេញ»។

បើតាមការរៀបរាប់របស់ ប្រជាពលរដ្ឋរស់នៅភូមិពើក ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ឆ្នាំនេះម្នាក់ៗ ស្ទើតែចង-កហើយ ដោយសារដំឡូង មិនមានទីផ្សារ ហើយបានធ្លាក់ថ្លៃយ៉ាងខ្លាំង ដោយមួយគីឡូដឹកទៅដល់ប្រទេសវៀតណាម បានតែ១៨០រៀល ទៅ២២០រៀល ប៉ុណ្ណោះ។

ជាមួយគ្នានោះ ប្រជាពលរដ្ឋដែលមិនដឹកទៅលក់នៅវៀតណាម បានរៀបរាប់ឲ្យដឹងដែរថា មូលហេតុដែលពួកគាត់មិនយកទៅលក់ នៅវៀតណាម ដោយសារថ្លៃទាបពេក ដូចនេះមានតែដក ហើយកាប់ហាលក្រែងមានហាងឆេងល្អ លក់បានលុយដោះបំណុលខ្លះ​ ព្រោះបើស្ងួតយើងអាចទុកបានយូរ។

ពួកគាត់បន្តថា បើនៅតែបែបនេះ មានតែទុកដីទំនេរចោលចេញរកការងារផ្សេង ឬទៅធ្វើជាពលករ នៅប្រទេសជិតខាងវិញល្អជាង ដើម្បីដោះស្រាយជីវភាពសម្រាប់រស់ បើនៅតែបន្តខាតយ៉ាងនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]