ស្ថានជាតិ NIPTICT កំពុងរៀបចំកម្មវិធី ពានរង្វាន់ ICT កម្ពុជា លើកទី៣ ដែលជាកម្មវិធីប្រកួតប្រជែងដ៏ធំមួយ ដើម្បីបង្ហាញនូវសមិទិ្ធផលជោគជ័យនានា លើការធ្វើនវានុវត្តន៍ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា។ បេក្ខជនអាចដាក់ពាក្យចូលរួមប្រកួតប្រជែងមកពី ក្រុមហ៊ុនឯកជនក្នុងស្រុក ក្រុមហ៊ុនប្រភេទ Start-up សង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល ឬ ស្ថាប័នរដ្ឋពាក់ព័ន្ធផ្សេងៗ មុនថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧។

គម្រោងដែលមានលក្ខណៈច្នៃប្រឌិត និងនវានុវត្តន៍ អាចចុះឈ្មោះចូលរួមប្រកួតប្រជែង

ការចាប់ផ្តើមចុះឈ្មោះក្នុងកម្មវិធីប្រកួតប្រជែង ពានរង្វាន់ ICT កម្ពុជា ត្រូវបានបើកចាប់ពីថ្ងៃទីតទៅ។ ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន ក្រុមហ៊ុនប្រភេទ start-ups ឬអង្គការមិនមែនរដ្ឋាភិបាល អាចផ្ញើមកនូវព័ត៌មាន ពីសេវាកម្ម ផលិតផល ឬដំណោះស្រាយក្នុងផ្នែក ICT របស់ខ្លួន ដើម្បីចូលរួមកម្មវិធីប្រកួតប្រជែង។

ចាប់ពីឆ្នាំ ២០១៥ វិទ្យាស្ថានជាតិ NIPTICT បានរៀបចំកម្មវិធីប្រកួតប្រជែង ពានរង្វាន់ ICT កម្ពុជា នេះឡើងក្នុងគោលបំណងជំរុញលើកទឹកចិត្ត និងលើកកម្ពស់ផលិតផល ឬគម្រោង ដ៏ឆ្នើមនៅកម្ពុជា។ ម្ចាស់ជ័យលាភីចំនួន៣រូប នឹងទទួលពានរង្វាន់ជាទឹកប្រាក់រហូត ដល់ទៅ មួយម៉ឺនដុល្លាអាមេរិក(ជ័យលាភីលេខ១) បីពាន់ដុល្លាអាមេរិក(ជ័យលាភីលេខ២) និងមួយពាន់ដុល្លាអាមេរិក(ជ័យលាភីលេខ៣) ព្រមទាំងជួយឱ្យអាជីវកម្មរបស់ពួកគេឈានឡើងបានមួយកម្រិតទៀត។ ក្នុងឆ្នាំ២០១៦ ក្រុមហ៊ុនដែលទទួលបានជ័យលាភីទាំង៣ គឺ ក្រុមហ៊ុន Bookmebus, SmartPay និង Tosfun

អនុញ្ញាតឱ្យគ្រប់ស្ថាប័នទាំងអស់បង្ហាញពីភាពច្នៃប្រឌិត 

ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT បានមានប្រសាសន៍ថា “នវានុវត្តន៍ អាចចាប់ផ្តើមចេញពីគ្រប់មជ្ឈដ្ឋានទាំងអស់។ ហេតុដូច្នេះហើយ ទើប កម្មវិធីប្រកួតប្រជែងនេះ ផ្តួចផ្តើមឱ្យមានពានរង្វាន់សម្រាប់ពហុវិស័យ ដែលអនុញ្ញាតឱ្យ ក្រុមហ៊ុន Start-ups ក្រុមហ៊ុនឯកជន ស្ថាប័នរដ្ឋ និងអង្គការមិនមែនរដ្ឋាភិបាល ចូលរួមបង្ហាញពីភាពច្នៃប្រឌិតរបស់ពួកគេ។”

បេក្ខជនអាចដាក់ពាក្យប្រកួតប្រជែងក្នុងវិស័យផ្សេងៗចំនួន៦ រួមមាន៖

- ការបង្កើតអាជីវកម្ម

- មាតិកាឌីជីថល

- វិស័យឯកជន

- ការទទួលខុសត្រូវក្នុងសង្គម

- វិស័យសាធារណៈ

- ការស្រាវជ្រាវ និងអភិវឌ្ឍ

បន្ទាប់ពីចប់ជុំទី១ បេក្ខជនចុងក្រោយទាំង១២ នឹងត្រូវបានជ្រើសរើសឱ្យធ្វើបទបង្ហាញអំពីគម្រោងរបស់ពួកគេទៅកាន់ ចៅក្រមដែលមានសមាសភាពមកពី ក្រុមហ៊ុនឯកជន ស្ថាប័នរដ្ឋ សង្គមស៊ីវិល និងតំណាងឧស្សាហកម្មក្នុងវិស័យ ICT ។ គម្រោងប្រកួតប្រជែង នឹងត្រូវបានវាយតម្លៃដោយផ្អែកលើភាពច្នៃប្រឌិត អត្តប្រយោជន៍ដល់សង្គម គុណភាពនិងភាពទុកចិត្តបាននៃផលិតផល និងកម្រិតប្រើប្រាស់បច្ចកវិទ្យានៅក្នុងគម្រោង។ ជ័យលាភី៦រូបនឹងត្រូវបានជ្រើសរើស ដែលក្នុងនោះជ័យលាភីមួយរូបសម្រាប់មួយវិស័យ។ ក្នុងចំណោមជ័យលាភីទាំង៦រូប នឹងមានតែជ័យលាភី៣រូបប៉ុណ្ណោះដែលនឹងត្រូវជ្រើសរើសសម្រាប់ពានរង្វាន់ចុងក្រោយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ។

ការទទួលស្គាល់ទាំងក្នុងថ្នាក់តំបន់ និងថ្នាក់អន្តរជាតិសម្រាប់បេក្ខជនជ័យលាភី ពានរង្វាន់នេះ ត្រូវបានរៀបចំឡើងដោយមានការសហការពីដៃគូ ជាច្រើនក្នុងវិស័យ ICT ។ តួយ៉ាង ក្រុមហ៊ុន Smart Axiata ដែលជាដៃគូឧបត្ថម្ភធំក្នុងកម្មវិធីនេះ បានបញ្ជាក់ថា ពានរង្វាន់នេះគឺជាឱកាសក្នុងការបង្ហាញពីសមត្ថភាពនវានុវត្តន៍នៅកម្ពុជា។ លោក Thomas Hundt អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍បន្ថែមថា “ក្រុមហ៊ុន Smart Axiata តែងតែនាំមកនូវសេវាកម្មបច្ចកវិទ្យាថ្មី និងប្រកបដោយអត្ថប្រយោជន៍ ដល់អ្នកប្រើប្រាស់។ ហើយ ពានរង្វាន់ ICT កម្ពុជា រួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យកម្ពុជាកាន់តែមានភាពទាក់ទាញ និងភាពប្រកួតប្រជែង ក្នុងវិស័យបច្ចេកវិទ្យា។”

កាលពីឆ្នាំ២០១៦ បេក្ខជនចំនួន១១ក្រុម ទទួលបានឱកាសចូលរួមក្នុងកម្មវិធីពានរង្វាន់ ICT អាស៊ាន ដែលត្រូវបានរៀបចំឡើងនៅប្រទេសមីយ៉ាន់ម៉ា ដែលក្នុងនោះក្រុមរបស់កម្ពុជាចំនួន២ បានទទួលបានពាន់រង្វាន់ ICT អាស៊ាន នៅប្រទេសប៊្រុយនេ គឺក្រុមហ៊ុន TosFund (មេដាយប្រាក់) និងក្រុមហ៊ុន CamboTicket (មេដាយសំរឹទ្ធ)។

បេក្ខជនចូលរួមប្រកួតប្រជែងក្នុងឆ្នាំ២០១៧ ក៏មានឱកាសចូលរួមក្នុងថ្នាក់តំបន់ផងដែរ ហើយអ្វីដែលពិសេសនោះ គឺកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ពាន់រង្វាន់ ICT អាស៊ានឆ្នាំ២០១៧។

សម្រាប់ដំណើរការនៃការដាក់ពាក្យ សូមចូលទៅកាន់ http://www.cambodiaictaward.com/

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖

Rapid SUN, Vice President (NIPTICT) [email protected] - +855 (0)16 868984

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]