អឺរ៉ុប៖ ព្រឹត្តការណ៍បាល់ទាត់កំពូលប្រចាំទ្វីបអឺរ៉ុប ឬ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយជើងទីមួយ បានបន្តការប្រកួតទៀតកាលពីយប់មិញ ដោយ Real Madrid ឈ្នះ Napoli ក្នុងលទ្ធផល ៣-១ ខណៈដែល Arsenal ទក់សាច់ក្នុងទឹកដីអាល្លឺម៉ង់ ក្រោមថ្វីជើងក្រុម Bayern Munich ក្នុងលទ្ធផល ៥-១ ។

ក្រុមការពារតំណែងជើងឯកឆ្នាំមុន Real Madrid ធ្វើបានយ៉ាងល្អនៅក្នុងទឹកដីរបស់ខ្លួន Santiago Bernebeu ដោយបានបំបាក់ក្រុម Napoli ក្នុងលទ្ធផល ៣-១ ក្រោមក្រសែភ្នែកអ្នកទស្សនាជិត៨មឺុននាក់។ 

ទាក់ទងនឹងការប្រកួតឃើញថា ថ្វីត្បិត Napoli មានឱកាសតាមស្មើ ១-១ នៅក្នុងតង់ទី១ក៏ពិតមែន ប៉ុន្តែចូលតង់ទី២ Real Madrid តាមសម្រុករហូតទាល់តែស៊ុតថែមបាន២គ្រាប់ទៀត ទទួលបានជ័យជំនះ ដោយសរុបគ្រាប់បាល់ទាំង៣គ្រាប់ របស់ Real ធ្វើឡើងដោយកីឡាករ Benzema, Toni Kroos និងកីឡាករ Casemiro ចំនែកឯ ១គ្រាប់របស់ Napoli វិញធ្វើឡើងដោយកីឡាករ Lorenzo Insigne ។

ដោយឡែកចំពោះកីឡាករកំពូល Cristiano Ronaldo វិញ បានអាក់ខានស៊ុតបញ្ចូលសាជាថ្មីម្តងទៀតហើយ នៅក្នុងការប្រកួតបាល់ទាត់ Champions League ក្នុងរដូវកាលនេះ ធ្វើឲ្យស្ថិតក្នុងការរកគ្រាប់បាល់ស៊ុតបញ្ចូលទីមានការធ្លាក់ចុះ។ ប៉ុន្តែយ៉ាងណាក៏ដោយយប់មិញ Ronaldo បានបង្កើតកំណត់ត្រាមួយផ្ទាល់ខ្លួន ជាកីឡាករដែលបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបានចំនួន៥ដង នៅក្នុង Champions League រដូកាលនេះ ដែលខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ ធ្វើបានច្រើនជាងរដូវកាលមុនៗ។ 

ងាកមកមើលការប្រកួតមួយគូទៀត Arsenal បានប្រឈមនឹងការធ្លាក់ចេញពីពានរង្វាន់ទ្វីបអឺរ៉ុបវគ្គ១៦ក្រុមចុងក្រោយនេះម្តងទៀតហើយ បន្ទាប់ពីចាញ់ក្រុមជើងឯករបស់ប្រទេសអាល្លឺម៉ង់ Bayern Munich យ៉ាងចាស់ដៃក្នុងលទ្ធផល ៥-១ ។

៥គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Bayern Munich ស៊ុតដោយកីឡាករ Robben, Lewandowski , Muller ម្នាក់មួយគ្រាប់ និង Thiago Alcantara ២គ្រាប់ម្នាក់ឯង ខណៈក្រុមកាំភ្លើងធំ Arsenal ស៊ុតដោយខ្សែប្រយុទ្ធ Alexis Sanchez៕

ដូច្នេះចាំមើលថា Arsenal មានឱកាសវាយបកវិញនៅជើងទី២ឬយ៉ាងណា? 

ទស្សនាវីដេអូ Highlights៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]