រាជធានី​ភ្នំពេញ ៖ បុរស​៥​នាក់​ ខណៈ​ចូល​ច្រៀង​ខារ៉ាអូខេ សំ​រិ​ទ្ធិ មាស នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង​វ​លេខ​២០០៤ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ចង់​ស្ទាបភ្លៅ​​​នារី​ចាប់​ទឹកកក​ តែ​នាង​មិន​ព្រម​ឲ្យ​ស្ទាប​ ស្រាប់តែ​មួម៉ៅ​បោក​កែវ​បោក​ក្បាល​មេក្រូ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​៨ និង​៣៥​នាទី​យប់ ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៧ ។

ប្រភព​ព័ត៌មាន​ពី​មេការ​ អ្នក​កាន់​បន្ទប់​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោងជាង​ ៦​ព្រលប់​ថ្ងៃ​កើតហេតុ​មាន​ភ្ញៀវ​បុរស​៥​នាក់ ជិះ​ម៉ូតូ​៤​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​១​គ្រឿង ម៉ាក​វ៉េវ​២​គ្រឿង និង​ស្មាស់ REVO ១​គ្រឿង បាន​ចូល​ច្រៀង​ខារ៉ាអូខេ​ក្នុង​បន្ទប់​លេខ​២ ផឹកស្រា​បៀរ​អស់​១​កេស​ដោយ​មិន​បាន​ យក​នារី​អូ​តេស​អង្គុយ​កំដរ​ទេ មាន​តែ​នារី​ម្នាក់​ជា​អ្នក​ចាក់​បទ​ចំរៀង និង​នារី​ចាប់​ទឹកកក​២​នាក់​ទៀត ។ លុះ​បុរស​ទាំង​៥​នាក់​ផឹកស្រា​បៀរ​អស់​១​កេស​ហើយ​បាន​ហៅ​១​កេស​ទៀត ។

ពេល​នោះ​បុរស​ទាំង​៥​នាក់​ ហាក់​រៀង​ស្រវឹង​បន្តិច ហើយ​ចង់​ស្ទាប​ភ្លៅ​នារី​ចាប់​ទឹកកក តែ​នាង​មិន​ព្រម​ឲ្យ​ស្ទាប ស្រាប់តែ​ខឹង​ម៉ួ​ម៉ៅ​ស្រែ​កថា អស្ចារ្យ​អី គ្រាន់តែ​ស្រី​ខារ៉ាអូខេ​សោះ រួច​ហើយ​បាន​បោះ​ ក្បាល​មីក្រូហ្វូន​ចោល​របៀប​ឌឺដង ប៉ុន្តែ​ភ្លាម​ៗ​នោះ​ក្បាល​មីក្រូហ្វូន​នៅ​ច្រៀង​កើត​នៅឡើយ​ទេ និង​បាន​បោក​កែវ​អស់​២​ទៀត ពេល​នោះ​នារី​ចាប់​ទឹកកក​នៅ​ក្នុង​បន្ទប់​ បានរ​ត់ទៅ​ប្រាប់​ថៅកែ​ ឲ្យ​គិតលុយ​ថ្លៃ​បែក​កែវ​អស់​២ កែវ​១​ថ្លៃ​១០​ដុល្លារ និង​គិតថ្លៃ​មីក្រូហ្វូន​៣០​ដុល្លារ ។

បន្ទាប់​ពី​ផឹកស៊ី​រួចរាល់​ហើយ​ បុរស​ទាំង​៥​នាក់​ បាន​ហៅ​គិតលុយ​អស់ប្រាក់​សរុប​ទាំងអស់​១៦០​ដុល្លារ ក្នុង​នោះ​ថ្លៃ​ស្រា​បៀរ​២​កេស​៦០​ដុល្លារ និង​ថ្លៃ​ខូចខាត​របស់របរ​ក្នុង​បន្ទប់​ខារ៉ាអូខេ ធ្វើ​ឲ្យ​បុរស​ទាំង​៥​នាក់​ខឹង​ម៉ួ​ម៉ៅ និង​រក​វាយ​បុគ្គលិក​ក្នុង​ហាង ព្រមទាំង​វាយ​កម្ទេច​កញ្ច្រែង​ដាក់​ស្ករ​គ្រាប់​ ឲ្យ​ម្រិញគង់វាល​ចោល​ទៀត និង​មិន​ព្រម​សង​ថ្លៃ​ខូចខាត​ទេ មិនតែប៉ុណ្ណោះ​ប្រាប់​ឲ្យ​ ខាង​ខារ៉ាអូខេ​ប្តឹង​ ដល់​ណា​ក៏​ប្តឹង​ទៅ ទើប​ថៅកែ​ខារ៉ាអូខេ​ប្តឹង​សមត្ថកិច្ច​ ចុះ​មក​ដល់​សម្របសម្រួល​ ប្រាប់​ទៅ​បុរស​ទាំង​៥​នាក់​ដែល​ធ្វើ​ឲ្យ​ខូចខាត​របស់​គេ ត្រូវ​សង​សំណង​ចំនួន​១១០​ដុល្លារ​ ដើម្បី​បញ្ចប់រឿង ៕

ប្រភព៖ កោះសន្តិភាព

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

នាយិកា​ក្រុមហ៊ុន​ស្រី​រ័​ត្ន​ទេសចរណ៍​អន្តរជាតិ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​បញ្ជូន​ទៅ​តុលាការ

រាជធានី​ភ្នំពេញ ៖ នាយិកា​ក្រុមហ៊ុន ស្រី​រ័​ត្ន ទេសចរណ៍​អន្តរជាតិ កាលពី​រសៀល​ថ្ងៃ​ទី​១៥ កុម្ភៈ​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង ដើម្បី​ជូន​តំណាង​អយ្យការ​ ធ្វើការ​សាកសួរ​ពី​បទ​ឆបោក​។

នាយិកា​រូប​នោះ​ឈ្មោះ រស់ សុធី​រ័​ត្ន អាយុ​៣៥​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១៧E0 ផ្លូវ​លេខ​១២៨ សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ​។ គួរ​បញ្ជាក់​ថា កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​ អាវុធហត្ថ​ខណ្ឌ​៧​មក​រា កាលពី​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៣ កុម្ភៈ ២០១៧ បាន​ធ្វើការ​ឃាត់ខ្លួន​នាយិកា​ក្រុមហ៊ុន ស្រី​រ័​ត្ន ទេសចរណ៍​អន្តរជាតិ នៅ​ចំណុច​ផ្ទះ​លេខ​១៧E0 ផ្លូវ​លេខ​១២៨ សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា​។

ការ​ឃាត់ខ្លួន​នាយិកា​ក្រុមហ៊ុន​នោះ ត្រូវ​បាន​សមត្ថកិច្ច​អះអាង​ថា គឺជា​ការ​ធ្វើ​ឡើង​តាម​ពាក្យបណ្តឹង​របស់​អតិថិជន​ ប្រមាណ​៤០​នាក់ បាន​ទៅ​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន ដោយ​ចោទប្រកាន់​ថា ក្រុមហ៊ុន​បោកប្រាស់​លក់​សំបុត្រ​យន្តហោះ​អត់​មាន​កៅអីអង្គុយ និង​មិន​មាន​ជើង​យន្តហោះ ហោះហើរ​។ នាយិកា​រូប​នោះ​ឈ្មោះ រស់ សុធី​រ័​ត្ន អាយុ​៣៥​ឆ្នាំ ស្នាក់​នៅ​អាសយដ្ឋាន​ឃាត់ខ្លួន​ខាងលើ​។

ដើមចម​នៃ​ការ​ឃាត់ខ្លួន​ នាយិកា​ក្រុមហ៊ុន​នោះ ត្រូវ​បាន​មន្ត្រី​កងរាជអាវុធហត្ថ​ឲ្យ​ដឹង​ថា កន្លង​ទៅ​មាន​អតិថិជន​ច្រើន​នាក់​ បាន​យក​ប្រាក់​ទៅ​កក់​ នៅ​ក្រុមហ៊ុន​ស្រី​រ័​ត្ន ទេសចរណ៍​អន្តរជាតិ ដើម្បី​ទិញ​សំបុត្រ​យន្តហោះ​ទៅ​ដើរ​លេង ក្រៅប្រទេស​។

ខាង​ក្រុមហ៊ុន​បាន​សន្យា​ ជាមួយ​អតិថិជន​ ថា​នឹង​ប្រគល់​សំបុត្រ​យន្តហោះ​ឲ្យ​ទៅ​អតិថិជន​តាម​ថ្ងៃ​កំណត់ លុះដល់​ថ្ងៃ​កំណត់​ ត្រូវធ្វើ​ដំណើរ​ទៅ​ដើរ​ ស្រាប់តែ​ក្រុមហ៊ុន​មិន​បាន​ប្រគល់​សំបុត្រ​ យន្តហោះ​ឲ្យ​អតិថិជន​នោះ​ទេ​។

មន្ត្រី​កងរាជអាវុធហត្ថ​បន្ត​ថា មាន​អតិថិជន​ខ្លះ​ត្រូវ​ក្រុមហ៊ុន​ ប្រគល់​សំបុត្រ​យន្តហោះ​ឲ្យ​ដល់​ដៃ​ហើយ ប៉ុន្តែ​នៅ​ពេល​ដល់​ម៉ោង​ ត្រូវ​ឡើង​យន្តហោះ ស្រាប់តែ​មន្ត្រី​អាកាសយាន​បញ្ជាក់​ថា សំបុត្រ​នោះ​មិន​មាន​កន្លែង​អង្គុយ​ទេ ពោល​គឺ​មាន​គេ​ទិញ​បាត់​ហើយ ដូច្នេះ​អតិថិជន​នោះ​បង្ខំចិត្ត​ ត្រូវ​ទិញ​សំបុត្រ​ថ្មី​ នៅ​ព្រ​លាន​យន្តហោះ​ក្នុង​តម្លៃ​ខ្ពស់ ធ្វើ​យ៉ាងណា​ឲ្យ​ខាង​តែ​បាន ព្រោះ​ដល់​ពេលវេលា​ត្រូវ​ចេញដំណើរ​។

ដោយសារ​តែ​មានរឿង​ កើតឡើង​ញឹកញាប់​យ៉ាង​ដូច្នេះ អតិថិជន​បាន​ទៅ​ទាមទារ​យក​ប្រាក់​កក់​ពី​ក្រុមហ៊ុន​នោះ​វិញ​។ តែ​ម្តង​ហើយ​ម្តងទៀត នាយិកា​មាន​សម្ដី​ត្រជាក់ បាន​គេចវេស​មិន​ព្រម​សង​ប្រាក់​កក់​ ឲ្យ​ទៅ​អតិថិជន​វិញ​ទេ បានជា​នៅ​ថ្ងៃ​ទី​១៣ កុម្ភៈ ២០១៧ អតិថិជន​ប្រមាណ​៤០​នាក់​ នាំ​គ្នា​ប្រមូលផ្តុំ​នៅ​មុខ​ ទីស្នាក់ការ​ក្រុមហ៊ុន ដើម្បី​តវ៉ា​យក​ប្រាក់ ដោយ​ភ្ជា​ក់​នូវ​ពាក្យបណ្តឹង​រៀង​ៗ​ខ្លួន ទៅ​ជាមួយ​ផង​ដែរ។

ជា​ហេតុ​ធ្វើ​ឲ្យ​សមត្ថកិច្ច​សម្រេច​ ឃាត់ខ្លួន​នាយិកា​ឈ្មោះ រស់ សុធី​រ័​ត្ន ទៅ​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ និង​ដោះស្រាយ​លើ​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ ដែល​ជា​អតិថិជន​ត្រូវ​ក្រុមហ៊ុន​ (​ស្រី​រ័​ត្ន​ទេសចរណ៍​អន្តរជាតិ​)​ពាក់ព័ន្ធ​ថា បាន​រំលោភ​លើ​សេចក្ដី​ទុកចិត្ត​៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]