រាជធានី​ភ្នំពេញ ៖ នាយិកា​ក្រុមហ៊ុន ស្រី​រ័​ត្ន ទេសចរណ៍​អន្តរជាតិ កាលពី​រសៀល​ថ្ងៃ​ទី​១៥ កុម្ភៈ​នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង ដើម្បី​ជូន​តំណាង​អយ្យការ​ ធ្វើការ​សាកសួរ​ពី​បទ​ឆបោក​។

នាយិកា​រូប​នោះ​ឈ្មោះ រស់ សុធី​រ័​ត្ន អាយុ​៣៥​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១៧E0 ផ្លូវ​លេខ​១២៨ សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ​។ គួរ​បញ្ជាក់​ថា កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​ អាវុធហត្ថ​ខណ្ឌ​៧​មក​រា កាលពី​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៣ កុម្ភៈ ២០១៧ បាន​ធ្វើការ​ឃាត់ខ្លួន​នាយិកា​ក្រុមហ៊ុន ស្រី​រ័​ត្ន ទេសចរណ៍​អន្តរជាតិ នៅ​ចំណុច​ផ្ទះ​លេខ​១៧E0 ផ្លូវ​លេខ​១២៨ សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា​។

ការ​ឃាត់ខ្លួន​នាយិកា​ក្រុមហ៊ុន​នោះ ត្រូវ​បាន​សមត្ថកិច្ច​អះអាង​ថា គឺជា​ការ​ធ្វើ​ឡើង​តាម​ពាក្យបណ្តឹង​របស់​អតិថិជន​ ប្រមាណ​៤០​នាក់ បាន​ទៅ​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន ដោយ​ចោទប្រកាន់​ថា ក្រុមហ៊ុន​បោកប្រាស់​លក់​សំបុត្រ​យន្តហោះ​អត់​មាន​កៅអីអង្គុយ និង​មិន​មាន​ជើង​យន្តហោះ ហោះហើរ​។ នាយិកា​រូប​នោះ​ឈ្មោះ រស់ សុធី​រ័​ត្ន អាយុ​៣៥​ឆ្នាំ ស្នាក់​នៅ​អាសយដ្ឋាន​ឃាត់ខ្លួន​ខាងលើ​។

ដើមចម​នៃ​ការ​ឃាត់ខ្លួន​ នាយិកា​ក្រុមហ៊ុន​នោះ ត្រូវ​បាន​មន្ត្រី​កងរាជអាវុធហត្ថ​ឲ្យ​ដឹង​ថា កន្លង​ទៅ​មាន​អតិថិជន​ច្រើន​នាក់​ បាន​យក​ប្រាក់​ទៅ​កក់​ នៅ​ក្រុមហ៊ុន​ស្រី​រ័​ត្ន ទេសចរណ៍​អន្តរជាតិ ដើម្បី​ទិញ​សំបុត្រ​យន្តហោះ​ទៅ​ដើរ​លេង ក្រៅប្រទេស​។

ខាង​ក្រុមហ៊ុន​បាន​សន្យា​ ជាមួយ​អតិថិជន​ ថា​នឹង​ប្រគល់​សំបុត្រ​យន្តហោះ​ឲ្យ​ទៅ​អតិថិជន​តាម​ថ្ងៃ​កំណត់ លុះដល់​ថ្ងៃ​កំណត់​ ត្រូវធ្វើ​ដំណើរ​ទៅ​ដើរ​ ស្រាប់តែ​ក្រុមហ៊ុន​មិន​បាន​ប្រគល់​សំបុត្រ​ យន្តហោះ​ឲ្យ​អតិថិជន​នោះ​ទេ​។

មន្ត្រី​កងរាជអាវុធហត្ថ​បន្ត​ថា មាន​អតិថិជន​ខ្លះ​ត្រូវ​ក្រុមហ៊ុន​ ប្រគល់​សំបុត្រ​យន្តហោះ​ឲ្យ​ដល់​ដៃ​ហើយ ប៉ុន្តែ​នៅ​ពេល​ដល់​ម៉ោង​ ត្រូវ​ឡើង​យន្តហោះ ស្រាប់តែ​មន្ត្រី​អាកាសយាន​បញ្ជាក់​ថា សំបុត្រ​នោះ​មិន​មាន​កន្លែង​អង្គុយ​ទេ ពោល​គឺ​មាន​គេ​ទិញ​បាត់​ហើយ ដូច្នេះ​អតិថិជន​នោះ​បង្ខំចិត្ត​ ត្រូវ​ទិញ​សំបុត្រ​ថ្មី​ នៅ​ព្រ​លាន​យន្តហោះ​ក្នុង​តម្លៃ​ខ្ពស់ ធ្វើ​យ៉ាងណា​ឲ្យ​ខាង​តែ​បាន ព្រោះ​ដល់​ពេលវេលា​ត្រូវ​ចេញដំណើរ​។

ដោយសារ​តែ​មានរឿង​ កើតឡើង​ញឹកញាប់​យ៉ាង​ដូច្នេះ អតិថិជន​បាន​ទៅ​ទាមទារ​យក​ប្រាក់​កក់​ពី​ក្រុមហ៊ុន​នោះ​វិញ​។ តែ​ម្តង​ហើយ​ម្តងទៀត នាយិកា​មាន​សម្ដី​ត្រជាក់ បាន​គេចវេស​មិន​ព្រម​សង​ប្រាក់​កក់​ ឲ្យ​ទៅ​អតិថិជន​វិញ​ទេ បានជា​នៅ​ថ្ងៃ​ទី​១៣ កុម្ភៈ ២០១៧ អតិថិជន​ប្រមាណ​៤០​នាក់​ នាំ​គ្នា​ប្រមូលផ្តុំ​នៅ​មុខ​ ទីស្នាក់ការ​ក្រុមហ៊ុន ដើម្បី​តវ៉ា​យក​ប្រាក់ ដោយ​ភ្ជា​ក់​នូវ​ពាក្យបណ្តឹង​រៀង​ៗ​ខ្លួន ទៅ​ជាមួយ​ផង​ដែរ។

ជា​ហេតុ​ធ្វើ​ឲ្យ​សមត្ថកិច្ច​សម្រេច​ ឃាត់ខ្លួន​នាយិកា​ឈ្មោះ រស់ សុធី​រ័​ត្ន ទៅ​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ និង​ដោះស្រាយ​លើ​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ ដែល​ជា​អតិថិជន​ត្រូវ​ក្រុមហ៊ុន​ (​ស្រី​រ័​ត្ន​ទេសចរណ៍​អន្តរជាតិ​)​ពាក់ព័ន្ធ​ថា បាន​រំលោភ​លើ​សេចក្ដី​ទុកចិត្ត​៕  

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]