(ត្បូងឃ្មុំ)៖ ខណៈដំឡូងមីបានធ្លាក់ថ្លៃរហូត ដល់មួយគីឡូស្រស់ជាង១០០រៀល និងស្ងួតបានត្រឹមជាង៤០០រៀល ប្រជាពលរដ្ឋ ដែលបានដាំដំឡូងមី នៅក្នុងខេត្តត្បូងឃ្មុំ ម្នាក់ៗស្ទើរតែចងកទៅហើយ រហូតបង្ខំចិត្តកាប់ដំឡូងមីហាលចោល​ក្រែងមានហាងឆេង គ្រាន់បើ។

ក្រុមប្រជាកសិករ ដែលរកស៊ីដាំដំឡូងមី បានលើកឡើងថា «ដូចដាំឲ្យឈ្មួញវៀតណាមទទេៗ ព្រោះទូទាត់ទៅមិនបានទាំងរួច ដើមផង កុំថាឡើយដល់ចំណេញ»។

បើតាមការរៀបរាប់របស់ ប្រជាពលរដ្ឋរស់នៅភូមិពើក ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ឆ្នាំនេះម្នាក់ៗ ស្ទើតែចង-កហើយ ដោយសារដំឡូង មិនមានទីផ្សារ ហើយបានធ្លាក់ថ្លៃយ៉ាងខ្លាំង ដោយមួយគីឡូដឹកទៅដល់ប្រទេសវៀតណាម បានតែ១៨០រៀល ទៅ២២០រៀល ប៉ុណ្ណោះ។

ជាមួយគ្នានោះ ប្រជាពលរដ្ឋដែលមិនដឹកទៅលក់នៅវៀតណាម បានរៀបរាប់ឲ្យដឹងដែរថា មូលហេតុដែលពួកគាត់មិនយកទៅលក់ នៅវៀតណាម ដោយសារថ្លៃទាបពេក ដូចនេះមានតែដក ហើយកាប់ហាលក្រែងមានហាងឆេងល្អ លក់បានលុយដោះបំណុលខ្លះ​ ព្រោះបើស្ងួតយើងអាចទុកបានយូរ។

ពួកគាត់បន្តថា បើនៅតែបែបនេះ មានតែទុកដីទំនេរចោលចេញរកការងារផ្សេង ឬទៅធ្វើជាពលករ នៅប្រទេសជិតខាងវិញល្អជាង ដើម្បីដោះស្រាយជីវភាពសម្រាប់រស់ បើនៅតែបន្តខាតយ៉ាងនេះ៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ មន្រ្តីនគរបាលម្នាក់ យកផ្ទះរបស់ខ្លួនបើកវង់ល្បែងបៀរ អុងឌូ ស៊ីគូរថៃនិងកន្ទុយលេខ នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ

(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ បានទូរស័ព្ទសុំឲ្យអង្គភាព Fresh News ចុះផ្សាយដើម្បី បានដឹងដល់នគរបាល ខណ្ឌឫស្សីកែវ ជួយចាត់វិធានការចុះទៅបង្ក្រាប វង់ល្បែងបៀរ មានទាំង អុងឌូ ស៊ីគូរថៃ និងកត់កន្ទុយលេខមួយកន្លែងផង ដែលគេប្រមូលផ្ដុំ បើកលេងនៅខាងត្បូងផ្សារសាមគ្គីប្រហែល៣០ម៉ែត្រ។

ប្រជាពលរដ្ឋខាងលើ បានអះអាងថា វង់ល្បែងបៀរ អុងឌូ ស៊ីគូរថៃ និងកត់កន្ទុយលេខនេះមានទីតាំង​នៅត្រង់ចំណុចផ្ទះលេខ៥៧១ ខាងត្បូងផ្សារសាមគ្គីប្រហែល៣០ម៉ែត្រ ជាប់ផ្ទះជួសជុលទូរទស្សន៍ ម៉ាញ៉េ ស្ថិតលើផ្លូវបេតុង ក្នុងភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថា មានចែឃីម និងប្ដីឈ្មោះ មាស កុត្តរៈ ជាមន្ត្រីនគរបាលចរាចរណ៍ បានកៀងគរហៅភ្ញៀវឲ្យចូលទៅលេង នៅក្នុងផ្ទះរបស់ខ្លួនរាល់ថ្ងៃ ដោយប្រាប់គេថា កុំឲ្យភ័យខ្លាច ប្រសិនបើប៉ូលីសចាប់ គេនឹងចេញមុខមកធានាខ្លួន។

ប្រជាពលរដ្ឋបានបន្ថែមថា វង់ល្បែងនេះភាគច្រើនគេបើកលេង ចាប់ពីម៉ោង១១ថ្ងៃត្រង់ រហូតដល់យប់ជារៀងរាល់ថ្ងៃ រយះពេលជិត២ឆ្នាំមកហើយ ដែលមានអ្នកលេងមកពីគ្រប់មជ្ឈដ្ឋាន ជាពិសេសមន្ត្រីកងកម្លាំងប្រដាប់អាវុធ និងអ្នករកស៊ីជាដើម ដោយសង្ស័យនគរបាលមូលដ្ឋាន ប៉ុស្ដិ៍ឫស្សីកែវ ខណ្ឌឫស្សីកែវ និងអាជ្ញាធរបានជ្រាប ឫមិនបានជ្រាបពីបញ្ហានេះទេមើលទៅ។

បើតាមប្រជាពលរដ្ឋ ដោយសារតែវង់ល្បែងនេះហើយ បានធ្វើឲ្យក្រុមគ្រួសារសាច់ញាតិពួកគាត់ គ្មាននៅផ្ទះជួយរកស៊ី ឬនៅជួបជុំប្រពន្ធកូនឡើយ គឺមួយថ្ងៃៗ នៅតែវង់ ល្បែងបៀរ និងកន្ទុយលេខ ដោយភ្នាល់លេងចាក់ចាញ់ថែម ទាំងបញ្ចាំម៉ូតូ និងប្លង់ដីអស់លុយគ្មានសល់ឡើយ។

ប្រជាពលរដ្ឋ បានលើកឡើងថា បើមិនបង្ក្រាបវង់ល្បែងនេះទេ គឺគ្មានឡើយ ភូមិ-ឃុំ មានសុវត្ថិភាព គឺមានតែចោរកម្ម លួច ឆក់ ប្លន់ជាក់ជាមិនខានឡើយ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]