ជឿទេថា អ្នកណាៗ ក៏ធ្លាប់ជួបប្រទះបញ្ហា ងងុយដេក ទប់ភ្នែកមិនចង់ជាប់ នៅពេលទើបតែទទួលទានអាហារ រួចដែរ។ អាការៈនេះ មិនមែនដោយសារតែអ្នកចូលចិត្តគេង ឬអស់កម្លាំងពីកិច្ចការងារប៉ុណ្ណោះទេ ជាក់ស្តែង វាក៏បណ្តាលមកពី ប្រភេទអាហារដែលអ្នកទទួលទានជាក់លាក់មួយចំនួនផងដែរ។

ហេតុនេះ យើងនឹងនាំប្រិយមិត្តមកតាមដានអាហារ ដែលគួរចៀសវាង ដើម្បីកុំឲ្យងងុយគេង រហូតធ្វើឲ្យប៉ះពាល់កិច្ចការងាររបស់អ្នក ដូចខាងក្រោមនេះ ៖

១. ផលិតផលទឹកដោះគោ និងនំស្រួយ

រាល់ផលិតផលទឹកដោះគោ គឺសុទ្ធតែសំបូរទៅដោយ សារធាតុកាល់ស្យូម ដែលជួយដល់ចលនាសាច់ដុំមនុស្ស។ ប៉ុន្តែសារធាតុកាល់ស្យូមនេះហើយ ធ្វើឲ្យអាស៊ីត tryptophan របស់ខួរក្បាល ផលិតសារធាតុមេឡាតូនីន បណ្តាលឲ្យអ្នកងងុយគេង។ ជាពិសេស ប្រសិនបើ ទទួលទានជាមួយនំស្រួយ (Crackers) វានឹងផលិតសារធាតុកាបូអ៊ីដ្រាតបន្ថែម រហូតងងុយគេងទ្រាំលែងបានជាក់ជាមិនខាន។ 

២. ផ្លែចេក

ផ្លែចេក ជាផ្លែឈើមួយប្រភេទ ដែលសំបូរទៅដោយ ជាតិស្ករ សារធាតុប៉ូតាស្យូម សារធាតុម៉ាញ៉េស្យូម លើសលុប។ ប៉ុន្តែ ទន្ទឹមនឹងនោះដែរ សមាសធាតុដ៏វិសេសវិសាលទាំងនេះ អាចជំរុញអាស៊ីតអាមីណូប្រភេទ tryptophan ចូលក្នុងខួរក្បាល បានយ៉ាងងាយស្រួល ហើយអ្នកក៏ជួបប្រទះ បញ្ហាងងុយគេងខ្លាំងដែរ។ 

៣. ទឹកឈឺរី (Cherries)

ផ្លែឈឺរី ជាផ្លែឈើមួយប្រភេទ ដែលមានផ្ទុកសារធាតុមេឡាតូនីន (Melatonin) ខ្ពស់។ ប៉ុន្តែ ការទទួលទានផ្លែឈឺរី ទាំងនៅស្រស់ៗ មិនបង្កជាបញ្ហាអ្វីគួរឲ្យបារម្មណ៍ឡើយ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកទទួលទានទឹកផ្លែឈឺរី ឬទទួលទានភេសជ្ជៈដែលមានរសជាតិផ្លែឈឺរី ទើបអាចបណ្តាលឲ្យងងុយគេងបាន។ 

៤. បាយ

អង្ករ (បាយ) មានផ្ទុកនូវជាតិស្ករខ្ពស់ ហេតុនេះ ប្រសិនបើអ្នកមិនចង់ជួបបញ្ហាងងុយដេកទាំងថ្ងៃទេនោះ សូមអ្នកកុំទទួលទានវា ក្នុងបរិមាណច្រើនពេក។ ការធ្វើតេស្តស្រាវជ្រាវរបស់ អូស្រ្តាលី និងសហរដ្ឋអាមេរិក បានរកឃើញថា ប្រភេទអង្ករផ្កាម្លិះ អាចបណ្តាលឲ្យអ្នកទទួលទាន ឆាប់ងងុយគេង និងគេងលក់បានរហ័ស ជាជាងអ្នកដែលទទួលទានអង្ករប្រភេទផ្សេងៗថែមទៀតផង។ 

៥. គ្រាប់អាល់ម៉ុង

គ្រាប់អាល់ម៉ុង សំបូរទៅដោយ សារធាតុម៉ាញេស្យូម និងអាស៊ីត tryptophan ដែលជួយជំរុញដល់ការផលិត អរម៉ូនដំណេក របស់មនុស្ស (និងជាសារធាតុរ៉ែ ដែលជួយដោះស្រាយ បញ្ហាឈឺក្បាលផងដែរ)។ ហេតុនេះ អ្នកដែលទទួលទានគ្រាប់អាល់ម៉ុងនេះ ប្រាកដជាមានអារម្មណ៍វិលវិល ងងុយគេងជាមិនខាន។ 

៦. ប្រភេទត្រីមួយចំនួន

ប្រភេទសាច់ត្រីធូណា និងសាច់ត្រីសាល់ម៉ុង សំបូរទៅដោយជាតិស័ង្កសី និងវីតាមីន B6 កម្រិតខ្ពស់ ដែលរាងកាយរបស់មនុស្សគ្រប់ៗរូប ត្រូវការដើម្បីផលិត សារធាតុមេឡានីន និងសារធាតុ Serotonin ជាពិសេស ជួយកាត់បន្ថយកម្រិត អរម៉ូនស្រ្តេស ក្នុងឈាម ថែមទៀតផង។ ប៉ុន្តែ នៅក្រោយពីពេលទទួលទានច្រើនពេកនោះ អ្នកប្រាកដជាដើរសំដៅទៅរកកន្លែងគេងជាក់ជាខាន។ 

៧. ទឹកឃ្មុំ

ទឹកឃ្មុំ គឺមានផ្ទុកសារជាតិស្ករ (Glucose) ដែលវាអាចបញ្ជារខួរក្បាលមនុស្ស ឲ្យបញ្ឈប់ការផលិត Orexin ដែលជាសារធាតុគីមីម្យ៉ាង ដែលជួយអ្នកឲ្យភ្ញាក់ មិនឲ្យងងុយគេងបាន។ ហេតុនេះហើយ សូមកុំទទួលទានវាច្រើនពេកឲ្យសោះ។ ប៉ុន្តែ សម្រាប់អ្នកដែលត្រូវការគេងលក់ស្រួល នៅពេលយប់អាចទទួលទានត្រឹមមួយស្លាបព្រាបាយ គឺគ្រាប់គ្រាន់ហើយ។ 

៨. បង្គារ ឬបង្កង

អ្នកប្រហែលជាមិនដឹងទេថា បង្គារ និងបង្កង ក៏ជាប្រភពនៃអាស៊ីតអាមីណូ tryptophan ផងដែរ។ ថ្វីត្បិត រសជាតិរបស់វាឆ្ងាញ់ ក៏ពិតមែន តែប្រសិនបើអ្នកមិនចង់ ទទួលអារម្មណ៍រំខាន ដោយសារអាការៈងងុយគេងទេនោះ សូមកុំទទូឲួលទានវា ក្នុងបរិមាណច្រើនពេកអី។ 

៩. តែផ្កា Chamomile

ផ្កា Chamomile មានផ្ទុកទៅដោយ សារធាតុ Glycine និងអាស៊ីតអាមីណូខ្លាំង ដែលជួយសម្រាលដល់សាច់ដុំ និងប្រព័ន្ធសរសៃប្រសាទ ឲ្យធូរស្រាលបាន។ ហេតុនេះហើយ ត្រឹមតែតែផ្កា Chamomile មួយពែង អ្នកប្រាកដជាផ្តោតអារម្មណ៍លែងបាន ហើយអង្គុយងោកជាក់ជាមិនខាន។ 

*** សរុបមក អត្ថបទនេះ មិនមែនមានបំណង មិនចង់ឲ្យប្រិយមិត្តទទួលទាន អាហារដូចបានរៀបរាប់ខាងលើនោះទេ។ ជាក់ស្តែង គឺគ្រាន់តែ ដើម្បីការពារអ្នកដែលត្រូវធ្វើការច្រើន និងមិនចង់ឲ្យទទួលរងការរំខានពី អាការៈងងុយគេងប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា អ្នកអាចទទួលទានអាហារហិរ សាច់ សូកូឡាទឹកដោះគោ តែយិនសិន ឬភេសជ្ជៈប៉ូវកម្លាំង ជំនួសអាហារខាងលើ ដើម្បីការពារកុំឲ្យងងុយគេង បានយ៉ាងមានប្រសិទ្ធភាព។

ផ្ទុយទៅវិញ អ្នកអាចទទួលទានអាហារ រៀបរាប់ខាងលើ នៅពេលល្ងាច ដើម្បីងាយសម្រាកលង់លក់ ក៏ជាការល្អប្រសើរផងដែរ៕ 

ប្រភព៖ Reader's digest | GH | Bright Side

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]