ភ្នំពេញ៖ កាលពីម្សិលមិញ ជាថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ តារាចម្រៀងស្រីដ៏ល្បី អ្នកនាង ពេជ្រ សោភា មិនត្រឹមតែ ទទួលបានការចាប់អារម្មណ៍ តែរឿងសប្បុរសធម៌ប៉ុណ្ណោះទេ គឺថែមទាំង ធ្វើឲ្យមហាជនភ្ញាក់ផ្អើល នៅពេលឃើញ លោក ឆឹម សក្កដា ឡើងទៅបង្ហាញក្តីស្រលាញ់របស់លោក ជូនទៅអ្នកនាង ពេជ្រ សោភា នៅលើឆាកទៀត។

ក្រោយពីអ្នកនាង ពេជ្រ សោភា និង លោក ឆឹម សក្កដា បានចុះទៅចែកអំណោយ ជូន ចាស់ជរា និងក្មេងកំព្រាហើយ នៅពេលល្ងាចរូបនាង ក៏បានឡើងឆាកច្រៀង ជាមួយ នឹងការតែងខ្លួន យ៉ាងស្រស់ស្អាត។ មិនតែប៉ុណ្ណោះ លោក ឆឹម សក្កដា ក៏បង្ហាញខ្លួននៅមុខនាង និងច្រៀងចម្រៀងមួយបទ ចំណងជើងថា «មិត្ត១០០ឆ្នាំ» ផងដែរ ដែលកាលពីដំបូងឡើយ លោក បានកុហកនាងថា ជាប់រវល់ថត មិនបានជួបនាងនោះទេ។

ភ្លាមៗនោះ អ្នកនាង ពេជ្រ សោភា មិនអាចអត់ទ្រាំនឹងភាពរំភើបនេះបាន នាងស្រាប់ តែស្រក់ទឹកភ្នែក នៅពេលឃើញកាយវិការ និងសម្តីដ៏ផ្អែមល្ហែមរបស់ លោក ឆឹម សក្កដា និយាយទៅកាន់នាង៕

ចង់ដឹងថាយ៉ាងណា តោះទស្សនាវីដេអូទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  អ្នកនាង ពេជ្រ សោភា បានលើកសរសើរពី លោក ឆឹម សក្កដា។

តារាចម្រៀងស្រីល្បីជួរមុខរបស់ផលិតកម្មរស្មីហង្សមាស គឺអ្នកនាង ពេជ្រ សោភា បានធ្វើឲ្យទស្សនិកជនជាច្រើន បានស្គាល់នាងតាមរយៈបទចម្រៀងថ្មីដែលមានចំនងជើងថា «ហុយ ហុយ» នាពេលកន្លងទៅនេះ។

ទន្ទឹមនឹងភាពល្បីល្បាញនេះ អ្នកនាងពេជ្រ សោភា ក៏បានលេចលឺព័ត៌មានថា មានចំនងស្នេហាជាមួយនឹង តារាសម្ដែងប្រុសគឺ លោក ឆឹម សក្កដា ដែលលោកតែងតែសារភាពដោយបើកចំហរថា ខ្លួនពេញចិត្តស្ម័គ្រស្មោះស្រឡាញ់នាង។ ក្នុងកិច្ចសំភាសន៍មួយ អ្នកនាង ពេជ្រ សោភាព បាននិយាយថា «ជារឿងមួយភ្ញាក់ផ្អើលសម្រាប់ខ្ញុំ ក្រោយពីសក្កដា គាត់និយាយកាលពីពេលមុនមក ធ្វើឲ្យម៉ែខ្ញុំ បងប្អូនខ្ញុំ ឬក៏បងថ្លៃខ្ញុំទាំងអស់ គឺគេនាំគ្នាខឹងខ្ញុំ គេថា ហេតុអ្វីបានជាខ្ញុំធ្វើបាប សក្កដា? ប៉ុន្តែសម្រាប់ខ្ញុំ និងគាត់ គឺនៅមើលចិត្តគ្នាតិចៗសិន..(សើច) ទោះបីជាយ៉ាងណាពួកខ្ញុំទាំងពីរនាក់ បង្កើតអារម្មណ៍ល្អចំពោះគ្នា ហើយខ្ញុំក៏សប្បាយចិត្ត នឹងសរសើរសក្កដា ដែរ ដែលហ៊ានសារភាពថា ស្រឡាញ់ខ្ញុំ ដូច្នេះអ្នកផ្សេងគ្មានសិទ្ធិទេ គឺមានតែខ្ញុំទេ..(សើច)»។ យ៉ាងណាមិញ នេះអាចសញ្ញាមួយបញ្ជាក់ថា អ្នកនាងបានបើកភ្លើងខៀវហើយ។

អ្នកនាង ពេជ្រ សោភា បានបង្ហោះរូបភាពស្និតស្នាលមួយសន្លឹកជាមួយនឹង លោក ឆឹម សក្កដា និងបានបង្ហោះសារពីមូលហេតុដែលនាងកំពុងពិចារណាលើលោក ដូចខាងក្រោមថា៖

«គាត់ស្រលាញ់ខ្ញុំ មិនមែនមកពីខ្ញុំជាអ្នកចម្រៀងល្បីនោះទេ ហើយក៏មិនពាក់ពន្ធ័រឿងមាននិងក្រដែរ អ្វីដែលសំខាន់ខ្ញុំស្គាល់ពីទឹកចិត្តគាត់ ទោះបីគាត់មិនមានសំភារៈនិយមដូចគេ ប៉ុន្ដែគាត់មានទឹកនិងការស្រលាញ់រាប់អានដ៏ស្មោះត្រង់ នេះជាមូលហេតុដែលខ្ញុំកំពុងពិចារណាចំពោះគាត់ កុំមើលមនុស្សត្រឹមកំបកក្រៅ» ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា