រាជធានីភ្នំពេញ ៖ ក្រោយពីធ្វើដំណើរ ទៅដល់ប្រទេសជប៉ុន ដោយសុវត្ថិភាពកាលពីថ្ងៃទី១៣ កុម្ភៈ ហើយបើទោះជាស្ថានភាពនៅទីនោះត្រជាក់ ក៏កីឡាករ ចាន់ វឌ្ឍានាកា ត្រូវបានប្រកាសថា ទទួលយកការហ្វឹកហាត់ភ្លាមៗ ដោយសារតែថ្ងៃទី១៨ កុម្ភៈ ខាងមុខនេះ ក្លិប Fujieda របស់លោកមានការប្រកួតមិត្តភាពជាមួយក្លិបមួយផ្សេងទៀតរបស់ជប៉ុន ដោយលោកនឹងត្រូវដាក់ឱ្យលេងបើកឆាកជាមួយកីឡាករអាជីពរបស់ជប៉ុននោះផង ។
មុនចាកចេញពីកម្ពុជា កីឡាករ ចាន់ វឌ្ឍនាកា បានអះអាងថា យោងតាមកាលវិភាគ ក្លិប Fujieda ដែលបានកុងត្រាយកលោក ទៅលេងពេញមួយឆ្នាំ នៅក្នុងប្រទេសជប៉ុនជាលក្ខណៈខ្ចីជើង នឹងមានការប្រកួតជាលក្ខណៈ មិត្តភាពជាមួយក្លិបល្បីមួយផ្សេងទៀត នៅក្នុងលីគជប៉ុនផងដែរ តែលោកមិនចាំឈ្មោះ ។
លោកថា ការប្រកួតនឹងធ្វើឡើងនៅយប់ថ្ងៃទី១៨ កុម្ភៈ តែលោកមិនទាន់ច្បាស់ថា នឹងមានការបន្តផ្ទាល់លើផេក ឬលើកញ្ចក់ទូរទស្សន៍ណាមួយ ដើម្បីឱ្យអ្នកគាំទ្របានទស្សនានោះទេ ។
លោកថា មេក្រុមក្លិប Fujieda បានសម្រេចដាក់លោក ឱ្យប្រកួតនៅក្នុងយប់នោះ ទើបលោកត្រូវប្រឹងប្រែងហ្វឹកហាត់ភ្លាមៗ ក្រោយពេលទៅដល់ ដើម្បីបើកឆាកបញ្ចេញថ្វីជើងជាលើកទី១ ឱ្យជនជាតិជប៉ុន និងបងប្អូនខ្មែរទៅគាំទ្រដល់ការប្រកួតនោះពេញភ្នែក ។ លោកថា ការប្រកួតរបស់លោក មិនទាន់ដឹងថា នឹងមានលទ្ធផលល្អ ឬយ៉ាងណានោះទេ តែលោកប្រកាសថា នឹងប្រឹងប្រកួតឱ្យអស់ពីលទ្ធភាព ដើម្បីឱ្យមហាជនដែលធ្លាប់គាំទ្រអស់ចិត្ត ចំពោះការប្រកួតរបស់លោក ។
លោកបានប្រកាស នៅលើហ្វេសប៊ុកថា បានមកដល់ប្រទេសជប៉ុន ជាផ្លូវការដោយសុវត្ថិភាព១០០ភាគរយ និងមានការត្រៀមខ្លួន គ្រប់គ្រាន់ក្នុងការហ្វឹកហាត់ ដើម្បីចូលប្រកួតបើកឆាកជាមួយក្រុមជប៉ុន នៅថ្ងៃទី១៨ កុម្ភៈ ខាងមុខនេះ ។
លោកបានបញ្ជាក់ មុនពេលចាកចេញថា មានការបារម្ភខ្លះដែរ ដោយសារតែលោកត្រូវប្រកួតជាមួយក្រុមកីឡាករ អាជីពរបស់ជប៉ុន ដែលហាក់មិនសូវច្បាស់ពីប្លង់សម្រាប់ការប្រកួតនៅឡើយទេ ។
លោកថា ការប្រកួតក្នុងក្រុមជម្រើសជាតិ និងក្នុងក្រុមបឹងកេតអង្គរ លោកមិនសូវកើតអារម្មណ៍រឿងលេង មិនយល់ចិត្តគ្នានោះទេ ដោយសារតែកីឡាករក្នុងក្រុមដែលលោកលេងជាមួយសុទ្ធតែសមជើងគ្នាបានល្អ ហើយការបោះបាល់ និងចែកបាល់ក៏មិនសូវកើតមានបញ្ហាក្នុងការប្រកួតម្ដងៗ ។ អីុចឹងហើយទើបលោកត្រូវប្រកាសហ្វឹកហាត់ឱ្យបានជោគជាំ ដើម្បីឱ្យស៊ីសង្វាក់ជាមួយកីឡាករក្នុងក្រុម ហើយមិនមានបញ្ហារាល់ពេលចែកបាល់ និងបោះបាល់ ។
លោកមិនជឿថា ការប្រកួតបើកឆាកក្នុងក្រុម Fujieda នឹងធ្វើឱ្យលោកលេងមិនល្អនោះទេ ដោយសារតែលោកហាក់យល់ ពីទម្រង់លេងរបស់ក្រុមជប៉ុនដែលលោកចូលលេងបានច្រើនផងដែរ តាំងពីមុនក្លាយខ្លួនជាសមាជិករបស់ក្រុមនេះ ។
លោកត្រូវគេឃើញស្រវាស្រទេញ ក្នុងការហ្វឹកហាត់យ៉ាង សកម្មនៅក្នុងប្រទេសជប៉ុន ដោយការប្រកួតបើកឆាករបស់លោក ប្រសិនបើអាចរកបានមួយគ្រាប់ ដូចពេលការប្រកួតនៅក្នុងប្រទេសកម្ពុជា នោះកីឡាករតំណាងកម្ពុជាមួយនេះ ពិតជាមានឈ្មោះបោះសំឡេង ។
នៅលើបណ្ដាញហ្វេសប៊ុក សមាជិកក្រុមលោក និងអ្នកគាំទ្រច្រើនឡើងបានបង្ហាញពីអារម្មណ៍សោកស្ដាយក្រោយកីឡាករ ចាន់ វឌ្ឍនាកា បែកទៅលេងនៅក្នុងប្រទេសជប៉ុន។
ម្នាក់ៗបានជូនពរលោក តែអ្នកខ្លះក៏បង្ហោះភាសាថា នឹក និងចង់ឱ្យពេលវេលាត្រឡប់វិញរបស់លោកឆាប់កើតឡើងផងដែរ ជាពិសេសចំពោះអ្នកដែលចង់ទស្សនាការប្រកួតរបស់លោក ហើយមិនបានឃើញផ្ទាល់នឹងភ្នែកដូចមុននោះ ។ អ្នកខ្លះបានទាំងពោលពាក្យថា «គ្មានពេលវេលាជួបជុំណាដែលមិនបែក» លួងចិត្តខ្លួនឯងនោះផង ឆ្លើយតបនឹងការប្រកាសថា នឹកស្រុក នឹកអ្នកគាំទ្ររបស់កីឡាករចាន់ វឌ្ឍនាកា។
តំណាងក្លិប Fujieda បានប្រកាសថា ចាន់ វឌ្ឍនាកា ជាកីឡាករកម្ពុជាតែម្នាក់ ដែលក្លិបរបស់លោកជ្រើសឱ្យទៅលេង ប៉ុន្តែមិនមែនជាកីឡាករបរទេសទី១ នោះទេ ដោយសារតែក្លិបរបស់លោកធ្លាប់បានទិញកីឡាករបរទេសឱ្យមកលេងច្រើននាក់រួចមកហើយ ។ លោកថា កីឡាករ ចាន់ វឌ្ឍនាកា ត្រូវរស់នៅប្រទេសជប៉ុនរយៈពេលមួយឆ្នាំ ប៉ុន្តែគេអាចឡើងចុះមកប្រកួតនៅកម្ពុជាបាន ប្រសិនបើការប្រកួតក្នុងស្រុកមានភាពសំខាន់ដែលមិនអាចបាត់មុខ។
លោកថា នៅក្នុងប្រទេសជប៉ុន មានភាពខុសគ្នាដូចមេឃ និងដីជាមួយកម្ពុជា ជាពិសេសបញ្ហាអាកាសធាតុ ចំណីអាហារ និងរបៀបរបបរស់នៅ ។ ប៉ុន្តែលោកថា កីឡាករ ចាន់ វឌ្ឍនាកា មិនមានបញ្ហានោះទេ ដោយសារតែការចេញទៅប្រកួតនៅក្នុងប្រទេសជប៉ុនមួយលើកកាលមុន កីឡាកររូបនេះក៏ស៊ាំនឹងបរិយាកាសនាពេលនោះដែរ ។
លោកថា នៅទីក្រុងដែល ចាន់ វឌ្ឍនាកា រស់នៅឆ្ងាយពីទីក្រុងតូត្យូ ដោយខាងក្លិបលោកបានជួលបន្ទប់ខុនដូមួយឱ្យ និងមានរថយន្តជូនទៅជូនមក ដោយមានអ្នកបកប្រែមួយរូបនៅជាប់ជាមួយផងដែរ ។ លោកថា ចាន់ វឌ្ឍនាកា មិនមានភាពលំបាកនោះទេ ហើយបើការប្រកួតបើកឆាករ បស់គេទទួលបានការចាប់អារម្មណ៍ នោះនឹងដាក់ឱ្យលេងក្នុងការប្រកួតធំៗរបស់ក្លិបទៀត ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]