កូរ៉េខាងត្បូង៖ បន្ទាប់ពីទទួលរងការរិះគន់ និងចោទប្រកាន់ពីបទបៀតបៀនរាងកាយទៅលើនារីម៉ូដែលលើសង្វៀនម្នាក់ពេលថតរូបទទួលជ័យជំនះពីការប្រកួតកាលពីលើកមុនរួចមក  ឥឡូវនេះកំពូលអ្នកប្រយុទ្ធក្នុងទ្រុង MMA កីឡាករ Park Dae Sung សុខចិត្តដើរចេញ ដោយបដិសេធមិនព្រមថតរូបជាមួយតែម្តង។

គួរបញ្ជាក់ថាកាលពីថ្ងៃទី១១ ខែកុម្ភៈកន្លងទៅ ក្នុងព្រឹត្តការណ៍ប្រកួត «Road FC 036 $1M Tournament» កីឡាករ MMA ឬអ្នកប្រយុទ្ធក្នុងទ្រុង Park Dae Sung បានទទួលជ័យជំនះនៅក្នុងការប្រកួត ប៉ុន្តែនៅពេលដែលកម្មវិធីរៀបចំឲ្យអ្នកឈ្នះ ថតរូបអនុស្សាវរីយ៍ជាមួយនារីម៉ូដែលលើសង្វៀនម្នាក់  រូបគេស្រាប់តែបដិសេធដាច់ខាត ដើរចេញមិនថតតែម្តង ដល់ថ្នាក់ស្រែកមិនឲ្យចូលមកជិតទៀត («កុំចូលមកជិតខ្ញុំ!»)។

ប៉ុន្តែយ៉ាងណាក៏ដោយ បន្ទាប់ពីមានការសម្របសម្រួលពីអ្នករៀបចំកម្មវិធី ទើបចុងក្រោយ Park Dae Sung សម្រេចចិត្តយល់ព្រមថតវិញ ប៉ុន្តែទាំងទឹកមុខស្រគត់ស្រគំ ឱនមុខចុះ។

មូលហេតុដែលនាំឲ្យកីឡាករ MMA រូបនេះធ្វើដូច្នេះ ដោយសារតែកាលពីប្រកួតលើកមុន អំឡុងខែធ្នូ ឆ្នាំ២០១៦ Park Dae Sung សញ្ជាតិកូរ៉េខាងត្បូង ត្រូវបានគេចោទប្រកាន់ថា បៀតបៀនរាងកាយទៅលើនារីម៉ូដែលលើសង្វៀនម្នាក់ ដោយបានថតរូបយកដៃកៀកស្និទ្ធពេក ធ្វើឲ្យគេទទួលបានការរិះគន់យ៉ាងខ្លាំងពីមហាជន និងអ្នកនិយមលេងអ៊ីនធឺណែត។

ចំពោះបញ្ហានេះដែរ មានមហាជនជាច្រើនបាននាំគ្នាបញ្ចេញមតិរបស់ខ្លួនថា «បើជាខ្ញុំ ក៏មិនទៅក្បែរនាងដែរ។ ព្រោះគាត់ធ្លាប់បានគេចោទប្រកាន់ដោយគ្រាន់តែយកដៃប៉ះចង្កេះ ហើយត្រូវបានគេហៅថាជាព្រានទៀត» ។ ខ្លះទៀតនិយាយថា «ពិតជាមានអារម្មណ៍សោកស្តាយណាស់ដែលពេលនេះ គាត់ខ្លាចនារីៗ ដោយសារទង្វើរបស់គាត់លើកមុន» ។ ចំនែកឯមហាជនម្នាក់ទៀតនិយាយថា «វាពិតជាគួរឲ្យអស់សំណើចណាស់ ដោយគ្រាន់តែប៉ះចង្កេះសោះ ចោទប្រកាន់គាត់ថាបៀតបៀនរាងកាយ ចុះនៅពេលដែលនារីៗប៉ះចង្កេះបុរសវិញនោះ យ៉ាងម៉េចវិញ?»

ចុះចំពោះប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ យុវតីរូបស្រស់អាយុ១៤ឆ្នាំ ជាប់ឈ្មោះជា កីឡាការិនីហោះក្នុងអាកាស លឿនជាងគេ លើពិភពលោក

អេស្ប៉ាញ៖ យុវតីជនជាតិសិង្ហបុរី វ័យក្មេងរូបស្រស់ អាយុ១៤ឆ្នាំម្នាក់ ដែលជាកីឡាការិនីផ្នែកល្បែង បណ្តែតខ្លួនលើអាកាស សិប្បនិមិត្ត បានជាប់ឈ្មោះជា កីឡាការិនីហោះក្នុងអាកាស លឿនជាងគេបំផុត លើពិភពលោក បន្ទាប់ពីបានចូលរួមប្រកួតនៅក្នុងកម្មវិធី Wind Games ដែលជាប្រភេទកីឡាដ៏ធំមួយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧។

ស្ថិតក្នុងម៉ាស៊ីនបាញ់ខ្យល់ដ៏ធំ ដែលមានកញ្ចក់ពណ៌សថ្លាស្រអាប់ព័ទ្ធជុំវិញ យើងអាចមើលឃើញថា យុវតីរូបស្រស់ Kyra Poh បានហោះបណ្តែតខ្លូនក្នុងល្បឿនដល់ទៅ ២៣០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយបានត្រឡប់ និងបង្វិលខ្លួនជាច្រើនជុំថែមទៀតផង។ យុវតីជនជាតិសិង្ហបុរីរូបនេះ បានបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យ រួមជាមួយការរាំ និងបណ្តែតខ្លួនក្នុងខ្យល់ ដែលមើលទៅរស់រវើក ហាក់ដូចជាគ្មានខំប្រឹងបញ្ចេញកម្លាំងអ្វីបន្តិចសោះ ប៉ុន្តែធាតុពិតគឺវាពិបាកខ្លាំងណាស់។

ប្រភពព័ត៌មានបានឲ្យដឹងថា កីឡាករចំនួន ២០០នាក់ បានចូលរួមក្នុងការប្រកួតរបស់កម្មវិធី The Wind Games ដែលធ្វើឡើងនៅក្នុង សហគមន៍ស្វយ័ត Catalonia នៃប្រទេសអេស្ប៉ាញ កាលពីចុងសប្តាហ៍កន្លងទៅនេះ។ ហើយ Kyra Poh គឺជាកីឡាការិនីវ័យក្មេងជាងគេ ក្នុងចំណោមកីឡាការិនីផ្សេងទៀត ដែលចូលរួមក្នុងការប្រកួតនេះ ហើយវាជាព្រឹត្តិការណ៍ដំបូង ដែលនាងត្រូវប្រកួតប្រជែងជាមួយកីឡាករជាច្រើនដែលមានវ័យបងនាង។

បើទោះជាស្ថិតនៅក្នុងវ័យក្មេងជាងគេយ៉ាងណាក៏ដោយ ប៉ុន្តែ Kyra Poh បានយកឈ្នះអ្នកផ្សេងទៀតយ៉ាងងាយស្រួលបំផុត និងឈ្នះមេដាយមាស លើវិញ្ញាសារ ប្រភេទ “ល្បឿនទោល” ឬការបណ្តែតខ្លួនតែឯង។

ថ្លែងប្រាប់ភ្នាក់ងារ BBC ពីប្រទេសអេស្ប៉ាញ យុវតី Kyra Poh បានឲ្យដឹងថា “អ្នកត្រូវប្រើសាច់ដុំទាំងអស់នៅក្នុងកីឡាមួយនេះ សូម្បីតែសាច់ដុំខ្លះដែលអ្នកមិនដែលដឹងថា វាមានក៏ដោយ។ សាច់ដុំទាំងអស់នោះនឹងចាប់ផ្តើមធ្វើឲ្យអ្នកឈឺចាប់ ហើយសូម្បីតែ.កដៃរបស់អ្នក ក៏ឈឺដែរ”។

យុវតីរូបនេះបន្តថា “ការដែលមានរូបរាងតូច និងស្រាលជាងដៃគូប្រកួត មិនបានផ្តល់ផលប្រយោជន៍អ្វីដល់នាងឡើយ។ ធាតុពិត វាកាន់តែធ្វើឲ្យយើងពិបាកទៅវិញទេ”។ នាងបញ្ជាក់ថា “មនុស្សជាច្រើនបានគិតថា នៅពេលដែលយើងមានខ្លួនស្រាល គឺអាចធ្វើឲ្យយើងលឿនជាងមុន។ ប៉ុន្តែខ្ញុំមិនគិតអ៊ីចឹងទេ ព្រោះថានៅពេលដែលយើងមានខ្លួនតូច ផ្ទៃរាងកាយដែលប៉ះនឹងខ្យល់ក៏តូចដែរ ប៉ុន្តែប្រសិនបើមានរាងខ្ពស់ នោះយើងអាចប៉ះខ្យល់បានច្រើន ហើយជម្រុញកម្លាំងបានកាន់តែខ្លាំង”។

គួរបញ្ជាក់ថា Kyra Poh មិនត្រឹមហោះបណ្តែតខ្លួនក្នុងម៉ាស៊ីនសិប្បនិមិត្តនោះទេ នាងក៏ធ្លាប់លោតពីលើអាកាសពិតៗផងដែរ។ នាងបាននិយាយថា “នៅពេលដែលនាងលោតចុះដំបូង នាងមានអារម្មណ៍ថា ភ័យតក់ស្លុតជាខ្លាំង ប៉ុន្តែពេលនេះនាងមានអារម្មណ៍ថាស៊ាំទៅហើយ ដោយពេលខ្លះនាងភ្លេចថាខ្លួនឯងកំពុងតែហោះថែមទៀតផង”៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]