ភ្នំពេញ៖ ស្ត្រីឈ្មោះ​ ហេង​ ហ្គិច​ ហៅ​ កែវ​ រតនៈ​ អាយុ​៣៦ឆ្នាំ​ បាន​ចូល​ខ្លួន​មក​កាន់​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​ទី​១៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ ពាក់ព័ន្ធ​ករណី​បង្ក​គ្រោះថ្នាក់​ចរាចរ​បណ្តាល​ឲ្យ​ប្អូន​ប្រុស​លោក​ ដាំ​ សិទ្ធ​ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​​របួសធ្ងន់​ ​។​ មន្រ្តីតុលាការបានបញ្ជាក់​ថា​ ក្រោយ​ការ​សាកសួរ​ លោក​ សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​សម្រេច​ឃាត់ខ្លួន​នាង​ហ្គិច​ ដោយ​បញ្ជូន​ទៅ​កងរាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់​ការ​បន្ត​ ។​ ប្រភព​ព័ត៌មាន​ បញ្ជាក់​ថា​ នៅ​ថ្ងៃទី​១៤​ ខែ​កុម្ភៈ​ តុលាការ​នឹង​សាកសួរ​នាង​ហ្គិច​ មុន​ឈាន​ដល់​ការ​ចោទប្រកាន់​ជា​ផ្លូវការ​ ។

គួរ​រំលឹក​ថា​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​មួយ​ ធ្វើ​ឲ្យ​ប្អូន​ប្រុស​បង្កើត​របស់​លោក​ដាំ​ សិទ្ធ​ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ របួសធ្ងន់​ ហើយ​ជនបង្ក​បាន​រត់​គេច​ខ្លួន​ ។​

លោក​ ដាំ​ សិទ្ធ​ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បញ្ជាក់​កាលពី​ព្រឹក​ថ្ងៃ​ទី​២​ ខែមករា​ ឆ្នាំ​២០១៧​ថា​ កាលពី​យប់​ថ្ងៃ​ទី​៩​ ខែធ្នូ​ ឆ្នាំ​២០១៦​ ប្អូន​ប្រុស​ឈ្មោះ​ មាស​ សុវុទ្ធី​ អាយុ​២៧ឆ្នាំ​ បាន​ឈប់​អង្គុយ​លើ​ម៉ូតូ​ម៉ាក​ ZOOMER-X ពណ៌​ខ្មៅ​ ពាក់​ផ្លាក​លេខ​ ភ្នំពេញ​1FJ-5711 លើ​ចិញ្ចើម​ផ្លូវ​លេខ​៦០៨​ ត្រង់​ចំណុច​មុខ​ហាង​សមុទ្រ​កំពត​ ក្នុង​សង្កាត់​បឹងកក់​ ខណ្ឌ​ទួលគោក​ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ LEXUS-570 ពណ៌​ខ្មៅ​ ពាក់​ផ្លាក​លេខ​ភ្នំពេញ​ AK-7999 បើកបរ​ពី​លិច​ទៅ​កើត​ ដោយ​បើក​បញ្រ្ចាស​ទិស​ទៅ​បុក​ប្អូនប្រុស​ ដែល​ឈប់​ស្ងៀម​ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ ។​ ក្រោយ​ហេតុការណ៍​នេះ​ ជនបង្ក​បាន​រត់​គេច​ខ្លួន​ ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ​ បាន​ឲ្យដឹងថា​ នៅ​ដំណាក់កាល​សមត្ថកិច្ច​ ​ជនបង្ក​និង​ក្រុមគ្រួសារ​ជនរងគ្រោះ​ បាន​ជួប​ចរចារ​គ្នា​ ដោយ​ក្រុម​ជនរងគ្រោះ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​១១ម៉ឺន​ដុល្លារ​អាមេរិក​។​ ប៉ុន្តែ​ភាគី​ជនបង្ក​ មាន​លទ្ធភាព​ត្រឹម​៥០០០ដុល្លារ​អាមេរិក​។​ ដោយ​សារ​ការ​ចរចារ​ពីរ​លើក​មិន​ត្រូវ​រ៉ូវ​គ្នា​ សំណុំរឿង​នេះ​ ត្រូវ​បាន​បញ្ជូន​មក​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​បន្ត​នីតិវិធី​ ។

ពាក់ព័ន្ធករណី​នេះ​ ក្រុមអ្នកច្បាប់អះអាងថា ជនបង្កអាចប្រឈមនឹងការចោទប្រកាន់​ចំនួន​២បទល្មើស​ គឺបទព្រហ្មទណ្ឌ ក្នុងការបើករថយន្តទៅបុកជនរងគ្រោះដែលអង្គុយលើម៉ូតូនៅលើចិញ្ចើមផ្លូវ និងបទប៉ុនប៉ងធ្វើ​មនុស្ស​ឃាត ពេលថយរថយន្តប៉ុនប៉ងកិនមិត្តភក្តិជនរងគ្រោះដែលតាមថត​ស្លាក​លេខរថយន្តក្រោយពេលកើតហេតុ។

លោក​ ដាំ​ សិទ្ធ​ ស្នើ​ដល់​តុលាការ​មេត្តា​ចាត់វិធានការទៅលើជនបង្កឈ្មោះ ហេង ហ្គិច ហៅ កែវ រតនៈ តាមច្បាប់ ព្រោះជននេះក៏ធ្លាប់មានជាប់ពាក់ព័ន្ធ នឹងបទល្មើសនាពេលកន្លងមកផងដែរ​ ៕

ប្រភព៖ Fresh News

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

ប្រធានការិយាល័យគយ និងរដ្ឋាករច្រកព្រំដែន ព្រំ ខេត្តប៉ៃលិន លោក រ៉ិត គង់ ទទួល​មរណភាព​ក្នុងហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍

(ប៉ៃលិន)៖ លោក រ៉ិត គង់ ប្រធានការិយាល័យគយ និងរដ្ឋាករច្រកព្រំដែន ព្រំ នៃសាខាគយ និងរដ្ឋាករខេត្តប៉ៃលិន នៅម៉ោង​១១៖២៥នាទី យប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ បានទទួលមរណភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តរបស់លោក បុកជាមួយរថយន្តដឹកម៉ៃឃូ ក្នុងភូមិរថក្រោះឆេះ ខេត្តប៉ៃលិន។

សមត្ថកិច្ចនគរបាល​ខេត្តប៉ៃលិន បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា មុនពេល​កើតហេតុ នៅយប់ថ្ងៃទី១២ ខែកុម្ភៈ លោក រ៉ិត គង់ ប្រធានការិយាល័យគយ និងរដ្ឋាករ ច្រកព្រំដែនព្រំ បានធ្វើដំណើរចេញពី​កន្លែងធ្វើការ ត្រឡប់ទៅផ្ទះ នៅខេត្តបាត់ដំបង លុះដល់កន្លែងកើតហេតុក៏ជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្តរបស់លោក រ៉ិត គង់ ក៏បុកជាមួយរថយន្តធនធំ ដឹកម៉ៃឃូ បណ្តាលឲ្យស្លាប់ នៅកន្លែងកើតហេតុ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]