ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​គងពិសី​ចាប់ខ្លួន កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ស្តុក ឃុំ​ស្តុក ស្រុក​គងពិសី បន្ទាប់​ពី​ស្ត្រី​ជា​ប្រពន្ធ​បាន​ប្តឹង​ចោទប្រកាន់​ថា បាន​ចាប់រំលោភ​កូនស្រី (​កូន​ប្តី​មុន​) ជា​ច្រើន​ដង​រាប់​ភ្លេច ។

នគរបាល​ស្រុក​គងពិសី​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ឪពុកចុង​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ ឡាយ នួន អាយុ​៥៣​ឆ្នាំ មុខរបរ​ជា​សន្តិសុខ រស់នៅ​ភូមិ​កណ្តាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ នុ​ត គឹ​មចាន់ អាយុ​៣៤​ឆ្នាំ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ គ​.​ល​.​គ​.​ព ទើបតែ​អាយុ​១៤​ឆ្នាំ​ប៉ុណ្ណោះ ។

ប្រពន្ធ​ជនសង្ស័យ និង​ជា​ម្តាយ​របស់​ក្មេង​ស្រី​រង​គ្រោះ បាន​រៀបរាប់​នៅ​ក្នុង​ពាក្យបណ្ដឹង​ថា ប្តី​ក្រោយ​របស់​នាង​បាន​ ធ្វើ​សកម្ម​រំលោភ​កូន​ប្តី​មុន​តាំងពី​ដើមឆ្នាំ​២០១៧​មក​ម្ល៉េះ តែ​គាត់​ជា​ម្តាយ​មិន​បានដឹង​ឡើយ រហូត​ដល់​ធ្វើ​សកម្មភាព​លើក​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០១៧ បាន​សម្រេច​ចំនួន​២​ដង​ទៀត ។ ស្ត្រី​ជា​ម្តាយ​បាន​រៀបរាប់​ថា ដោយ​ឃើញ​កូនស្រី​មាន​អាកា​រៈ​ប្លែក​ៗ ក៏​ចេះ​តែ​ជជីក​សួរ​ថា មានរឿង​អ្វី? ដំបូង​កូនស្រី​មិន​បាន​ឆ្លើយ​ប្រាប់​នោះ​ទេ តែ​ដោយ​គាត់​ចេះ​តែ​សួរ​ហើយ​សួរ​ទៀត ទើប​កូនស្រី​ព្រម​ប្រាប់​ថា ប្តី​ក្រោយ​របស់​គាត់​ចាប់រំលោភ​ នាង​ច្រើន​ដង​មក​ហើយ តាំងពី​ដើមឆ្នាំ​រហូត​មក ។

លោក​វរសេនីយ៍ត្រី ទុ​យ ថេ​ន អធិការរង​នគរបាល​ស្រុក​គងពិសី បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជា​ម្តាយ​បាន​ដាក់​ពាក្យ​ប្តឹង​ជនសង្ស័យ​ជា​ប្តី​ចុង​របស់​ខ្លួន​ថា បាន​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​កូនស្រី​របស់​គាត់​ច្រើន​ដង​មក​ហើយ ។ ស្ត្រី​ជា​ម្តាយ​បាន​ស្នើ​សុំ​ឲ្យ​សមត្ថកិច្ច​ចាត់ការ​ប្តី​ចុង​របស់​ខ្លួន​តាម​ផ្លូវច្បាប់ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​មិន​បាន​សារភាព​ថា ខ្លួន​ចាប់រំលោភ​នោះ​ទេ ដោយ​ជនសង្ស័យ​បាន​និយាយ​ថា វា​ជា​ការ​ព្រមព្រៀង​គ្នា ខ្លួន​មិន​បាន​ចាប់បង្ខំ​រំលោភ​ឡើយ។

លោក​អធិការរង​បាន​បញ្ជាក់​ថា បើ​ទោះជា​ជនសង្ស័យ​មិន​សារភាព​ក្តី ក៏​នគរបាល​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ ដើម្បី​ចាត់ការ​បន្ត ព្រោះ​ក្មេង​ស្រី​រង​គ្រោះជា​អនីតិជន ។

បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ រង់ចាំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ៕

ប្រភព៖ កោះសន្តិភាព

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

កីឡាករឆ្នើម ចាន់ វឌ្ឍនាការ បានចាកចេញពីកម្ពុជាទៅជប៉ុនហើយ, លោក ចាន់ ចេស្ដា ទម្លាយរឿងរ៉ាវក្នុងការសម្រេចឲ្យកូនទៅបន្តអាជីពបាល់ទាត់នៅជប៉ុន

(ភ្នំពេញ)៖ នៅក្នុងឱកាសជូនដំណើរកូនប្រុស ដែលជាកីឡាករដ៏ល្បីរបស់កម្ពុជា ចាន់ វឌ្ឍនាកា ឡើងយន្ដហោះធ្វើដំណើរទៅប្រទេសជប៉ុន ដើម្បីចូលរួមជាមួយក្លឹបថ្មី Fujieda MYFC នាយប់ថ្ងៃទី១២ ខែកុម្ភៈ លោក ចាន់ ចេស្ដា អភិបាលខេត្តកំពត បានទម្លាយឲ្យដឹងនូវរឿងរ៉ាវមួយចំនួន មុននឹងសម្រេចចិត្តឲ្យកូនប្រុសបង្កើតរបស់ខ្លួនចាកចេញពីកម្ពុជា ទៅបន្ដអាជីពបាល់ទាត់នៅប្រទេសជប៉ុន ក្នុងឆ្នាំ២០១៧នេះ។

លោក ចាន់ ចេស្ដា បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅអាកាសយន្ដដ្ឋានអន្ដរជាតិភ្នំពេញថា «មុនមានការទាក់ទងពីក្លឹបជប៉ុន គាត់(វឌ្ឍនាកា)ប្រាប់ថា មានប្រទេសជាច្រើនចង់បានគាត់ រួមមានថៃ និងម៉ាឡេស៊ីជាដើម ដែលហ៊ានឲ្យប្រាក់ខែខ្ពស់ជាងជប៉ុន។ តែអ្វីដែលខ្ញុំសម្រេចក្នុងនាមឪពុកម្ដាយ ឲ្យទៅលេងនៅជប៉ុន គឺមិនសម្លឹងឃើញប្រាក់ខែទេ ដោយគិតថាបទពិសោធន៍ក្នុងទ្វីបអាស៊ី ជប៉ុនគឺជាប្រទេសរីកចម្រើនលើវិស័យបាល់ទាត់ខ្ពស់ជាងគេ» ។

«ដោយហេតុនេះយើងអាចប្រើពាក្យសាមញ្ញមួយថា គាត់(វឌ្ឍនាកា) អាចស្ថិតក្នុងចំណោមអ្នកខ្សោយ នៅប្រទេសខ្លាំង ប្រសើរជាងគាត់ស្ថិតក្នុងចំណោម អ្នកខ្លាំង នៅប្រទេសខ្សោយ។ ហេតុផលនេះហើយ ដែលខ្ញុំសម្រេចឲ្យ ចាន់ វឌ្ឍនាកា ទៅលេងនៅជប៉ុន»។ លើសពីនេះក៏មានការជំរុញពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលលើកទឹកចិត្តឲ្យ ចាន់ វឌ្ឍនាកា ទៅលេងនៅជប៉ុនផងដែរ។ នេះបើតាមសម្ដីបញ្ជាក់បន្ថែមរបស់លោក ចាន់ ចេស្ដា។

អភិបាលខេត្តកំពតដដែលរូបនោះរំពឹងថា ការចាកចេញរបស់ ចាន់ វឌ្ឍនាកា លើកនេះនឹងនាំមកវិញនូវបទពិសោធន៍ល្អៗ សម្រាប់ជំរុញការអភិវឌ្ឍន៍វិស័យ កីឡាបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើននាពេលអនាគត ហើយក៏ជាគំរូដ៏ល្អមួយ សម្រាប់យុវជនជំនាន់ក្រោយឲ្យខិតខំហ្វឹកហាត់ និងលេងកីឡា ដើម្បីសម្រេចក្ដីសុបិនក្លាយជាកីឡាករអាជីព និងមានឱកាសបានទៅលេងឲ្យក្លឹបល្បីៗលើឆាកអន្ដរជាតិដូចកីឡាករ ចាន់ វឌ្ឍនាកា ផងដែរ។

គួរបញ្ជាក់ថា ចាន់ វឌ្ឍនាកា ត្រូវបានក្លឹបបឹងកេតអង្គរ ព្រមព្រៀងផ្ទេរទៅលេងឲ្យក្លឹបលីគលំដាប់ទី៣ របស់ជប៉ុន Fujieda MYFC ក្នុងលក្ខខណ្ឌខ្ជីជើងមួយ រដូវកាល(ឆ្នាំ២០១៧) ហើយ ចាន់ វឌ្ឍនាកា ក៏ជាកីឡាករកម្ពុជាទី១ ដែលត្រូវបានក្លឹបជប៉ុននាំយកទៅលេងនៅទីនោះផងដែរ។ ប៉ុន្ដែចំពោះតម្លៃខ្លួននៃការផ្ទេរ ក៏ដូចជាប្រាក់ខែទទួលបានពីការទៅលេងឲ្យក្លឹប Fujieda MYFC មិនបានភាគីពាក់ព័ន្ធទម្លាយឲ្យដឹងនោះទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]