ថៃ៖ ក្រោយពីរង់ចាំអស់រយៈពេលយ៉ាងយូរ នៅទីបំផុតតារាសម្តែងនាង Pat Napapa ក៏បានសម្រាលកូនប្រុសដ៏គួរឱ្យស្រលាញ់ម្នាក់ហើយនៅថ្ងៃនេះ។

ដោយកាលពីវេលាម៉ោង១១ និង១នាទី ក្រុមគ្រូពេទ្យបានធ្វើការវះកាត់ តាមពេលវេលាដែលបានកំណត់ទុករួចជាស្រេច។ កូនប្រុសរបស់នាង Pat Napapa មានឈ្មោះថា Racing ទម្ងន់ជាង ៣ គីឡូក្រាម ហើយពេលកើតមកក៏មានសុខភាពរឹងមាំល្អ និងពេញលក្ខណៈ គួរឱ្យក្នាញ់ណាស់ នេះបើយោងតាមការបញ្ជាក់ប្រាប់ពីលោក Benz Racing ដែលជាស្វាមីនាង Pat Napapa នៅក្នុងបណ្តាញអ៊ីនស្តារក្រាម។

ក្រោយទទួលដំណឹងរីករាយ បណ្តាអ្នកគាំទ្រទាំងអស់របស់តារាស្រីរូបនេះ បានសម្តែងការត្រេកអរយ៉ាងខ្លាំង ព្រមទាំងជូនពរម្តាយកូននាង Pat Napapa ឱ្យមានសុខភាពល្អ។

ទន្ទឹមនឹងនេះ នាង Pat Napapa ក៏បានប្រាប់ឱ្យដឹងថា នៅថ្ងៃទី១៥ខែកុម្ភៈខាងមុខ នាងក៏ត្រៀមខ្លួនថ្លែងព័ត៌មានជាសាធារណៈផងដែរ ដើម្បីបើកបង្ហាញកូនប្រុសរបស់ខ្លួន៕

Pat Napapa និងស្វាមី

កំណត់ហេតុខ្មែរឡូត៖

ដោយឡែករំលឹកព័ត៌មានចាស់ មុនសម្រាល នាង Pat Napapa ត្រូវដើរតួនាទី២យ៉ាង ក្នុងពេលតែមួយ គឺជាកូនផង និងជាម្តាយផង...!

ក្រោយកើតមានរឿងរ៉ាវចម្រូងចម្រាស់ថា ស្វាមីមានជាប់ពាក់ព័ន្ធជាមួយករណីជួញដូរគ្រឿងញៀនជាមួយអ្នកជួញដូរដ៏ធំម្នាក់នៅក្នុងស្រុក អតីតតារាសម្តែងស្រីប្រជាប្រិយភាព នាង Pat Napapa រឹតតែទទួលបាននូវការចាប់អារម្មណ៍ខ្លាំងថែមទៀត ព្រោះថានៅសល់មិនប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នៅថ្ងៃទី១៣ខែកុម្ភៈនេះ នាងនឹងត្រូវសម្រាលកូនប្រុសហើយ ប៉ុន្តែបែរជាមានរឿងបែបនេះកើតមានឡើងមកលើគ្រួសាររបស់ខ្លួនទៅវិញ ជាហេតុធ្វើឱ្យមហាជននៅទូទាំងប្រទេស ពិតជារំជួលចិត្តអាណិតនាងជាខ្លាំង។

ស្របពេលជាមួយគ្នានេះដែរ ដោយសារតែជិតសម្រាលនាង Pat Napapa ក៏បានវិល ត្រលប់មកផ្ទះកំណើត ដែលជាផ្ទះម្តាយខ្លួនវិញដើម្បីត្រៀមសម្រាលកូន។

ឆ្លៀតពេលនេះ Pat Napapa ក៏មិនបាននៅស្ងៀម បំភ្លេចភារកិច្ចជាកូនស្រីកតញ្ញូចំពោះអ្នកមានគុណរបស់ខ្លួនដែរ ដោយនាងបានបញ្ចុកបាយ បញ្ចុកទឹក និងបញ្ចុកថ្នាំឱ្យម្តាយដែលមានជំងឺសម្រាកនៅគ្រែជាយូរមកហើយ។

ពេលនេះនាង Pat Napapa ត្រូវដើរតួនាទី២យ៉ាងគឺ ជាកូនផង និងជាម្តាយផង ដោយខ្លួនឯងតែម្នាក់ត្រូវថែរក្សាម្តាយ និងត្រូវថែរក្សាកូនប្រុសនៅក្នុងផ្ទៃផង ព្រោះកាន់តែជិតដល់ថ្ងៃឆ្លងទន្លេមែនទែនហើយ។

ទន្ទឹមនឹងនេះផងដែរ នាងក៏តែងទទួលបានការលើកទឹកចិត្ត និងផ្តល់ភាពកក់ក្តៅជានិច្ច ពីសំណាក់សាច់ញាតិ បងប្អូន មិត្តភក្តិ ព្រមទាំងបណ្តាអ្នកគាំទ្រជាច្រើននាក់ ដែលបានជូនពរឱ្យនាងមានភាពរឹងមាំ ឆាប់ឆ្លងកាត់រឿងរ៉ាវទាំងឡាយ ជាពិសេសគឺជូនពរឱ្យកូននៅក្នុងផ្ទៃមានសុខភាពល្អ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]