ទូទឹកកក គឺជាឧបករណ៍បច្ចេកវិទ្យាបង្កើតថ្មី ដ៏អស្ចារ្យ ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ក្នុងគោលបំណង ដើម្បីរក្សាទុករបស់របរ ជាពិសេស ម្ហូបអាហារសម្រាប់ទទួលទានឲ្យបានរយៈយូរ។ ប៉ុន្តែ អ្នកប្រហែលជាមិនដឹងទេថា មានប្រភេទអាហារមួយចំនួន មិនគួរធ្វើការរក្សាទុក ក្នុងទូទឹកកកឡើយ។ ថ្វីត្បិត វាមិនបង្កជាគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរ តែវាអាចធ្វើឲ្យមានការផ្លាស់ប្តូររសជាតិ ហើយជួនកាល ឆាប់ខូចលើសដើមទៅវិញទេ។

តោះទៅតាមដាន ប្រភេទអាហារទាំង ១០ ប្រភេទ ដែលមិនគួរក្លាសេទុក ក្នុងទូទឹកកកដូចខាងក្រោមនេះ ៖

១. ចេក

ផ្លែចេក ត្រូវបានណែនាំមិនឲ្យរក្សាវាទុក នៅក្នុងទូទឹកកកទេ។ នេះក៏ដោយសារតែ នៅសីតុណ្ហភាពត្រជាក់ ចេកនឹងប្រែជាទុំយឺត ជាងពេលមុនៗ បណ្តាលឲ្យសំបករបស់វាឡើងជាំខ្មៅ។ ហេតុនេះ អ្នកគួរតែរក្សាវាទុក នៅខាងក្រៅ ក្នុងសីតុណ្ហភាពបន្ទប់ ទើបជាការប្រសើរបំផុត។ ប្រសិនបើអ្នកចៀសក្លាសេ ក្នុងទូទឹកកកខ្លះមិនរួចទេនោះ អ្នកអាចយកវាមកប្រើ ឬច្នៃជាបង្អែមវិញ ទើបជាការល្អ។ 

២. ប៉េងប៉ោះ

ប៉េងប៉ោះ ក៏មិនខុសពីផ្លែចេកដែរ ដោយគេបានណែនាំមិនឲ្យក្លាសេទុក ក្នុងទូទឹកកកទេ។ ការរក្សាទុក ផ្លែប៉េងប៉ោះក្នុងទូទឹកកកយូរ អាចធ្វើឲ្យមានផលប៉ះពាល់ដល់ រសជាតិដើមរបស់ប៉េងប៉ោះបាន។ ថ្វីត្បិត នៅក្នុងសីតុណ្ហភាពត្រជាក់ ប៉េងប៉ោះអាចរក្សាទុកបានយូរពិតមែន ប៉ុន្តែវានឹងធ្វើឲ្យបាត់បង់រសជាតិដើម សឹងតែទាំងស្រុង។ អ្នកអាចសាកល្បង ធ្វើការកត់សម្គាល់បាន ពីភាពខុសគ្នា នៃរសជាតិរបស់វាបាន ថាតើពិតជាដូច្នោះមែន ឬយ៉ាងណា។ 

៣. ដំឡូងបារាំង

សីតុណ្ហភាពត្រជាក់ដែលល្អបំផុត សម្រាប់ដំឡូងបារាំង គឺប្រមាណជា ៧ អង្សាសេ ប៉ុន្តែសីតុណ្ហភាពនៅក្នុងទូទឹកកក នឹងអាចចុះទាបជាងនេះទៅទៀត ដែលអាចបណ្តាលឲ្យ សាច់ និងរសជាតិរបស់ដំឡូងបារាំង រងការផលប៉ះពាល់ខ្លាំង នៅសីតុណ្ហភាពត្រជាក់ខ្លាំងនោះ។ ជម្រើសល្អបំផុតគឺ រក្សាវាទុកក្នុងថង់ក្រដាស ឬកេស ឬដាក់ក្នុងទូ ដែលមានសីតុណ្ហភាពត្រជាក់ល្មម និងងងឹត។ 

៤. ខ្ទឹមបារាំង

ខ្ទឹមបារាំង ក៏គួររក្សាទុកក្រៅទូទឹកកក មិនខុសពីប៉ុន្មានមុខខាងលើឡើយ។ នេះក៏ដោយសារតែ នៅក្រោមសីតុណ្ហភាពត្រជាក់ អាចបណ្តាលឲ្យ ខ្ទឹមបារាំង ប្រែជាទន់ និងឡើងផ្សិត។ ហេតុនេះ អ្នកគួររក្សាវាទុកនៅកន្លែងត្រជាក់ធម្មតា និងងងឹត ទើបជាការល្អ។ ជាពិសេស កុំដាក់វានៅជិតដំឡូងបារាំង ពីព្រោះវាអាចបញ្ចេញឧស្ម័ន ធ្វើឲ្យរលួយគ្នាទៅវិញទៅមកបាន។ ប៉ុន្តែ សម្រាប់ខ្ទឹមបារាំង ដែលបក ឬហាន់រួច គឺត្រូវតែក្លាសេវាទុកក្នុងទូទឹកកក ទើបអាចទុកទទួលទានបានយូរទៀតបាន។ 

៥. ខ្ទឹមស

ខ្ទឹមស ត្រូវបានគេណែនាំឲ្យ រក្សាវាទុកនៅខាងក្រៅទូទឹកកក ក្នុងកូនកញ្ច្រែងណាមួយ ដើម្បីឲ្យវាទទួលបានខ្យល់បរិយាកាសល្អ។ ប៉ុន្តែ ប្រសិនបើអ្នកយកវាទៅរក្សាទុក ក្នុងទូទឹកកក វានឹងអាចកើតផ្សិត និងប្រែជាទន់ ដូចជ័រកៅស៊ូជាមិនខានឡើយ។ អ្វីដែលពិសេសនោះ សំបកខាងក្រៅរបស់វាមិនអាចមើលដឹងថា វាកំពុងតែខូចគុណភាពនោះទេ គឺទាល់តែអ្នកបក និងកាត់វាចេញ ទើបអាចដឹងពីការខូចខាត របស់វា។ 

៦. ផ្លែប៊ឺរ

នៅពេលដែលអ្នកទៅទិញ ផ្លែប៊ឺរ នៅឯផ្សារ អ្នកប្រាកដជាជ្រើសរើសយកតែ ផ្លែណាដែលនៅរឹងប៉ុណ្ណោះ ដើម្បីគោលបំណង រក្សាទុកវាឲ្យបានយូរ។ ហេតុនេះ ជម្រើសល្អបំផុត គឺរក្សាវាទុក នៅសីតុណ្ហភាពបន្ទប់ធម្មតា ដើម្បីឲ្យវាទុំ និងមានរសជាតិឆ្ងាញ់ តាមសម្រួល។ លុះត្រាតែ ករណីដែលអ្នកមិនចង់ឲ្យវាឆាប់ទុំ ឬទុំជោរ ប៉ុណ្ណោះ ទើបអ្នកគួរក្លាសេវាទុក ក្នុងទូទឹកកក។ 

៧. ទឹកឃ្មុំ

ទឹកឃ្មុំ គឺជាប្រភេទអាហារ បែបធម្មជាតិ ដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពមនុស្ស។ ប៉ុន្តែ ភាគច្រើន តែងតែមានអ្នកមួយចំនួនយល់ខុស លើការរក្សាទុកដាក់ ដោយយកវាទៅក្លាសេចោលក្នុងទូទឹកកក។ នៅក្រោមសីតុណ្ហភាពត្រជាក់ ទឹកឃ្មុំ នឹងប្រែជាឡើងខាប់ (សឹងតែដូចម្សៅខាប់) រហូតពិបាកដួសចេញយ៉ាងខ្លាំង ជាក់ជាពុំខាន។ ជម្រើស ដែលល្អបំផុតគឺ រក្សាវាទុកក្នុងកែវបិទគម្របជិត និងដាក់វានៅកន្លែងដែលងងឹត។ 

៨. នំប៉័ង

បើនិយាយពីនំប៉័ង ឲ្យតែញ៉ាំមិនអស់ ប្រាកដជាបោះចូលទូទឹកកកមិនខាន។ ប៉ុន្តែ ជាក់ស្តែង នំប៉័ង មិនត្រូវធាតុជាមួយនឹងទូទឹកកកនោះទេ លុះត្រាតែវាក្លាយជាសាំងវ៉ិចហើយ។ នៅក្រោមសីតុណ្ហភាពត្រជាក់ នំប៉័ងនឹងប្រែទៅជាស្វិត រហូតទំពារមិនចង់ដាច់ ថែមទៀតផង។ ជាពិសេស វានឹងប្រែជាគ្មានរសជាតិ ហើយឆាប់ខូច ជាងទុកនៅក្រៅធម្មតាទៅទៀត។ 

៩. កាហ្វេ

មិនថាជាគ្រាប់កាហ្វេ ឬជាម្សៅកាហ្វេនោះទេ អ្នកមិនត្រូវរក្សាវាទុក ក្នុងទឹកកកកបានឡើយ។ នៅក្រោមសីតុណ្ហភាពត្រជាក់ វានឹងកើនឡើងជាតិសំណើម បណ្តាលឲ្យបាត់បង់រសជាតិកាហ្វេ។ មួយវិញទៀត កាហ្វេ ដើរតួដូចជាអេប៉ុងស្រូបក្លិនយ៉ាងអញ្ចឹង ដោយវាប៊ឺតយកក្លិនផ្សេងៗ ពីរបស់របរក្នុងទូទឹកកក រហូតទាល់តែ បាត់បង់ក្លិនកាហ្វេអស់ទាំងស្រុងតែម្តង។ 

១០. ប្រេង

ប្រេង គឺជាគ្រឿងផ្សំ ក្នុងអាហារ ដែលត្រូវបានប្រើប្រាស់ សឹងតែក្នុងអាហារគ្រប់ប្រភេទ។ ជាការពិតណាស់ អ្នកមិនអាចយកប្រេង ទៅរក្សាទុក នៅក្នុងទូទឹកកកបានឡើយ ពីព្រោះវានឹងប្រែជាឡើងខាប់ និងអាចរឹងកំព្រឹស ដូចដុំប័រ ក៏ថាបាន ជាពិសេស គឺប្រភេទប្រេងអូលីវ និងប្រភេទ ប្រេងដូងតែម្តង។ ហេតុនេះ អ្នកគួររក្សាវាទុកនៅក្រៅធម្មតាបានហើយ ដើម្បីការពារកុំឲ្យពិបាករំលាយវាវិញ នៅរាល់ពេលត្រូវការប្រើប្រាស់៕ 

ប្រភព៖ Lifehack | treehugger

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]