(រតនគិរី)៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដឹកនាំដោយលោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ បានចុះបង្ក្រាប និងរឹបអូសឈើប្រណិត ជាច្រើនដុំ ស្ថិតនៅទីតាំងស្តុកឈើមួយកន្លែង ក្នុងភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកវរសេនីយ៍ឯក នូវ ដារ៉ា បានប្រាប់ភ្នាក់ងារ Fresh News ថា បន្ទាប់ពីទទួលព័ត៌មានពីកម្លាំងសម្ងាត់ថា ទីតាំងខាងលើ មានរថយន្តដឹកឈើប្រណិតចូលញឹកញាប់រួចមក លោកបានសុំគោលការណ៍ ពីលោកឧត្តមសេនីយ៍ត្រី ងួន គឿន ស្នងការនគរបាលខេត្ត និងលោកឧត្តសេនីយ៍ត្រី វ៉ាន់ សង្វាត ស្នងការរងទទួលបន្ទុកប្រឆាំងបទល្មើស ព្រមទាំងមានការសម្របសម្រួលតាមច្បាប់ពីលោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារង​ផងនោះ បានចុះរឹបអូសឈើប្រណិតជាក់ស្តែងតែម្តង។

លោកបានបញ្ជាក់ថា ម្ចាស់ទីតាំងនេះឈ្មោះ យ៉ាវ លាងហេង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ។ កម្លាំងនគរបាល បានរឹបអូសឈើប្រណិត និងឈើលេខមួ ​មួយចំនួនធំ រួចហើយនាំយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តទៀត។

លោក ម៉ម វណ្ណដា បានថ្លែងថា «ឈើទាំងនេះ បន្ទាប់ពីធ្វើការវាស់វែងរួច យើងនឹងប្រគល់ជំនាញរដ្ឋបាលព្រៃឈើ ចាត់ការបន្ត​តាមច្បាប់ស្តីពីព្រៃឈើ»។

បើតាមមន្រ្តីនគរបាល ដែលចូលរួមប្រតិបត្តិការចុះរឹបអូសនេះ ឈើទាំងនេះ ត្រូវបានម្ចាស់ទីតាំងស្តុកទុក ដើម្បីប្រុងនាំ​ទៅកាន់​វៀតណាម។ យ៉ាងណាក៏ដោយ ចំនួនឈើនៅមិនទាន់ដឹងនៅឡើយទេ ហើយពេលចុះបង្ក្រាប ក៏មិនមានការ​ឃាត់ខ្លួនម្ចាស់ទីតាំងបានឡើយ៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ខឹង​គេ​ហៅ​ថា ​ខ្ទើយ​ ក៏ផ្ទុះ​ហិង្សា​វ៉ៃប្រាវ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ដោយសារ​តែ​ខឹង​គេ​ហៅ​ថា ខ្ទើយ ក៏​ក្លាយជា​ទំនាស់​ពាក្យ​សម្ដី​ឈាន​ទៅ​ប្រើ​ហឹ​ង្សា បណ្តាល​ឱ្យ​រង​របួស​ខ្លួនឯង រយះ​ថ្ងាស់​យ៉ាងដំណំ​។ ករណី​ទំនាស់​ខាងលើ​កើតឡើង​ម៉ោង​០៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១១ កុម្ភៈ ២០១៧ នៅ​ផ្លូវ​បេតុង ភូមិ​ថ្ម​គោ​១ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

យុវជន​ដែល​រង​របួស​ឈ្មោះ គឹ​ម ង៉ែត អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ផ្លូវ​បេតុង ភូមិ​ថ្ម​គោ​១ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ របួស​ថ្ងាស់​មុខ​ផ្នែក​ខាងឆ្វេង​។ អ្នក​បង្ក​ឈ្មោះ កង ពេ​ជ​មុន្នី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ថ្ម​គោ​១ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​សម្ដី​យុវជន​រង​គ្រោះ​បាន​ប្រាប់​ថា មុន​កើតហេតុ​ខណៈ​ដែល​ខ្លួន​ដើរមក​លេង​ក្រៅ​ផ្ទះ​ស្រាប់តែ​មនុស្ស​ក្នុងផ្ទះ ជន​បង្ក​បាន​ស្រែក​ដៀមដាម​ឱ្យ​ខ្លួន​ថា ជា​ខ្ទើយ ដោយសារ​ខឹង​ក៏​ក្លាយជា​ទំនាស់​ពាក្យ​សម្ដី​ទៅ​វិញ​ទៅ​មក ស្រាប់តែ​គ្រួសារ​ជន​បង្ក​ខាងលើ​មាន​គ្នា​ប្រហែល​១០​នាក់​មក​ព្រួត​វាយ​មក​លើ​គាត់​តែ​ម្នាក់ឯង បណ្តាល​ឱ្យ​រង​របួស​រយះ​ថ្ងាស់​ខាងឆ្វេង​ហូរ​ឈាម​ពេញ​មុខតែ​ម្តង​។

បើ​តាម​សម្ដី​បុរស​ដែល​ចោទ​ជា​អ្នក​បង្ក​បាន​ប្រាប់​សមត្ថកិច្ច​ថា មុន​កើតហេតុ​ក្មួយ​ស្រី​គាត់​ឈ្មោះ រុណ សុភ​ត្ត្រា អាយុ​១៩​ឆ្នាំ បាន​មក​ឈរ​លេង​មុខ​ផ្ទះ ក្រោយមក​ស្រាប់តែ​ឃើញ​មាន​ទំនាស់​ជាមួយ​យុវជន​ខាងលើ ពេល​នោះ​គាត់​បាន​ចេញពី​ក្នុងផ្ទះ​មក​ជួយ​អន្តរាគមន៍ និង​បាន​ប្រវាយប្រតប់​ជាមួយ​យុវជន​ខាងលើ​មែន ប៉ុន្តែ​ប្រើ​ដៃ​ទៅ​វិញ​ទៅ​មក​ទេ ចំណែក​ក្បាល​ដែល​បែក​នោះ គឺ​យុវជន​នេះ​ដួល​ប៉ះ​ដុំ​ថ្ម​ដោយ​ខ្លួនឯង​ទេ​។

ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​ស្នាក់​នៅ​ក្បែ​ចំណុច​ខាងលើ បាន​លួច​ប្រាប់​ថា តាម​ពិត​គ្រួសារ​ទាំង​០២​ខាងលើ​នេះ ឃើញ​មាន​ទំនាស់​ជេរ​គ្នា​ទៅ​វិញ​ទៅ​មក​តាំងពី​រសៀល​ថ្ងៃ​ទី​១០ កុម្ភៈ មកម្ល៉េះ និង​ចេះ​តែ​ដៀ​ម​តាម​សម្ដី​ទៅ​វិញ​ទៅ​មក រហូត​ដល់​យប់​កើតហេតុ​ផ្ទុះ​រឿង​វាយតប់​គ្នា​តែ​ម្តង​។

ក្រោយ​ហេតុការណ៍​កើតឡើង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ហៅ​ភាគី​សងខាង​មក សម្របសម្រួល​គ្នា​បញ្ចប់រឿង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ ដោយ​គ្រាន់​ចេញថ្លៃ​ថ្នាំ​ព្យាបាល។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]