(ភ្នំពេញ)៖ ដីឡូត៍មួយកន្លែង មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានតម្លៃខ្ទង់លានដុល្លារ ដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពផលិត និងជួញដូរគ្រឿងញៀន កាលពី៧ឆ្នាំមុននោះ ត្រូវបានគណៈកម្មការចំរុះ មកក្រសួងចំនួន៣ គឺក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌឬស្សីកែវ ដឹកនាំដោយតំណាងអយ្យការ ចុះទៅរឹបអូសរក្សាទុកជាសម្បត្តិរដ្ឋ​។

លោក មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានចូលរួមអនុវត្តការងារនេះ បានថ្លែងថា ដីឡូត៍ខាងលើ មានការជា​ប់ពាក់ព័ន្ធករណីគ្រឿងញៀន នាឆ្នាំ២០១០ ដែលកម្លាំងសមត្ថកិច្ចបានចុះបង្ក្រាប ហើយទីតាំងនេះ ត្រូវរឹបអូសមកទុកជាសម្បត្តិរបស់រដ្ឋ ដើម្បីចាត់ចែងតាមនីតិវិធី។

អាជ្ញាធរខណ្ឌឬស្សីកែវ បានឲ្យដឹងថា ទីតាំងដែលគណៈកម្មការចំរុះ ចុះមកអនុវត្តរឹបអូសខាងលើនេះ ធ្វើឡើងដោយយោងទៅតាមដីកាលេខ៩៤ របស់តុលាការកំពូលចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៣ និងយោងតាមសេចក្តីលេខ០៥៤ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ស្តីពីការបង្កើតគណៈកម្មការ ការតាមដាន ការប្រមូល ការគ្រប់គ្រង និងការគ្រប់គ្រងទ្រព្យសម្បត្តិ ដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

យ៉ាងណាក៏ដោយ លោក មាស វិរិទ្ធ មិនអាចបញ្ជាក់បានទេថា ដីឡូត៍មួយនេះមានតម្លៃទៅតាមទីផ្សារប៉ុន្មាននោះទេ គ្រាន់តែលោកថា ប្រហែលខ្ទង់លាន ខណៈមន្រ្តីដែលចូលរួមបានលួចបង្ហើបថា ខ្ទង់ជិត៣លានដុល្លារ៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ហួស​ចិត្ត! ធ្វើការឱ្យរាល់ថ្ងៃ តែអត់ដឹង​​ គេ​​រត់​ចោលតាំង​កាលសោះ​​...

រាជធានី​ភ្នំពេញ​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា មាន​កម្មករ-​កម្មការិនី​​ជាង​៤០០​នាក់ ​​បម្រើ​​ការ​​នៅ​ក្នុង​រោ​ងចក្រ​កាត់ដេរ​យីហោ «ជុន ចាវ» ​មាន​ទីតាំង​​ក្នុងភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​​ប្រមូលផ្ដុំ​គ្នា​​ធ្វើ​កូដកម្ម កាលពី​វេលា​ម៉ោង​០៨ ​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ​កុម្ភៈ ក្រោយ​ពេល​​ដល់​ថ្ងៃ​បើក​ប្រាក់​ខែ​ ស្រាប់តែ​ថៅកែ​​វេច​បង្វិច​រត់​ចោល​បាត់​ស្រមោល ហើយ​កម្មករ​ទាំង​អស់​នោះ មានការ​ជ្រួលច្របល់​ និង​ហួសចិត្ត​គ្រប់​ៗ​គ្នា ទើប​នាំ​គ្នា​តវ៉ា​ ដើម្បី​ទាមទារ​មកវិញ ​។

បើតាម​កម្មករ​ម្នាក់បាន​​និយាយ​ថា រោងចក្រ​​កាត់ដេរ​ខាងលើ​​ បាន​ដំណើរការ​យូរ​មក​​ហើយ មិន​ដែល​មាន​សញ្ញា​ណាមួយ​ថា​ នឹង​​ត្រូវ​ក្ស័យធន​នោះ​ឡើយ ឬ​ត្រូវ​បិទទ្វារ​នោះ​ឡើយ គឺ​​​ដំណើរការ​រហូត ។ ហើយ​ចុង​ក្រោយ​នេះ ​គឺត្រូវ​បើកប្រាក់ខែ​​នៅ​ក្នុង​ថ្ងៃ​សុក្រ ​ទី​១០ ​កុម្ភៈ ​ដែល​ក្នុង​កម្មករ​ម្នាក់​ៗ ត្រូវ​ទទួល​បាន​ចាប់ពី២០០​​ដុល្លាររ​​ឡើង​ទៅ​ ។ ​ប៉ុន្តែ​ដល់​ថ្ងៃ​កំណត់​ ត្រូវ​បើក​ប្រាក់ខែ ស្រាប់តែ​បាត់​មិន​ឃើញ​​ថៅកែ ហើយ​បន្ទាប់មក​​ពួក​គេ​បាន​ទទួល​ដំណឹង​​ថា ថៅកែ​បាន​រត់​ចោល​កម្មករ​បាត់​​អស់​ហើយ ទើប​កម្មករ​ម្នាក់​ៗ​​មានការ​ជ្រួលច្របល់​ និង​ហួសចិត្ត​យ៉ាង​ខ្លាំង ដោយ​មិន​នឹក​ស្មាន​ដល់​ឡើយ​។

​ក្រោយ​ពេល​ថៅកែ​រត់​បាត់ ពួក​គេ​មិន​អាច​រក​អ្នក​ទទួលខុសត្រូវ​បាន​នោះ​ឡើយ តែលតោល​ដូច​ជា​ខ្លែង​ដាច់​ខ្សែ ម្យ៉ាងទៀត​គ្មាន​ប្រាក់​សម្រាប់​ទូទាត់​ថ្លៃ ជួល​ផ្ទះ​ស្នាក់​នៅ ការ​ចំណាយ​ក្នុង​ការ ធ្វើ​ដំណើរ​ទៅ​មក និង​ការ​ហូប​ចុក​ព្រមទាំង​ចំណាយ​ផ្សេង​ៗ​ទៀត​ឡើយ ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]