(ប៉ៃលិន)៖ លោក រ៉ិត គង់ ប្រធានការិយាល័យគយ និងរដ្ឋាករច្រកព្រំដែន ព្រំ នៃសាខាគយ និងរដ្ឋាករខេត្តប៉ៃលិន នៅម៉ោង​១១៖២៥នាទី យប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ បានទទួលមរណភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តរបស់លោក បុកជាមួយរថយន្តដឹកម៉ៃឃូ ក្នុងភូមិរថក្រោះឆេះ ខេត្តប៉ៃលិន។

សមត្ថកិច្ចនគរបាល​ខេត្តប៉ៃលិន បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា មុនពេល​កើតហេតុ នៅយប់ថ្ងៃទី១២ ខែកុម្ភៈ លោក រ៉ិត គង់ ប្រធានការិយាល័យគយ និងរដ្ឋាករ ច្រកព្រំដែនព្រំ បានធ្វើដំណើរចេញពី​កន្លែងធ្វើការ ត្រឡប់ទៅផ្ទះ នៅខេត្តបាត់ដំបង លុះដល់កន្លែងកើតហេតុក៏ជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្តរបស់លោក រ៉ិត គង់ ក៏បុកជាមួយរថយន្តធនធំ ដឹកម៉ៃឃូ បណ្តាលឲ្យស្លាប់ នៅកន្លែងកើតហេតុ៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ រថយន្តក្រុង​បុក​ជាមួយ​គោ​យន្ត ស្លាប់​ម្នាក់​របួស​បាក់ជើង​ម្នាក់​នៅ​ក្រុង​បា​វិត

ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្ក​ឡើង​ ដោយ​រថយន្ត​ទេសចរណ៍​៤៥​កៅអី បុក​ជាមួយ​គោ​យន្ត​ ដឹក​ដើម​ប្រេងខ្យល់​ពេញទំហឹង​ បណ្តាល​ឲ្យ​អ្នកបើកបរ​គោ​យន្ត​ស្លាប់​ភ្លាម​ៗ​នៅ​លើ​គោ​យន្ត រីឯ​រថយន្តក្រុង​រេ​ចង្កូត​បើក​បុក​ម៉ូតូ​ ពីរ​នាក់​ប្តី​ប្រពន្ធ​កំពុង​ឈប់​ចាក់​សាំង​ខាង​មុខ​ តូប​លក់​កាហ្វេ​បណ្តាល​ឲ្យ​រង​របួស​បាក់ជើង​ម្ខាង និង​ជ្រុល​ចូល​ក្នុង​ហាង​លក់​កាហ្វេ​បុក​រះ​ ធ្វើ​ឲ្យ​ភ្ញៀវ​កំពុង​អង្គុយ​ ក្នុង​ហាង​កាហ្វេ​រត់​ប្រាស​អាយុ​ភ័យ​ស្លន់ស្លោ​។

ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​ ៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៦​កុម្ភៈ ២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ចំណុច​ខាងលិច​ខ្លោងទ្វារវត្ត​ធ្លក ស្ថិត​នៅ​ភូមិ​ព្រៃ​ផ្តៅ សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត​។

បើ​តាម​សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ បុរស​ម្នាក់​បើកបរ​គោ​យន្ត​ដឹក​ដើម​ប្រេងខ្យល់​ពី​ទិស​ខាងកើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ​បាន​រេ​ចង្កូត​ចូល​ទ្រូង​ថ្នល់​ស្រប​ពេល​នោះ​ក៏​មាន​រថយន្តក្រុង​មួយ​គ្រឿង​ប្រភេទ​ទេសចរណ៍​៤៥​កៅអី ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ក្រហម បើកបរ​បញ្ច្រាសទិស​គ្នា​ពី​លិច​មក​កើត​ក៏​បុក​គ្នា​ពេញទំហឹង​លាន់​ដូច​រន្ទះ បណ្តាល​ឲ្យ​បុរស​អ្នកបើកបរ​គោ​យន្ត​ស្លាប់​ភ្លាម​ៗ​នៅ​លើ​គោ​យន្ត​គួរ​ឲ្យ​រន្ធត់​។

បន្ទាប់​មក​រថយន្ត​បង្ក រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​ ២​នាក់​ប្តី​ប្រពន្ធ​ដែល​កំពុង​ឈប់​ចាក់​សាំង​នៅ​ខាង​មុខ​ផ្ទះ​ លក់​កាហ្វេ​បណ្តាល​ឲ្យ​ ស្ត្រី​ជា​ប្រពន្ធ រង​របួស​បាក់ជើង​ម្ខាង រីឯ​បុរស​ជា​ប្តី​គេច​ផុត រថយន្ត​ក៏​ជ្រុល​ចង្កូត​បុក​ចូល​ក្នុង ផ្ទះ​លក់​កាហ្វេ​បុក​រះ បណ្តាល​ឲ្យ​ភ្ញៀវ​ភិតភ័យ​រត់​ប្រាស​អាយុ​។ បន្ទាប់​មក​សមត្ថកិច្ច​បញ្ជូន​ ស្ត្រី​រង​គ្រោះ​មក​កាន់​មន្ទីរពេទ្យ​ខេត្ត ដើម្បី​សង្គ្រោះ​។

សមត្ថកិច្ច​សន្និដ្ឋាន​ថា មូលហេតុ​អ្នក​បើក​គោ​យន្ត​ដឹក​ ដើម​ប្រេងខ្យល់​រេ​ចង្កូត​ចូល​ទ្រូង​ថ្នល់​បណ្តាល​ឲ្យ​ដើម​ប្រេងខ្យល់​រេ​ចូល​ ផ្លូវ​រថយន្តក្រុង​ទើប​បុក​គ្នា​ដូច្នេះ ទោះបី​យ៉ាងណា​សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​ និង​វាស់វែង​រក​ឲ្យ​ឃើញ​ថា តើ​ភាគី​ណា​ជា​អ្នក​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]