ខេត្ត​ត្បូងឃ្មុំ ៖ គោ​យន្ត​កែ​ច្នៃ​១​គ្រឿង​ពាក់​ស្លាក​លេខ ព្រៃវែង 6A-0269 បាន​ផ្ទុក​អង្ករ​ពេញ​បាន​បើកចុះ​សាឡា​ង សាមគ្គី​០២៧ ជា​ហេតុ​បណ្តាល​ឲ្យ​ក្រឡាប់​បះជើង​ច្រូង និង​រង​របួសធ្ងន់​ដល់​អ្នកបើកបរ​។ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១២ កុម្ភៈ ២០១៧ ត្រង់​ចំណុច​ភូមិ​ទ្រាទី​៣​ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ អ្នក​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ជា​បន្ទាន់​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​។

នគរបាល​ស្រុក​ក្រូចឆ្មារ ប្រាប់​ឲ្យ​ដឹង​ថា គោ​យន្ត​១​គ្រឿង​ដឹក​អង្ករ​ខាងលើ​នេះ​បាន​បើក​ចេញ​មក​ពី​ក្នុងស្រុក​ក្រូចឆ្មារ និង​បាន​បើក​ចុះ​សាឡា​ង​ដើម្បី​ឆ្ពោះ​មក​កាន់​ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ស្រប​ពេល​ដែល​កំពុង​តែ​ចុះ​ទួល​នោះ​ជា​ហេតុ​បណ្តាល​ឲ្យ​ដាច់​ហ្វ្រាំង និង​បាន​រអិល​មក​សង្កត់​លើ​បង្កាន់ដៃ​សាឡា​ង​ផ្នែក​ខាងឆ្វេង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​សាឡា​ង​តែ​ម្តង​។

មន្ត្រី​នគរបាល​ស្រុក​ក្រូចឆ្មារ​ប្រាប់​បន្ត​ថា ក្នុង​ពេល​ដែល​អ្នកដំណើរ​មួយ​ចំនួន​នៅ​លើ​សាឡា​បានឃើញ​រថយន្ត​ដាច់​ហ្វ្រាំង​បែប​នេះ ក៏​បាន​លោត​ចុះ​ទៅ​ក្នុង​ទឹកទន្លេ​មេគង្គ ដើម្បី​គេច​ខ្លាច​គ្រោះថ្នាក់​ដល់​អាយុជីវិត ប៉ុន្តែ​សំណាងល្អ​មិន​មាន​អ្នកដំណើរ​ណា​ម្នាក់​រង​របួស​នោះ​ឡើយ​។ រថយន្ត​ដឹក​អង្ករ​ត្រូវ​បាន​ជំនាញ​ចរាចរណ៍​នគរបាល​ស្រុក​ក្រូចឆ្មារ ប្រគល់​ឲ្យ​ទៅ​អង្គភាព​សាឡា​ង​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី ព្រោះ​ដើម្បី​ទូទាត់​សំណង​ថ្លៃ​ការ​ខូចខាត​នោះ ។

មន្ត្រី​នគរបាល​ស្រុក​ក្រូចឆ្មារ បញ្ជាក់​ថា កន្លង​មក​ក៏​ធ្លាប់​មាន​គោ​យន្ត​កែ​ច្នៃ​១​គ្រឿង​បាន​ដឹក​ក្បឿង​បើក​ចុះ​មក​ដល់​សាឡា​ង ក៏​រ​អិស​ចុះ​ទៅ​បុក​រថយន្ត​ទំនើប​របស់​មន្ត្រី​ស្ថានទូត​១​រូប បណ្តាល​ឲ្យ​រង​ការ​ខូចខាត​រថយន្ត​ជា​ដំណំ​ជា​ច្រើន​ខែ​មក​ហើយ ដោយ​អ្នកបើកបរ​គោ​យន្ត​នោះ​បាន​រត់គេច​ខ្លួន​បាត់​។ រថយន្ត​ត្រូវ​បាន​នាំ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រូចឆ្មារ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត​៕

ប្រភព៖ កោះសន្តិភាព

ដោយឡែក ព័ត៌មានចាប់អារម្មណ័មួយផ្សេងទៀត៖

ខឹង​គេ​ហៅ​ថា ​ខ្ទើយ​ ក៏ផ្ទុះ​ហិង្សា​វ៉ៃប្រាវ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ដោយសារ​តែ​ខឹង​គេ​ហៅ​ថា ខ្ទើយ ក៏​ក្លាយជា​ទំនាស់​ពាក្យ​សម្ដី​ឈាន​ទៅ​ប្រើ​ហឹ​ង្សា បណ្តាល​ឱ្យ​រង​របួស​ខ្លួនឯង រយះ​ថ្ងាស់​យ៉ាងដំណំ​។ ករណី​ទំនាស់​ខាងលើ​កើតឡើង​ម៉ោង​០៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១១ កុម្ភៈ ២០១៧ នៅ​ផ្លូវ​បេតុង ភូមិ​ថ្ម​គោ​១ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

យុវជន​ដែល​រង​របួស​ឈ្មោះ គឹ​ម ង៉ែត អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ផ្លូវ​បេតុង ភូមិ​ថ្ម​គោ​១ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ របួស​ថ្ងាស់​មុខ​ផ្នែក​ខាងឆ្វេង​។ អ្នក​បង្ក​ឈ្មោះ កង ពេ​ជ​មុន្នី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ថ្ម​គោ​១ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​សម្ដី​យុវជន​រង​គ្រោះ​បាន​ប្រាប់​ថា មុន​កើតហេតុ​ខណៈ​ដែល​ខ្លួន​ដើរមក​លេង​ក្រៅ​ផ្ទះ​ស្រាប់តែ​មនុស្ស​ក្នុងផ្ទះ ជន​បង្ក​បាន​ស្រែក​ដៀមដាម​ឱ្យ​ខ្លួន​ថា ជា​ខ្ទើយ ដោយសារ​ខឹង​ក៏​ក្លាយជា​ទំនាស់​ពាក្យ​សម្ដី​ទៅ​វិញ​ទៅ​មក ស្រាប់តែ​គ្រួសារ​ជន​បង្ក​ខាងលើ​មាន​គ្នា​ប្រហែល​១០​នាក់​មក​ព្រួត​វាយ​មក​លើ​គាត់​តែ​ម្នាក់ឯង បណ្តាល​ឱ្យ​រង​របួស​រយះ​ថ្ងាស់​ខាងឆ្វេង​ហូរ​ឈាម​ពេញ​មុខតែ​ម្តង​។

បើ​តាម​សម្ដី​បុរស​ដែល​ចោទ​ជា​អ្នក​បង្ក​បាន​ប្រាប់​សមត្ថកិច្ច​ថា មុន​កើតហេតុ​ក្មួយ​ស្រី​គាត់​ឈ្មោះ រុណ សុភ​ត្ត្រា អាយុ​១៩​ឆ្នាំ បាន​មក​ឈរ​លេង​មុខ​ផ្ទះ ក្រោយមក​ស្រាប់តែ​ឃើញ​មាន​ទំនាស់​ជាមួយ​យុវជន​ខាងលើ ពេល​នោះ​គាត់​បាន​ចេញពី​ក្នុងផ្ទះ​មក​ជួយ​អន្តរាគមន៍ និង​បាន​ប្រវាយប្រតប់​ជាមួយ​យុវជន​ខាងលើ​មែន ប៉ុន្តែ​ប្រើ​ដៃ​ទៅ​វិញ​ទៅ​មក​ទេ ចំណែក​ក្បាល​ដែល​បែក​នោះ គឺ​យុវជន​នេះ​ដួល​ប៉ះ​ដុំ​ថ្ម​ដោយ​ខ្លួនឯង​ទេ​។

ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​ស្នាក់​នៅ​ក្បែ​ចំណុច​ខាងលើ បាន​លួច​ប្រាប់​ថា តាម​ពិត​គ្រួសារ​ទាំង​០២​ខាងលើ​នេះ ឃើញ​មាន​ទំនាស់​ជេរ​គ្នា​ទៅ​វិញ​ទៅ​មក​តាំងពី​រសៀល​ថ្ងៃ​ទី​១០ កុម្ភៈ មកម្ល៉េះ និង​ចេះ​តែ​ដៀ​ម​តាម​សម្ដី​ទៅ​វិញ​ទៅ​មក រហូត​ដល់​យប់​កើតហេតុ​ផ្ទុះ​រឿង​វាយតប់​គ្នា​តែ​ម្តង​។

ក្រោយ​ហេតុការណ៍​កើតឡើង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ហៅ​ភាគី​សងខាង​មក សម្របសម្រួល​គ្នា​បញ្ចប់រឿង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ ដោយ​គ្រាន់​ចេញថ្លៃ​ថ្នាំ​ព្យាបាល។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]