(ភ្នំពេញ)៖ មន្រ្តីអាវុធហត្ថរាជធានីភ្នំពេញ បានប្រើកាំភ្លើង K54 បាញ់សម្លាប់ខ្លួនឯង ស្ថិតនៅក្បែររង្វង់មូលខាងកើត ស្ពានលីយ៉ុងផាត់ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ នារសៀលថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

ការបាញ់សម្លាប់ខ្លួ​នឯងនេះ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ មិនទាន់អាចបញ្ជាក់ពីមូលហេតុនោះទេ​ ដោយនៅពេលនេះកំពុងតែធ្វើការស្រាវជ្រាវ។

លោកអនុសេនីយ៍ទោ ម៉េង សារ៉ាត់ នាយនគរបាលប៉ុស្ដិ៍ព្រែកតាសេក បានប្រាប់ថា «យើងមិនទាន់ដឹងពីមូលហេតុទេ មកទល់ពេលនេះព្រោះមន្ត្រីជំនាញ កំពុងសហការ ត្រួតពិនិត្យកោសល្យវិច្ច័យលើសព»។

លោក ម៉េង សារ៉ាត់ បានបញ្ជាក់ទៀតថា ជនរងគ្រោះឈ្មោះ ឃុត សាវុធ អាយុ៣៧ឆ្នាំ ជាមន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ ស្នាក់នៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ករណីរឹត-ក សម្លាប់​កូនស្រី​មន្រ្តីរដ្ឋសភា​ប្លន់ យក​ទ្រព្យសម្បត្តិ, ​ព្រឹកនេះ​សមត្ថកិច្ចចុះ​ទៅដកហូត​គ្រឿងអល្លង្ការ និងទូរស័ព្ទ នៅហាង​លក់ដូរ ក្នុងផ្សារគគីរ ស្រុកកៀនស្វាយ

(កណ្ដាល)៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ កម្លាំងនគរបាល​ខណ្ឌច្បារអំពៅ សហការ​ជាមួយ​កម្លាំងនគរបាល​ស្រុក​កៀនស្វាយ ក្រោមការសម្របសម្រួលពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល បានចុះដកហូតវត្ថុតាង​ជាគ្រឿង​អល្លង្ការនិងទូរស័ព្ទនៅផ្សារគគីរ ស្រុកកៀនស្វាយ ដែលជាកម្មសិទ្ធិ​របស់​ជនរងគ្រោះ​ជាកូនមន្ដ្រីរដ្ឋសភា ដែលត្រូវបាន​ឃាតក សម្លាប់​ប្លន់យកទ្រព្យសម្បត្តិ នៅខណ្ឌច្បារអំពៅ​ហើយយកទៅលក់​នៅទីនោះ។

មន្ដ្រីនគរបាលបានឲ្យដឹងថា វត្ថុតាងដែលដកហូត​បានរួមមាន៖ កងដៃផ្លាកទីន​ចំនួន​១ ដកហូតពី​ឈ្មោះ អ៊ី ណារិទ្ធ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរអាជីវករ​លក់មាស និង​ទូរស័ព្ទដៃម៉ាក iPhone 5 ០១គ្រឿង ដកហូតពី ឈ្មោះ ងួន សៅមុនី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរលក់ទូរស័ព្ទ​។

ដោយឡែក​អ្នកទិញ និងវត្ថុតាង បានបញ្ជូនទៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅដើម្បីបន្តនីតិវិធី។

សូមជំរាបថា ករណីកូនស្រីមន្រ្តីរដ្ឋសភា ត្រូវគេចូលទៅរឹត-ក សម្លាប់ប្លន់យកទ្រព្យសម្បត្តិដល់ក្នុងបន្ទប់ ខណ្ឌច្បារអំពៅ ត្រូវបានកម្លាំងនគរបាល តាមចាប់ជនដៃដល់បានហើយ គឺជាពូបង្កើតរបស់ជនរងគ្រោះតែម្តង។

លោក ម៉ៅ សឿត អធិការរងនគរបាលខណ្ឌច្បារអំពៅ បានប្រាប់ឲ្យដឹងថា បន្ទាប់ពីមានករណីឃាតកម្ម​រឹត-ក​សម្លាប់ប្លន់ យកទ្រព្យសម្បត្តិ នាយឧត្តមសេនីយ៍​ស្នងការ ជួន សុវណ្ណ បានបញ្ជាឲ្យកម្លាំងជំនាញ សហការគ្នា រហូតតាមចាប់ ជនសង្ស័យ បាននៅស្រុកកៀនស្វាយ ខេត្តកណ្តាល នាថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៧នេះ។

លោកបានបញ្ជាក់ថា «យើងបានហើយធ្វើការស្រាវជ្រាវនិងមានកាំម៉ាសុវត្ថិភាព ហើយសហការ ជាមួយកងរាជអាវុធ ហត្ថខណ្ឌច្បារអំពៅ និងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ក៏ឈានទៅដល់ការ ឃាត់បានបុរសជនសង្ស័យជា ជនដៃដល់ត្រូវជាពូបង្កើតតែម្តង»។​

សម្រាប់មូលហេតុវិញ ជនសង្ស័យបានសារភាពថា មកពីខ្វះខាតលុយដើម្បីចិញ្ចឹមគ្រួសារ។

សូមបញ្ជាក់ថា នារីកូនរបស់មន្រ្តីរដ្ឋសភា ត្រូវជនល្មើសមិនស្គាល់អត្តសញ្ញាណ ចូលទៅរឹត-កសម្លាប់ចោលដល់ក្នុងប​ន្ទប់ដេក ប្លន់យកទ្រព្យសម្បត្តិជាគ្រឿងអលង្ការ និងទូរស័ព្ទដៃ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅវេលាម៉ោង​ជាង១១ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

អំពើប្លន់សម្លាប់នេះ បានកើតឡើងនៅចំណុចផ្ទះលេខ៤៤៣ តាមផ្លូវបេតុង ស្ថិតនៅភូមិព្រែកជាងព្រហ្ម សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា សពនារីរងគ្រោះឈ្មោះ ពៅ សុភ័ក្រ្ត អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ ត្រូវបានជនដៃដល់​យកខ្សែភ្លើង រឹត-កបណ្ដាលសម្លាប់ក្នុងបន្ទប់ដេក។

តាមសេចក្តីរាយការណ៍ពីជិតខាង បានឲ្យដឹងថា អំពើឃាតកម្មនេះ បានដឹងដោយសារតែក្មេងស្រីតូចម្នាក់ ដែលជាប្អូនស្រីរបស់​នារីរងគ្រោះ បានស្រែកយំយ៉ាងខ្លាំង។ នៅពេលកើតហេតុនេះ ខណៈឪពុកម្តាយរបស់នាង បានចេញទៅធ្វើការបាត់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]