ភ្នំពេញ៖ ក្នុងមួយរយៈពេលចុងក្រោយនេះ អ្នកគាំទ្រសង្កេតឃើញថា តារាចម្រៀងស្រី អ្នកនាង ពេជ្រ សោភា និង លោក ងួន ចាន់ដេវីត ហាក់ដូចជា មានចំហាយមិនស្រួល ដូចជាមានរឿងអ្វីជាមួយគ្នា។

កន្លងមក អ្នកគាំទ្រ តែងតែឃើញ អ្នកទាំងពីរ បានសម្រេច នូវសមិទ្ធផលអាល់ប៊ុម បទចម្រៀងថ្មីៗជាច្រើនរួមគ្នា ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង នៅក្នុងស្រទាប់យុវវ័យនាពេលបច្ចុប្បន្ន។

ប៉ុន្តែក្រោយបុណ្យចូលឆ្នាំចិនរួចមក ពួកគេហាក់ដូចជាឃ្លាតឆ្ងាយ នឹងគ្នាយ៉ាងមួយទំហឹង ដែលឃើញ អ្នកនាង ពេជ្រ សោភា និង ដេវីត លែងឡើងច្រៀង ជាលក្ខណៈជាគូ នឹងគ្នា ហើយថ្មីៗនេះ លោក ដេវីត ក៏ចូលចិត្តបង្ហើរ ពាក្យពេចន៍ប្លែកៗ តាមបណ្តាញសង្គមផងដែរ។

ក្នុងនោះ តារាចម្រៀងប្រុសរូបនេះ បានបង្ហោះសារមួយ កាលពីម្សិលមិញ ដែលមានអត្ថន័យសង្ឃឹមថា «នេះគឺជាការផ្លាស់ប្តូរដ៏ធំមួយ នៃ ជីវិតរបស់ខ្ញុំ អរគុណគ្រប់យ៉ាង អរគុណណាស់ ជាចុងក្រោយមានតែពាក្យថា សោកស្តាយ និង អាលោះអាល័យជាទីបំផុត។»

ក្រោយពីបានឃើញសារបែបនេះ អ្នកគាំទ្រ កាន់តែសង្ស័យរឹតតែខ្លាំងហើយថា ទំនាក់ទំនងរវាង ដេវីត និង អ្នកនាង ពេជ្រ សោភា អាចមានការ រង្គោះរង្គើ ឬក៏ លោក ដេវីត អាចនឹងឈប់ពីផលិតកម្ម ព្រោះឃើញ ឪពុករបស់លោក បានសរសេរសារខាងក្រោមថា «ពុកសង្ឃឹមថាកន្លែងថ្មីនឹងធ្វើឲ្យកូនសប្បាយចិត្ត ក្នុងការបំពេញការងារ ពុកជូនពរកូន»

យ៉ាងណាមិញ នេះគ្រាន់តែជាមតិរបស់អ្នកគាំទ្រ ដោយផ្អែកលើ ការសង្កេត រវាងទំនាក់ទំនង របស់អ្នកនាង ពេជ្រ សោភា និង លោក ងួន ចាន់ដេវីត តែប៉ុណ្ណោះ ហើយការពិត ឬយ៉ាងណា មានតែរង់ចាំមើលទាំងអស់គ្នា។ ប៉ុន្តែអ្នកគាំទ្រ នៅតែចង់ឲ្យ ពួកគេ ដើរជាមួយគ្នាដូចដើម ដើម្បីនិពន្ធនូវបទចម្រៀងពិរោះៗជាបន្ត។

គួររំលឹកផងដែរថា កន្លងមក អ្នកនាង ពេជ្រ សោភា ធ្លាប់យកអាសារ មនុស្សជាច្រើននាក់ មកហើយ ឲ្យដើរលើវិថីសិល្បៈ ទទួលបានភាពជោគជ័យ។ តែក្រោយមក ពួកគេ ក៏បានវាយបកមកនាងយ៉ាងពេញទំហឹង និងឈ្លោះគ្នាបែកផ្សែង។ អ្វីដែលសំខាន់ មហាជនកំពុងរង់ចាំមើលថាដេវីត និង ពេជ្រ សោភា អាចនៅជាមួយគ្នាយូរប៉ុណ្ណា ព្រោះកន្លងមក គេឃើញ អ្នកនាង ពេជ្រ សោភា មិនសូវរាប់អានអ្នកណាបានយូរឡើយ ព្រោះត្រូវគេបកខាំនាងជានិច្ច៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត