អ្នកណាៗក៏ចង់រស់នៅក្នុងគេហដ្ឋាន ដែលសម្អាតស្អាត និងមានសណ្តាប់ធ្នាប់ល្អដែរ ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺ យើងម្នាក់ៗមិនមែនមានពេលគ្រប់គ្រាន់ សម្រាប់ចំណាយពេលរៀបចំសម្អាត ៤ ទៅ ៥ ម៉ោង ជារៀងរាល់ថ្ងៃឡើយ។ ហេតុនេះ យ៉ាងហោចណាស់ អ្នកក៏គួរតែយល់ដឹងអំពី កន្លែង ឬរបស់របរមួយចំនួន ដែលទាមទារការសម្អាតត្រឹម ២ ទៅ ៣ នាទីជាប្រចាំ ជាជាងរបស់របរដទៃទៀត ដើម្បីចៀសឆ្ងាយពីបាក់តេរី និងភាពកខ្វក់បានយ៉ាងល្អប្រសើរ។

ខាងក្រោមនេះ គឺជាបណ្តាកន្លែង និងវត្ថុប្រើប្រាស់ចាំបាច់ ដែលអ្នកមិនអាចមិនរៀបចំសម្អាត ខានមួយថ្ងៃបានឡើយ ៖

១. ច្រកផ្លួវដើរ

បើនិយាយអំពីផ្លូវច្រកដើរ គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អ្នករស់នៅក្នុងផ្ទះនីមួយៗ ពីព្រោះជួនកាលវាធ្វើឲ្យប៉ះពាល់ អារម្មណ៍របស់អ្នកបានផងដែរ (ចូលមករញ៉េរញ៉ៃ ក៏មានអារម្មណ៍ស្រ្តេសភ្លាមមួយរំពេច)។ ហេតុនេះសូមទុកដាក់កាតាប កាបូប និងសំភារៈផ្សេងៗ ជាពិសេសស្បែកជើង រួមទាំងអាវក្រៅ ឲ្យត្រូវទៅតាមកន្លែងរបស់វា មិនមែនចេះតែបោះគ្រវាស ទៅលើឥដ្ឋចោលនោះទេ។ អាចនិយាយបានថា ត្រឹមតែ ២ នាទី គឺរួចជាស្រេច! 

២. ក្រណាត់នៅក្នុងចង្រ្កានបាយ

ទាំងក្រណាត់ជូតដៃ ទាំងក្រណាត់ជូតចាន ទាំងក្រណាត់ផ្សេងៗទៀត ដែលត្រូវបានប្រើប្រាស់ក្នុងចង្រ្កានបាយ មើលទៅមិនជាគគ្រិចពិតមែន ប៉ុន្តែវាត្រូវបានគេសិក្សាឃើញថាមានមេរោគ និងមានភាពកខ្វក់បំផុត។ ក្រណាត់កន្សែងទាំងនោះ មានភាពកខ្វក់ យ៉ាងឆាប់រហ័សបែបនេះ ក៏ដោយសារតែអ្នកតែងតែប្រើប្រាស់វាច្រើនលើក ច្រើនសាជារៀងរាល់ថ្ងៃ។ ហេតុនេះហើយ អ្នកគួរតែធ្វើការផ្លាស់ប្តូរកន្សែងប្រើ ក្នុងចង្រ្កានបាយរៀងរាល់ ២ថ្ងៃម្តង ឬផ្លាស់ប្តូរវាជារៀងរាល់ថ្ងៃ ប្រសិនបើអ្នកមានសមាជិកគ្រួសារច្រើនរស់នៅជុំគ្នា។ 

៣. បាសាំង (លាងដៃ និងលាងចាន)

អ្នកប្រហែលជាគិតថា នៅពេលអ្នកលាងដៃ ឬលាងចានរួច បាសាំងក៏នឹងត្រូវបានសម្អាតជាមួយគ្នាដែរហើយ។ តែផ្ទុយទៅវិញ អ្នកមិនដឹងថា វាកំពុងតែបន្សល់ទុកក្អែល និងបាក់តេរី កកជាប់តាមជញ្ជាំងបាសាំងនោះទេ។ អ្នកអាចញ៉ុកឆ្នុក បិទរន្ធរបស់បាសាំង រួចយកអេប៉ុងមកដុសសម្អាត។ បន្ទាប់មកចាក់ទឹកក្តៅឧណ្ណៗចូល ដោយលាយទឹកអូសាវែលបន្តិច សឹមទុកវាចោលប្រមាណជា ៥នាទី និងបង្ហូរទឹកចោលទុកឲ្យស្ងួតជាការស្រេច។

៤. អេប៉ុងលាងចាន

អេប៉ុងផ្ទុកបាក់តេរី និងមេរោគអាក្រក់ជាច្រើនប្រភេទ។ ក្រុមអ្នកស្រាវជ្រាវ នៅឯ USDA (ក្រសួងកសិកម្មអាមេរិក) បានធ្វើតេស្តរកឃើញវិធីសាស្រ្តសម្លាប់មេរោគ ក្នុងអេប៉ុងបានរហូតដល់ទៅ ៩៩% មិនថាបាក់តេរី ផ្សិត ឬមេរោគអ្វីឡើយ ដោយគ្រាន់តែយកអេប៉ុងសើមនោះទៅ ដាក់ក្នុងម៉ាស៊ីន Microwave (បើកកម្តៅតិចៗ) រយៈពេលមួយនាទី ឬយកវាទៅដាំទឹកពុះ ៥នាទី។ ឬអនុវត្តន៍វិធីងាយៗ ដោយគ្រាន់តែពូតឲ្យវាឲ្យស្ងួត រៀងរាល់ពេលប្រើប្រាស់រួច។ 

៥. ជញ្ជាំងបន្ទប់ទឹក

ជញ្ជាំងបន្ទប់ទឹករបស់អ្នក ក៏ងាយនឹងរងភាពកខ្វក់ដែរ ដោយសារតែវាតែងទទួលរងភាពសើមជាប់ជានិច្ច។ ប៉ុន្តែសូមកុំបារម្ភអី! អ្នកគ្រាន់តែយកក្រណាត់ណាមួយ ទុកសម្រាប់ជូតជញ្ជាំងឲ្យស្ងួត  នៅរៀងរាល់ពេលងូតទឹករួចជាការស្រេច ដោយមិនចាំបាច់ ជួលអ្នកសម្អាតនាំតែអស់លុយឡើយ។ ការដែលអ្នក រក្សាជញ្ជាំងឲ្យនៅតែស្ងួតបែបនេះ វាអាចជួយបង្ការការកកើតនូវ បណ្តាបាក់តេរី មេរោគ និងផ្សិត មិនឲ្យរីកលូតលាស់បានឡើយ។ 

៦. ម៉ាស៊ីនឆុងកាហ្វេ

សព្វថ្ងៃនេះអ្នកចូលចិត្តទទួលទានកាហ្វេមានច្រើន រហូតដល់ថ្នាក់ទិញម៉ាស៊ីនឆុងកាហ្វេទុកសម្រាប់ខ្លួនឯង នៅឯផ្ទះទៀតផង។ ដោយសារតែម៉ាស៊ីនឆុងកាហ្វេ ជាឧបករណ៍ក្តៅ ដែលអាចផ្ទុកនូវបាក់តេរី និងផ្សិតច្រើន ទើបអ្នកគួរតែសម្អាតវាជារៀងរាល់ថ្ងៃ។ នៅរាល់ពេល ដែលអ្នកប្រើប្រាស់រួច អ្នកគួរតែដោះផ្នែក ដែលអាចដោះចេញបាន យកមកសម្អាត ងាយៗជាទម្លាប់ ដើម្បីការពារកម្ទេចកាហ្វេ និងខ្លាញ់កកជាប់ពាសពេញម៉ាស៊ីន។ 

៧. តេឡេទូរទស្សន៍

តេឡេបញ្ជាទូរទស្សន៍ ត្រូវបានអ្នកស្រាវជ្រាវលើកឡើងថា សំបូរទៅដោយភាពកខ្វក់ និងបាក់តេរីរស់នៅពាសពេញ។ ហេតុនេះជារៀងរាល់ព្រឹក អ្នកគួរតែ ធ្វើការជូតសម្អាតវាទុកឲ្យរួចជាស្រេច មុននឹងធ្វើការប្រើប្រាស់វាបញ្ជា ទូរទស្សន៍ពេញមួយថ្ងៃនោះ។ ជាងនេះទៅទៀត អ្នកក៏គួរជូតសម្អាតទូរស័ព្ទដៃ ឲ្យបានញឹកញាប់ផងដែរ។ 

៨. ជ្រុញ

មិនថាអ្នកប្រើប្រាស់ជ្រុញឈើ ឬជ្រុញប្រភេទជ័រនោះទេ អ្នកគួរធ្វើការសម្អាត ដោយយកវាទៅត្រាំក្នុង ទឹកលាយជាមួយទឹកខ្មេះ បរិមាណស្មើគ្នាប្រមាណជា ២នាទី នៅរៀងរាល់ពេលដែលអ្នកចម្អិនអាហាររួចរាល់ជាការស្រេច។ វាជាវិធីសម្លាប់ បាក់តេរី និងផ្សិតនៅលើផ្ទៃជ្រុញ បានយ៉ាងមានប្រសិទ្ធភាព។ 

៩. ជក់ផាត់មុខ

នេះជាចំនុចពិសេសរបស់នារីៗ ដែលតែងតែប្រើជក់ផាត់តុបតែងមុខជាប្រចាំថ្ងៃ។ ប្រហែលជាមិនមានអ្នកដឹងទេថា ជក់ផាត់មុខទាំងនោះ គឺហាក់ដូចជាឃ្លាំងស្តុកបាក់តេរី និងមេរោគអាក្រក់ៗជាច្រើនប្រភេទ ដែលអាចជ្រៀតចូល ទៅក្នុងសាច់មុខរបស់អ្នកបានយ៉ាងងាយ។ ហេតុនេះហើយ នៅរៀងរាល់ពេលដែលអ្នកប្រើប្រាស់ ឬតុបតែងមុខរួច អ្នកគួរតែយកជក់ផាត់មុខទាំងនោះ ទៅលាងទឹកសាប៊ូចេញ ទើបជាការប្រសើរ។ 

១០. បាតកាបូប

មិនថាជាកាបូបប្រភេទណាទេ ជាពិសេសកាបូបស្ពាយរបស់នារីៗតែម្តង គឺមិនសូវមានអ្នកចាប់អារម្មណ៍ពីភាពកខ្វក់ របស់វាប៉ុន្មាននោះទេ។ អ្នកយកវាទៅដាក់លើចានបន្គន់បន្ទប់ទឹក ដាក់លើឥដ្ឋ ដាក់លើតុ និងកន្លែងផ្សេងៗទៀត ដែលអ្នកមិនដឹងថា វាពិតជាគគ្រិចប៉ុណ្ណាឡើយ។ ហេតុនេះ អ្នកគួរយកក្រណាត់សើម (ក្រដាសសើម របស់កូនក្មេង) មកជូតសម្អាតបាតកាបូប របស់អ្នកជារៀងរាល់ល្ងាច ដើម្បីកម្ចាត់មេរោគ និងបាក់តេរីឲ្យឆ្ងាយអស់៕

ប្រភព៖ Indiatimes | GH | Bright Side

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]