ភ្នំពេញៈ ក្រោយ​ចំណាយ​ពេល​គ្មាន​ទ្រនំ​ជ្រក​អស់​មួយ​រយៈ​ធំ​បន្ទាប់​ពី​ដើរ​ចេញ​ពី​ ផលិត​កម្ម​ប៊ិក​មែន(Big Man) តារា​ចម្រៀង​ជើង​ខ្លាំង​អំឡុង​ឆ្នាំ​២០០០ អ្នក​នាង យក់ ឋិត​រដ្ឋា កំពុង​កក់​ក្តៅ​ក្នុង​ចិត្ត​ហើយ​នៅ​ពេល​ដែល​នាង​ត្រូវ​បាន​ផលិត​កម្ម​រស្មី​ ហង្ស​មាស ដែល​ជា​ផលិត​កម្ម​ចម្រៀង​ដ៏​ធំ​នៅ​ស្រុក​ខ្មែរ​ជ្រើស​រើស​នាង​ឲ្យ​ចូល​ច្រៀង ​ជា​ផ្លូវ​ការ​នោះ​។

បន្ទាប់​ពី​គ្មាន​ដំណោះ​ស្រាយ​ពី​ផលិត​កម្ម​ប៊ិក​មែន តារា​ចម្រៀង​ដែល​ល្បី​ខ្លាំង​តាម​រយៈ​បទ «​ស្រឡាញ់​គ្នា​ឲ្យ​ស្លាប់​ចុះ​» អ្នក​នាង យក់ ឋិតរដ្ឋា ក៏​បាន​ដើរ​ចេញ​ផលិត​កម្ម​នោះ តែ​នាង​មិន​បាន​បន្ត​ចូល​ច្រៀង​ឲ្យ​ផលិត​កម្ម​ថ្មី​ណា​មួយ​ឡើយ​។ ទើប​តែ​ពេល​នេះ ដែល​ព័ត៌​មាន​ច្បាស់​ការ​បាន​លេច​ឡើង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ គឺ​តារា​ចម្រៀង​កូន​មួយ​អ្នក​នាង យក់ ឋិត​រដ្ឋា ត្រូវ​បាន​ជ្រើស​ឲ្យ​ចូល​ច្រៀង​នៅ​ផលិត​កម្ម​រស្មី​ហង្ស​មាស​ ដែល​តារា​គ្រប់​ដួង​តែង​និយាយ​ថា ហង្ស​មាស​ជា​ផលិត​កម្ម​យក្ស​នៅ​ស្រុក​ខ្មែរ​។

លោក ឃុំ ប៉ុណ្ណា​ដែត អតីត​តារា​ចម្រៀង​ល្បី​ម្នាក់​ដែល​ត្រូវ​ជា​ស្វាមី​អ្នក​នាង យក់ ឋិត​រដ្ឋា បាន​ឲ្យ​ដឹង​ថា យក់ ឋិត​រដ្ឋា កំពុង​ទទួល​បាន​ការងារ​ថ្មី​នៅ​រស្មី​ហង្ស​មាស ហើយ​នាង​នឹង​ចេញ​នូវ​អាល់​ប៊ុម​បទ​ចម្រៀង​របស់​ខ្លួន​នៅ​ពេល​ខាង​មុខ​នេះ។ លោក​បាន​បន្ត​ថា តាម​ពិត​ទៅ​ទំនាក់​ទំនង​រវាង​ភរិយា​របស់​លោក និង​ហង្ស​មាស បាន​ចាប់​ផ្តើម​អស់​រយៈ​ពេល​យូរ​គួរ​សម​មក​ដែរ​ហើយ មិន​មែន​ទើប​តែ​ថ្មី​ៗ​នេះ​ទេ។

លោក ឃុំ ប៉ុណ្ណា​ដែត បាន​និយាយ​ថា​៖​«​ជា​ការ​ពិត​ណាស់ រដ្ឋា គាត់​បាន​ចូល​រស្មី​ហង្ស​មាស មែន គ្រាន់​តែ​នៅ​ពេល​នេះ គាត់​អត់​ទាន់​បាន​ចេញ​បទ​ចម្រៀង​ជា​ផ្លូវ​ការ​ ប៉ុន្តែ​ប្រហែល​ជា​មិន​យូរ​ប៉ុន្មាន​ទេ​»។ លោក​បាន​បន្ត​ថា៖«​តាម​ពិត​គាត់ និង​ហង្ស​មាស បាន​ទាក់​ទង​គ្នា​យូរ​គួរ​សម​មក​ហើយ​»។

ធម្មតា​នៅ​ពេល​មាន​ចំណូល​សមាជិក​ថ្មី រស្មី​ហង្ស​មាស​តែង​តែ​លើក​ស្ទួយ​តារា​ចម្រៀង​នោះ​ឲ្យ​មាន​ភាព​លេច​ធ្លោ​ ជាមួយ​នឹង​បទ​ចម្រៀង​មេ​ថ្មី​ល្អៗ​ ហើយ​សម្រាប់​អ្នក​ចម្រៀង​ជើង​យូរ​ យក់ ឋិត​រដ្ឋា វិញ​ក៏​គេ​សង្ឃឹម​ថា​ នេះ​ជា​ឱកាស​ដែល​នាង​​អាច​ក្រសោប​យក​ភាព​ល្បី​មក​វិញ​ដែរ ខណៈ​ដែល​តារា​រូប​នេះ​ក៏​ធ្លាប់​ល្បី​ល្បាញ​ខ្លាំង​ដូច​គ្នា​ជាមួយ​នឹង​អ្នក ​ចម្រៀង ឱក សុគន្ធ​កញ្ញា កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នោះ​។

លោក ឃុំ ប៉ុណ្ណា​ដែត បាន​ឲ្យ​ដឹង​ថា លោក​មិន​បាន​ដឹង​ច្បាស់​ថា យក់ ឋិត​រដ្ឋា បាន​ទទួល​ការងារ​ច្រើន​ប៉ុនណា​នោះ​ទេ លោក​គ្រាន់​តែ​ដឹង​ថា ភរិយា​របស់​លោក​បាន​ថត​បទ​ចម្រៀង និង​ខារ៉ា​អូខេ បាន​មួយ​ចំនួន​ហើយ​ ហើយ​លោក​ក៏​មិន​បាន​ដឹង​ច្បាស់​ថា អាល់​ប៊ុម​ដំបូង​គាត់​នឹង​ចេញ​នៅ​ពេល​ណា​ឲ្យ​ប្រាកដ​នោះ​ដែរ។

ស្វាមី​តារា​រូប​នេះ​និយាយ​ថា៖«​ខ្ញុំ​បាន​ដឹង​ថា គាត់​បាន​ទៅ​ថត​នៅ​ហង្ស​មាស​បាន​មួយ​ចំនួន​ធំ​ហើយ តែ​បើ​និយាយ​ថា ចេញ​ពេល​ណា​ឲ្យ​ប្រាកដ​នោះ ខ្ញុំ​មិន​ហ៊ាន​ប្រាកដ​ទេ ព្រោះ​ខ្លាច​អ្វី​ដែល​យើង​និយាយ​ទៅ​វា​ខុស​ពេល​គ្នា​»។

រីឯ​លោក អ៊ឹង សុង​លាភ នាយក​ផលិត​កម្ម​រស្មី​ហង្ស​មាស​មិន​អាច​សុំ​បំភ្លឺ​បន្ថែម​បាន​ទេ​ទាក់​ទង​ នឹង​ការ​លេច​វត្ត​មាន​អ្នក​នាង យក់ ឋិត​រដ្ឋា នៅ​ហង្ស​មាស ដោយ​ទូរ​ស័ព្ទ​របស់​លោក​គ្មាន​អ្នក​លើក​៕

ដក​ស្រង់​ពី​គេហទំព័រ​ភ្នំពេញ​ប៉ុស្តិ៍ 

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]