ភ្នំពេញ៖ ១៤កុម្ភៈ "ថ្ងៃបុណ្យនៃក្តីស្រឡាញ់" ជាទូទៅ គេឃើញមានយុវវ័យជាច្រើនបានទិញបាច់ផ្កាស្អាតៗ និងកាដូផ្សេងៗជូនមនុស្សជាទីស្រឡាញ់របស់ខ្លួន។ យ៉ាងណាមិញ នៅតាមដងផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញ គេក៏ឃើញមានការដាក់លក់ផ្កា និងកាដូជាច្រើនហូរហែគួរជាទីចាប់អារម្មណ៍ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ការលក់ និងទិញផ្កានេះ គ្រាន់តែជាសកម្មភាពធ្វើឡើងតៗគ្នាតែប៉ុណ្ណោះ ព្រោះខ្មែរឡូតជឿជាក់ថា បងប្អូនមួយចំនួនធំមិនទាន់បានជ្រាបច្បាស់អំពីអត្ថន័យនៃពណ៌របស់ផ្កាកុលាប នីមួយៗនៅឡើយទេ។ 

ដូច្នេះ ថ្ងៃនេះ ខ្មែរឡូត សុំធ្វើការបង្ហាញអត្ថបទមួយ ដើម្បីបន្ថែមការយល់ដឹងរបស់មិត្តអ្នកអានអំពីអត្ថន័យរបស់ពណ៌នីមួយៗ ក៏ដូចជាដើម្បីឲ្យមិត្តអ្នកអាន អាចយកទៅប្រើប្រាស់បានតាមកាលៈទេសៈ។ 

កុលាបក្រហម៖ “ខ្ញុំស្រឡាញ់អ្នក”

មានតែផ្កាកុលាបក្រហមមួយតែប៉ុណ្ណោះ ដែលមានអត្ថន័យថា “ខ្ញុំស្រឡាញ់អ្នក”។ លើសពីនេះ ពណ៌ក្រហម ក៏អាចបញ្ជាក់ទៅលើ ក្តីស្រឡាញ់ ភាពស្រស់ស្អាត សេចក្តីក្លាហាន ការគោរព ស្នេហារ៉ូមែនទិច និងការអបអរសាទរជាដើម។ ជាទូទៅ គេនិយមប្រើប្រាស់ផ្កាកុលាប ១២ទង ព្រោះវាបង្ហាញថា “អ្នកជាកម្មសិទ្ធរបស់ខ្ញុំ”។

កុលាបស៖ “ខ្ញុំគឺជាមនុស្សតែម្នាក់សម្រាប់អ្នក”

នៅខណៈពេលដែលគ្រប់គ្នាជូនផ្កាកុលាបក្រហម ទៅមនុស្សជាទីស្រឡាញ់របស់ពួកគេនោះ អ្នកគួរតែផ្តល់ភាពភ្ញាក់ផ្អើល ទៅកាន់មនុស្សជាទីស្រឡាញ់របស់អ្នកតាមរយៈកុលាបស ព្រោះវាតំណាងឲ្យ ស្នេហាស្មោះស ភាពបរិសុទ្ធ ភាពស្មោះត្រង់ ការយកចិត្តទុកដាក់ និងភាពទាក់ទាញជាដើម។

កុលាបផ្កាឈូក៖ “អរគុណ”

កុលាបផ្កាឈូក គឺជាកាដូពិសេសបំផុតសម្រាប់មិត្តភក្តិជិតស្និទ្ធរបស់លោកអ្នក ព្រោះកុលាបផ្កាឈូក បង្ហាញពី ការដឹងគុណ ការផ្តល់កិត្តិយស ការអនុគ្រោះ ការកោតសរសើរ និងភាពស្លូតបូត។

កុលាបលឿង៖ “ពួកយើងជាមិត្តនឹងគ្នា ហើយខ្ញុំបារម្ភពីអ្នក”

ក្រៅពីកុលាបផ្កាឈូក កុលាបលឿងក៏ជាកាដូពិសេស សម្រាប់មិត្តភក្តិរបស់អ្នកដែរ ព្រោះពណ៌លឿង តំណាងឲ្យ ភាពរីករាយ មិត្តភាព ការចាប់ផ្តើមថ្មី ការស្វាគមន៍ និងការចងចាំជាដើម។

កុលាបក្រហមលឿង៖ “ខ្ញុំកំពុងលុងស្រឡាញ់អ្នក”

ផ្កាកុលាបដ៏ស្រស់ស្អាតប្រភេទនេះ អាចបង្ហាញទៅកាន់មនុស្សពិសេសរបស់អ្នកឲ្យដឹងថា អ្នកទុកគេលើសពីមិត្តភក្តិ គឺអ្នកកំពុងតែលួចស្រឡាញ់គេហើយ។

កុលាបទឹកក្រូច៖ “ខ្ញុំចង់បានអ្នកមកក្នុងជីវិតរបស់ខ្ញុំ”

តាមរយៈកុលាបពណ៌ទឹកក្រូចអាចបង្ហាញថា អ្នកកំពុងងប់ងុលជាមួយគេហើយ ព្រោះពណ៌ទឹកក្រូចនេះបង្ហាញអំពី ការចង់បាន ការរំភើបញាប់ញ័រ និងការចាប់ចិត្ត។

កុលាបខៀវ៖ “អ្នកមិនអាចជារបស់ខ្ញុំ តែខ្ញុំមិនអាចភ្លេចអ្នកបានទេ”

កុលាបខៀវ តំណាងឲ្យភាពឈឺចាប់ នៅពេលដែលអ្នកមិនអាចចាប់យកនរណាម្នាក់ ឲ្យក្លាយជារបស់អ្នកបាន។ វាបង្ហាញអំពី ភាពដែលមិនអាចទៅរួច ឬ ភាពជាអាថ៍កំបាំង។

កុលាបខ្មៅ៖ “ទំនាក់ទំនង បែកបាក់”

ពណ៌ខ្មៅតំណាងឲ្យភាពសាបសូន្យ និងការលាគ្នា។ ដូច្នេះ បើសិនជាអ្នកជូនកុលាបខ្មៅទៅនរណាម្នាក់នោះ មានន័យថា អ្នកអស់ចិត្តពីគេ ឬអ្នកចង់បែកពីគេហើយ។

កុលាបលាយពណ៌ចម្រុះ៖ “ខ្ញុំមិនដឹងច្បាស់ថា អ្នកជាអ្វីក្នុងចិត្តរបស់ខ្ញុំទេ”

តាមរយៈការជូនបាច់ផ្កាចម្រុះពណ៌ទៅកាន់នរណាម្នាក់នោះ មានន័យថា អ្នកមិនទាន់បានសម្រេចចិត្តច្បាស់ថា អ្នកចាត់ទុកគេនោះ ជាអ្វីនៅក្នុងបេះដូងរបស់អ្នកឡើយ គឺអ្នកកំពុងមានអារម្មណ៍ច្របូកច្របល់ ប្រៀបដូចជាផ្កាចម្រុះពណ៌យ៉ាងអ៉ីចឹង។

បន្ទាប់ពីបានបកស្រាយ អំពីអត្ថន័យនៃពណ៌ផ្កាកុលាបនីមួយៗរួចមកខ្មែរឡូតសង្ឃឹមថា មិត្តអ្នកអានអាចយកចំនេះដឹងមួយនេះ ទៅប្រើប្រាស់បានត្រឹមត្រូវតាមកាលៈទេសៈ និងតម្រូវតាមកម្មវិធីផ្សេងៗ។ 

លើសពីនេះ ខ្មែរឡូត ក៏សូមបញ្ជាក់ដែរថា ថ្ងៃបុណ្យនៃក្តីស្រឡាញ់ មិនមែនសម្រាប់តែសង្សារ ឬគូរស្នេហ៍នោះទេ គឺសម្រាប់មនុស្សជាទីស្រឡាញ់របស់អ្នកទាំងអស់ដូចជា ឪពុកម្តាយ បងប្អូន ឬមិត្តភក្តិជាដើម៕

ប្រភព៖ TheFlowerExpert / ProFlower

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]