តាមរយៈការស្រាវជ្រាវបានបង្ហាញថា ការគេងមិនលក់តែងតែកើតមានឡើងទៅលើមនុស្សម្នាក់ ក្នុងចំណោមមនុស្ស៣នាក់ ខណៈយុវវ័យជាច្រើនតែងតែចង់គេងឲ្យបាន ៨ម៉ោងពេញជារៀងរាល់យប់។ ដើម្បីដោះស្រាយបញ្ហាគេងមិនលក់នេះ យើងសូមលើកយកវិធីសាស្ត្រងាយៗ មកជម្រាបជូនប្រិយមិត្តអ្នកអានរបស់ខ្មែរឡូតទាំងអស់ឲ្យបានដឹង។

ការគេងពុំលក់ស្រួលនាពេលយប់ អាចបណ្តាលមកពីអាហារ និងភេសជ្ជៈ ដែលយើងបានបរិភោគ មុនពេលចូលគេង នេះបើយោងតាមអ្នកជំនាញផ្នែកដំណេក។

តាមរយៈការស្ទង់មតិថ្មីៗនេះផងដែរ   ធ្វើឡើងដោយក្រុមអ្នកជំនាញឈ្មោះ Simba Sleep បានរកឃើញថា មនុស្សពេញវ័យជាមធ្យមអាចគេងបានតែ ៦ម៉ោងនិង២៨នាទីប៉ុណ្ណោះក្នុងមួយយប់។ ហើយពួកគេមិនបានគេងដល់ទៅ ៦ម៉ោងនិង១០នាទី នៅក្នុងមួយសប្តាហ៍ៗ។

អ្នកស្រី Sammy Margo ដែលជាមគ្គុទ្ទេសណែនាំពីការគេងលក់ឲ្យបានស្រួល បានបង្ហាញពីអាថ៌កំបាំងដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៃអាហារចំនួន ៥ប្រភេទ ដែលយើងទាំងអស់គ្នា គួរបរិភោគជាប្រចាំមុនពេលចូលគេង និងប្រភេទអាហារ រួមទាំងភេសជ្ជៈដែលមិនគួរបរិភោគមុនពេលចូលគេងផងដែរ។ 

ចំពោះអាហារដែលយើងគួរតែបរិភោគ មុនពេលចូលគេង គឺ

១.ផ្លែចេក

ផ្លែចេក ជាផ្លែឈើមួយប្រភេទដែលងាងស្រួលក្នុងការស្វែងរកវាសម្បូរទៅដោយម៉ាញេស្យូម ដែលអាចជួយសម្រួលដល់សាច់ដុំនៅលើរាងកាយ និងគេងលក់ស្រួលផងដែរ។ វាជួយបង្កើនអ័រម៉ូន សេរ៉ូតូនីន (Serotonin) និងម៉េឡាតូនីន (Melatonin) ដែលវាមានមុខងារគ្រប់គ្រងទៅលើការគេង, ចំណង់អាហារ និងអារម្មណ៍របស់មនុស្ស។ 

២. ទឹកឃ្មុំ

ទឹកឃ្មុំ មួយស្លាបព្រាកាហ្វេ មានផ្ទុកទៅដោយជាតិស្ករជាច្រើន ដែលវាមានមុខងារក្នុងការប្រាប់ទៅខួរក្បាល ដើម្បីបញ្ឈប់ដំណើរការប្រព័ន្ធ Orexin ដែលត្រូវបានគេស្គាល់ថា វាជាគន្លឹះដ៏សំខាន់មួយដែលធ្វើឲ្យយើងភ្ញាក់ ឬនៅដឹងខ្លួន។

តាមរយៈការស្ទង់មតិបានបង្ហាញថា មនុស្សចំនួន ៥៣ភាគរយ មិនអាចបញ្ឈប់ខួរក្បាលរបស់គេឲ្យសម្រាកបានទេ បើទោះជាគេបិទភ្លើងហើយក៏ដោយ។ 

៣. គ្រាប់អាល់ម៉ុន (ALMOND)

គ្រាប់អាល់ម៉ុន មានផ្ទុកទៅដោយសារជាតិម៉ាញ៉េស្យូម និងអាស៊ីតអាមីណូ Tryptophan ដែលសារធាតិទាំង២នេះ ជួយសម្រួលដល់ការកាត់បន្ថយមុខងារសាច់ដុំ និងសសៃប្រសាទ ព្រមទាំងធ្វើឲ្យចង្វាក់បេះដូងមានសភាពស្មើគ្នា។ 

៤. ស្រូវសាឡី

ការបរិភោកអាហារដែលធ្វើពីស្រូវសាឡី អាចជួយដល់ការបង្កើនការផលិតអ័រម៉ូន អាំងសូលីន (Insulin) និងជាតិស្ករក្នុងឈាមរបស់អ្នកតាមធម្មជាតិ។ ស្រូវសាឡី ក៏សម្បូរទៅដោយមេឡានីន ដែលជួយសម្រួលដល់ការគេងលក់ឲ្យស្កប់ស្កល់ផងដែរ។

៥.ទឹកតែ Chamomile, ទឹកដោះគោក្តៅ ឬស្រា

ចំពោះអ្នកដែលចង់ឲ្យការញ៉ាំអាហារ ដើម្បីគេងលក់ស្រួលរឹតតែមានប្រសិទ្ធភាពខ្ពស់ទៀតនោះ គួរតែជ្រើសរើសភេសជ្ជៈមួយ ក្នុងចំណោមភេសជ្ជៈទាំងនេះ ដែលមានដូចជា ទឹកតែ Chamomile មួយកែវ, ទឹកដោះគោក្តៅ មួយកែវ ឬប្រភេទភេសជ្ជៈដែលមានជាតិស្រវឹង ក្នុងកម្រិតតិចតួចល្មម។ 

ចំពោះអាហារដែលអាចធ្វើឲ្យអ្នកពិបាកក្នុងការគេងលក់ស្រួល គឺ

១. គ្រឿងស្រវឹង

បើទោះជាគ្រឿងស្រវឹងអាចជួយឲ្យអ្នកគេងលក់ស្រួលក៏ដោយ ប៉ុន្តែបើអ្នកទទួលទានច្រើនពេក វាក៏អាចធ្វើឲ្យអ្នកគេងមិនលក់បានផងដែរ។

ការទទួលទានគ្រឿងស្រវឹងច្រើន អាចធ្វើឲ្យអ្នកគេងមិនលក់ ឬគេងលក់មិនស្កប់ មិនតែប៉ុណ្ណោះវាក៏ធ្វើឲ្យអ្នកមានអារម្មណ៍ថាងងុយគេង និងអស់កម្លាំងនៅថ្ងៃបន្ទាប់ថែមទៀតផង។ 

២. អាហារដែលមានជាតិហឹរ

អាហារដែលមានជាតិហឹរ អាចធ្វើឲ្យអ្នកមានការឈឺចាប់នៅក្នុងក្រពះ ឬមានការលំបាកនៅក្នុងការរំលាយអាហារ។ មិនតែប៉ុណ្ណោះសារធាតុ Capsaicin ដែលមាននៅក្នុងម្ទេស អាចធ្វើឲ្យប៉ះពាល់ដល់ការគេងបាន តាមរយៈការផ្លាស់ប្តូរសីតុណ្ហភាពនៅក្នុងរាងកាយ។ 

៣. អាហារដែលមានជាតិខ្លាញ់

អាហារដែលមានជាតិខ្លាញ់ច្រើន អាចបណ្តាលឲ្យក្រពះរបស់អ្នកធ្វើការខ្លាំងជ្រុល ដើម្បីប្រឹងរំលាយពួកវា ដោយបញ្ចេញអាស៊ីតក្រពះច្រើន បណ្តាលឲ្យវាខ្ចាយ​រាល​ដាល​ចូលទៅកាន់បំពង់អាហារ។ វាធ្វើឲ្យអ្នកមានអារម្មណ៍ថា ក្រហាយទ្រូង នឹងរំខានដល់ដំណេករបស់អ្នក។

អាហារទាំងនោះរួមមាន ប៊ឺហ្គឺ អាហារកញ្ចប់ ការ៉េម ឬអាហារដែលមានជាតិប័រច្រើន។ 

៤. កាហ្វេ

កាហ្វេ ត្រូវបានគេដឹងជាទូទៅបំផុតថា ជាប្រភពនៃសារធាតុកាហ្វេអ៊ីន ដែលមានសមត្ថភាពធ្វើឲ្យអ្នកគេងមិនលក់ដល់ទៅ ៥ម៉ោង ហើយឥទ្ធិពលរបស់វា ប្រមាណ ២៥ភាគរយ នៅតែបន្តដំណើរការក្នុងរាងកាយ រហូតដល់១០ម៉ោងទៀត។ 

៥. ឈីស

ឈីស មានផ្ទុកទៅដោយអាស៊ីតអាមីណូ Tyramine ក្នុងកម្រិតខ្ពស់ វាបណ្តាលខួរក្បាលបញ្ចេញសារធាតុគីមី ដែលធ្វើឱ្យយើងមានអារម្មណ៍ថា នៅដឹងខ្លួន៕ 

ប្រភព៖ Dailymail | Wikipedia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]