(ភ្នំពេញ)៖ សម្រាប់តារាចម្រៀង សំនៀងស្រទន់ កញ្ញា សុគន្ធ និសា ថ្មីៗនេះ មានប្រភពព័ត៌មានបានលួចបង្ហើបប្រាប់ khmertalking ថា មានតារាចម្រៀងរួមទ្រនំ ជាមួយនាងមួយចំនួន កំពុងតែកើតចិត្តច្រណែននឹងរូបនាងជាខ្លាំង ខណៈដែលផលិតកម្ម ហាក់បានយកចិត្តទុកដាក់លើនាងខ្លាំងជាងគេ ដោយទុកឲ្យតារាចម្រៀងផ្សេងទៀត ស្ថិតក្នុងសភាពមិនអើពើ រហូតតារាចម្រៀងខ្លះ តូចចិត្ត ក៏សម្រេចដើរចេញជាបន្តបន្ទាប់។

ជារឿងចៃដន្យខ្លាំងណាស់ក្នុងសិល្បៈ ដែលតារាចម្រៀងល្បីលំដាប់ប្រទេសពីរដួង ផ្លាស់ប្ដូរទ្រនំ ហើយអ្នកដឹកនាំសម្ដែងម្នាក់ ក៏បានលាឈប់ពីផលិតកម្ម ហង្សមាស ដែលជាទ្រនំដ៏រឹងមាំជាងគេ ក្នុងវិស័យសិល្បៈ ព្រោះផលិតកម្មផ្សេងៗហាក់ រយោលក្នុងការចេញបទចម្រៀង អស់ទៅហើយ ខណៈផលិតកម្ម ហង្សមាស តែងមានបទចម្រៀងចេញច្រើនហូរហៀជាងគេ ហើយតារាចម្រៀងក៏ច្រើន គរជើងជាងគេដែរ។

កាន់តែចៃដន្យជាងនេះ វត្តមាននៃការវិលត្រឡប់របស់ កញ្ញា សុគន្ធ និសា ដោយមិនត្រឹមតែបានគ្រងតំណែង តារាចម្រៀងលេចធ្លោ របស់ផលិតកម្មប៉ុណ្ណោះទេ នាងថែមទាំងបានគ្រងតំណែង តួឯករឿងភាគដំបូង របស់ផលិតកម្មហង្សមាស ទៀតផង។ បញ្ហានេះបានធ្វើឲ្យអ្នកគាំទ្រ តារាចម្រៀង យក់ ឋិតរដ្ឋា ក៏ដូចជាតារាចម្រៀងដទៃទៀត គក់ទ្រូងហួសចិត្តមិនតិចទេ ព្រោះ សុគន្ធ និសា គ្រាន់តែវិលវិញមកវិញ មិនបានប៉ុន្មានផង មានបទចម្រៀងច្រៀងហូរហែ ថែមទាំងបានឆ្លើយឆ្លង ជាមួយតារាចម្រៀងល្បីៗ ដូចជា លោក ឆន សុវណ្ណរាជ ,លោក ណុប បាយ៉ារិទ្ធ និងលោក ព្រាប សុវត្ថិ ទៀតផង។

បទចម្រៀងរបស់ សុគន្ធ និសា ត្រូវបានផ្សព្វផ្សាយយ៉ាងច្រើន ធ្វើឲ្យនាងឡើងកូដក្រឺតៗតែម្ដង ដែលផ្ទុយពី យក់ ឋិតរដ្ឋា ដែលនៅក្នុងផលិតកម្មជាង៥ឆ្នាំ តែគ្មាននរណា យកចិត្តទុកដាក់លើនាងឡើយ។ ក្នុងនោះបទចម្រៀងភាគច្រើន ដែលស្អុយសល់រាប់ឆ្នាំ ទើបចេញលក់។

ប្រភពពីក្នុងផលិតកម្ម បាននិយាយខ្សឹបខ្សៀវប្រាប់ Khmertalking ឲ្យដឹងថា តារាចម្រៀងជាច្រើនកំពុងតែច្រណែនគ្នានឹង សុគន្ធ និសា ព្រោះនាងត្រូវបានផលិតកម្ម យកចិត្តទុកដាក់ច្រើនជាង តារាចម្រៀងដទៃ ខណៈដែលផលិតកម្ម មានតារាចម្រៀងមិនក្រោម២០នាក់ ប៉ុន្តែអ្នកដែលចេញបទចម្រៀងញឹកញាប់ មានតែ ៤ទៅ៥នាក់ប៉ុណ្ណោះ។ ម្យ៉ាងដល់ពេលដែលផុតកុងត្រា (កិច្ចសន្យា) ល្មមអាចនឹងចាកចេញបាន ដោយស្របច្បាប់ និងទុកមុខរាប់គ្នាបានថ្ងៃក្រោយ តារាចម្រៀងមួយចំនួន ក៏ចាកចេញជាបន្ទបន្ទាប់ ព្រោះបើរត់ចោលកុងត្រាកណ្ដាលទី ច្បាស់ជាមានរឿងនឹងគ្នាមិនខាន ដោយសារតែហង្សមាស ជាផលិតកម្មធំជាងគេ ក្នុងប្រទេស។

ប៉ុន្តែយ៉ាងណាមិញ ផលិតកម្មហាក់រងសំឡេងរិះគន់យ៉ាងច្រើន ពីសំណាក់ទស្សនិកជន និងប្រិយមិត្តដែលនិយមលេងបណ្ដាញសង្គម ព្រោះជាធម្មតាផលិតកម្ម បើកមុខរបររកស៊ី បើទំនិញណាលក់ដាច់ គេប្រាកដជាផលិតទំនិញនោះ ជាក់ជាមិនខាន ព្រោះផលិតកម្ម ត្រូវការប្រកួតប្រជែង ជាមួយផលិតកម្មផ្សេង បើរវល់តែលើកតារាចម្រៀងឲ្យល្បីស្មើគ្នា ពិតជាដួលមិនខាន។ រឿងនេះមិនមែនកើតឡើង តែក្នុងផលិតកម្ម ហង្សមាស ប៉ុណ្ណោះទេ ផលិតកម្មផ្សេងៗក៏ដូចគ្នា ព្រោះតារាចម្រៀងច្រើន ហើយទីផ្សារ ក្នុងការលក់ស៊ីឌី មានការថយចុះ៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា