រាជធានី​ភ្នំពេញ ៖ កញ្ញា​ទេព កញ្ញា ដែល​រៀបចំ​ពិធី​ខួបកំណើត កាលពី​រាត្រី​ថ្ងៃ​ទី​២ កុម្ភៈ ឆ្នាំ​២០១៧​នៅ​ភោជនីយដ្ឋាន​វី​ហ្វ្រេ​ន​ផ្សារ​ដេប៉ូ​ធ្វើ​ឱ្យ​គេ​សង្ស័យ​ថា នាង​មាន​ចំណង​ស្នេហ៍​ជាមួយ​តារា​សម្តែង​លី ណូ​រ៉ា ដ្បិត​លោក​លី ណូ​រ៉ា ជា​អ្នក​ចេញ​មុខ​ហៅភ្ញៀវ​ចូល​តុ​ខ្លាំង​ជាង​សាមីខ្លួន ទៅ​ទៀត ហើយ​ថែម​ទាំង​ជូន​កាដូ​ចិញ្ចៀន​មួយ​វង់​ដល់​នាង​ទៀត​ផង។

ទោះជា​យ៉ាងណា​ក្តី ទាំង​ទេព កញ្ញា និង​លោក​លី ណូ​រ៉ា សុទ្ធតែ​ច្រានចោល​ចំណង​ស្នេហ៍​នេះ បើ​ទោះជា​ស្និទ្ធស្នាល​គ្នា​ប្លែក​ក៏​ដោយ ហើយ​មិន​ខ្វល់​គេ​ជឿ ឬ​មិន​ជឿ​ទេ ។ នៅ​ពេល​សួរនាំ​រឿង​នេះ​កញ្ញា​ទេព កញ្ញា​ប្រាប់​ថា​រវាង​នាង និង​លី ណូ​រ៉ា​គឺជា​មិត្តភក្តិ​អត់​មានអី​លើស​ពី​នេះ​ទេ​។ បុរស​ក្នុង​ចិត្ត​របស់​នាង​មិនមែន​ជា​អ្នកសិល្បៈ​ទេ ។

ដោយឡែក​បើ​មើលទៅ​លោក​លី ណូ​រ៉ា វិញ​នៅ​ថ្ងៃ​ខួបកំណើត​នោះ​លោក​ខ្នះខ្នែង​ចេញ​មុខ​រៀបចំ​ជាមួយ​សាមីខ្លួន ដោយ​មើល​កន្លែង​អង្គុយ​របស់​ភ្ញៀវ ព្រមទាំង​ចាត់ចែង​ការ​ងារ​ផ្សេង​ទៀត ។ ពិសេស​ជាង​នេះ​ទៅ​ទៀត នៅ​ពីមុខ អ្នក​សារព័ត៌មាន លោក​លី ណូ​រ៉ា​បាន​ជូន​កាដូ​ចិញ្ចៀន​មួយ​វង់​ដល់​ទេព កញ្ញា ។ អត្ថន័យ​ចិញ្ចៀន​នេះ​ហាក់​មិនមែន​ជា​មិត្តភាព​ឡើយ ពោល​គេ​ដៅ​លើ​រឿង​ស្នេហា ។

លោក​លី ណូ​រ៉ា បាន​ឆ្លើយ​បែប​ស្ទាក់ស្ទើរ​ថា លោក​ជូន​កាដូ​ចិញ្ចៀន​មួយ​វង់​ដល់​កញ្ញា​ទេព កញ្ញា​តែ​វា​មាន​តម្លៃ​ធម្មតា​ប៉ុណ្ណោះ ក្នុង​ន័យ​មិត្តភាព​ស្រឡាញ់​រាប់អាន គ្មាន​គិត​អ្វី​ផ្សេង​ទេ ។ ការ​ប្រគល់​ជូន​កាដូ​នេះ​លោក​សប្បាយចិត្ត ព្រោះ​មិន​នឹក​ស្មានថា ពេល​ប្រគល់​ជូន​ទៅ​នាង​ពេញចិត្ត ហើយ​ស្រឡាញ់ និង​ពោល​ពាក្យ​ថា​«​ស្អាត​»​ទៀត​ផង ។​លោក​ទិញ​កាដូ​ឲ្យ​នេះ​ថ្លៃ ឬ​ថោក​មិន​សំខាន់​ទេ តែ​នេះ​ជា​ទឹកចិត្ត​ស្រឡាញ់​រាប់អាន​គ្នា ហើយ​អ្វី​សំខាន់​នាង​ចូល​ចិត្ត​ម៉ូ​ដ​បែប​នោះ ។

«​ខ្ញុំ​នៅ​មិន​ហ៊ាន​សារភាព​ស្នេហ៍​នោះ​ទេ ព្រោះ​នេះ​ជា​ការ​ស្ថិត​នៅ​លើ​ដួងចិត្ត​របស់​មនុស្ស ម្នាក់​ៗ ឬ​សាមីខ្លួន​ប៉ុណ្ណោះ គ្រាន់តែ​ថា​ពេល​នេះ​យើង​ទាំង​ពីរ​នាក់​ល្អ​ល្អូកល្អិន​ជាមួយ​គ្នា​ដដែល​» ។

នៅ​ថ្ងៃ​ខួបកំណើត​នោះ​លោក​លី ណូ​រ៉ា បញ្ជាក់​ថា ពី​ដំបូង​លោក​គិត​ថា​ចូលរួម​ជា​ភ្ញៀវ​ធម្មតា​ប៉ុណ្ណោះ ប៉ុន្តែ​ដល់​ពេល​ឃើញ​កម្មវិធី​មនុស្ស​មក​ណែ​នរក​កន្លែង​អង្គុយ​គ្មាន ទើប​លោក​រៀបចំ​ចាត់ចែង​ជូន​នាង ។ លោក​ជួយ​មើល​នេះ​មើល​នោះ​ជំនួស​នាង ដោយ​មិន​គិត​នឿយហត់​ទេ ព្រោះ​មិត្តភាព​ជា​រឿង​សំខាន់ ។

តារា​ដែល​ចូលរួម​កម្មវិធី​ខួបកំណើត​របស់​កញ្ញា​ទេព កញ្ញា មាន ម៉ា​ដូ​ណា​, លោក​អាន់​ដា​, លោក​កែវ បូ​រ៉ា​, លោក​ឆឹ​ម សក្ក​ដា​, លោក​យ​ន សុ​ភ័​ក្រ​, កញ្ញា​មា​នី​កា​, កញ្ញា​យេ​យេ​, កញ្ញា​ទេព ស​ម្ជ​ស្ស​, កញ្ញា​ជេ​ស៊ី​កា​, កញ្ញា​សុវណ្ណ​រ៉ា​ផា​, លោក​សុគន្ធ ដេ​វីត និង​កញ្ញា​តូច ស្រី​ពេជ្រ​ជាដើម ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព កញ្ញា