ហ្វីលីពីន៖ ភាពសុចរិតនិងជម្រៅចិត្តដ៏ល្អរបស់បុគ្គលម្នាក់ៗ គឺពិតជាមានតម្លៃខ្លាំងណាស់ ហើយវាក៏សបញ្ជាក់ឲ្យឃើញ ពីភាពយកចិត្តទុកដាក់ និងផ្តល់នូវសេចក្តីសុខ ភាពជឿជាក់ ទៅកាន់មនុស្សនៅជុំវិញខ្លួនផងដែរ។

ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃមុននេះ បុរសវ័យចំណាស់បើកបរឡានតាក់ស៊ីម្នាក់ បានធ្វើឲ្យគ្រប់គ្នាកោតសរសើរ ពីទឹកចិត្តដ៏ប្រពៃរបស់គាត់យ៉ាងខ្លាំង ក្រោយពីគាត់បានធ្វើនូវរឿងមួយ ដែលមិននឹកស្មានដល់។

កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកប្រើប្រាស់នូវបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកមួយ ប្រើឈ្មោះថា Jen Cena បានបង្ហោះចែករំលែកនូវរូបភាពជាច្រើនសន្លឹក រួមជាមួយនឹងវីដេអូឃ្លីបមួយ ដែលបង្ហាញពីទិដ្ឋភាពអ្នកបើកបរឡានតាក់ស៊ីម្នាក់ ខំបើកឡានពីណាពីណី ត្រឡប់មកកាន់កន្លែងដើមវិញ ដើម្បីយកទូរស័ព្ទស៊េរីទំនើបមួយគ្រឿង ប្រគល់ជូនមិត្តភក្តិរបស់នាង គឺនាង Samantha ដែលបានជ្រុះនៅក្នុងឡាន។

បើតាមប្រភពបានឲ្យដឹងថា Samantha និងមិត្តភក្តិរបស់នាង បានជិះរថយន្តតាក់ស៊ីរបស់បុរសវ័យចំណាស់ម្នាក់ អស់រយៈពេលជាង២ទៅ៣ម៉ោង។ លុះបន្ទាប់ពីពួកនាងចុះចេញពីក្នុងឡាន ទើប Samantha ដឹងថា នាងបានជ្រុះទូរស័ព្ទនៅក្នុងឡាន។

ភ្លាមៗនោះ មិត្តភក្តិរបស់នាង បានព្យាយាមចុចទូរស័ព្ទទៅកាន់លេខរបស់ Samantha អស់ជាច្រើនដង ប៉ុន្តែពុំមានអ្នកចុចលើក ទទួលទូរស័ព្ទនោះឡើយ។ ជាហេតុធ្វើឲ្យពួកគេ ចាប់ផ្តើមអស់សង្ឃឹមយ៉ាងខ្លាំង។ តែទោះបីជាយ៉ាងណាក្តី ពួកគេនៅតែព្យាយាម ចុចខលទៅកាន់លេខទូរស័ព្ទរបស់ Samantha ជាបន្តបន្ទាប់ រហូតដល់ទីបំផុត អ្នកបើករថយន្តតាក់ស៊ីខាងលើ បានចុចលើកទទួល។

បុរសអ្នកបើតាក់ស៊ីបាននិយាយថា រូបគាត់គឺពិតជាមិនបានដឹង ហើយក៏មិនបានប្រទះភ្នែកឃើញទាល់តែសោះ ថាមានទូរស័ព្ទជ្រុះធ្លាក់នៅកាប៊ីនអង្គុយ ផ្នែកខាងក្រោយ។ ព្រោះថាក្រោយពី Samantha និងមិត្តភក្តិរបស់នាង បានចុះពីលើរថយន្តរបស់គាត់ គាត់ក៏បានបន្តដឹកភ្ញៀវ បាន៣នាក់ទៀត។ ប៉ុន្តែភ្ញៀវធ្វើដំណើរឡើងជិះតាក់ស៊ីគាត់ចុងក្រោយគេ បែរជាបានប្រទះឃើញទូរស័ព្ទនោះ ខណៈពេលដែល Samantha បានខលចូលជាលើកចុងក្រោយ ហើយអ្នកដំណើរនោះ ក៏បានហុចវាមកឲ្យគាត់និយាយតែម្តង។

ប្រភពដដែលបន្តថា អ្នកបើកតាក់ស៊ីខាងលើនេះ គឺពិតជានៅឆ្ងាយខ្លាំងណាស់ ពីកន្លែងដែល Samantha និងមិត្តភក្តិរបស់នាង កំពុងតែរង់ចាំគាត់ ដើម្បីទទួលយកទូរស័ព្ទរបស់នាងវិញ តែទោះបីជាយ៉ាងណាក្តី តៃកុងឡានចិត្តស្មោះខាងលើនេះ នៅតែប្រឹងឆ្លៀតបើកឡានត្រឡប់យកទូរស័ព្ទ ប្រគល់ឲ្យពួកគេវិញ ដោយមិនបានសុំនូវអ្វីជាថ្នូរ ឬគុណស្រ័យអ្វីត្រឡប់មកវិញឡើយ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី Samantha ក៏បានជូនកាហ្វេមួយកំប៉ុងដល់គាត់ និងជូនប្រាក់មួយចំនួនដើម្បី ជំនួសការខាតបង់ពេលវេលារបស់គាត់ ដែលបានខំជិះយកមកឲ្យនាងផងដែរ។

ចុងក្រោយអ្វីដែល Samantha រួមទាំងមិត្តភក្តិរបស់នាងសោកស្តាយនោះ គឺពួកគេទាំងអស់គ្នា ភ្លេចរឿងសួរឈ្មោះរបស់លោកតា បើកឡានតាក់ស៊ី ហើយក៏ជាមូលហេតុមួយ ដែលធ្វើឲ្យពួកនាងពិបាកក្នុងការនិយាយ និងសរសេរអរគុណឲ្យចំឈ្មោះរបស់គាត់ផងដែរ ៕

ទស្សនាវីដេអូខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]