ភ្នំពេញ៖ តារាបង្ហាញម៉ូត រាងស៊ិចស៊ី កញ្ញា ទឹម វត្តី ប្អូនស្រីបង្កើតរបស់កញ្ញា ទឹម រដ្ឋា នៅក្នុងថ្ងៃខួបកំណើតឆ្នាំនេះ ក្រោយពីមានការធ្វើ Surprise ថ្ងៃកំណើតមុនថ្ងៃកំណើតពិតប្រាកដខ្លួនបានមកដល់ពីសំណាក់មិត្តភក្តិនៅក្នុង និងក្រៅវិស័យសិល្បៈរបស់នាងរួចមកនោះ កាលពីថ្ងៃទី៣ខែកុម្ភៈម្សិលមិញនេះ កញ្ញាបានទៅឱ្យអ្នកមានគុណទាំងពីរស្រោចទឹកលើករាសីផងដែរ ដើម្បីជាសេរីសួស្តីដល់ខ្លួន។

ដោយនាងបានរៀបរាប់យ៉ាងច្រើន នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនទាំងស្រុងដូច្នេះថា៖

«03.02.2017 ថ្ងៃនេះគឺជាថ្ងៃខួបកំណើតពិតប្រាកដរបស់ខ្ញុំ អ៊ីចឹងហើយអ្វីដែលត្រូវធ្វើមុនគេគឺឱ្យលោកអ្នកមានគុណទាំងពីរស្រោចទឹកលើករាសីឱ្យសម្រាប់ឆ្នាំថ្មីហេងៗៗ ហើយកូនក៏សូមអរគុណដល់លោកអ្នកមានគុណទាំងពីរ ដែលបានផ្ដល់កំណើតឱ្យកូនមកនៅក្នុងគ្រួសារមួយដ៏សែនមានភាពកក់ក្ដៅនេះ។

ទោះកូនខុសឆ្គងតិចរឺច្រើនក៏លោកទាំងពីរមិនដែលយកទុកដាក់ក្នុងចិត្ត មានតែឱ្យដំបូន្មានល្អៗ មិនដែលចេះខឹងកូនទេ តែងតែលើកទឹកចិត្តកូនពេលដែលកូនមិនសប្បាយចិត្ត ហើយទោះមិនសប្បាយចិត្តពីខាងក្រៅមកយ៉ាងណា ឱ្យតែចូលដល់ក្នុងផ្ទះគឺទុក្ខទាំងប៉ុន្មានត្រូវបានរំសាយ ព្រោះតែមានគ្រួសារកក់ក្ដៅមួយនេះនៅចាំឱ្យកំលាំងចិត្តកូនគ្រប់ពេលវេលា។

កូនចង់ប្រាប់ថាស្រលាញ់លោកទាំងពីរខ្លាំងណាស់គ្មានអ្វីប្រៀបបានទេ រួមទាំងបងស្រី ប្អូនប្រុសជាទីស្រលាញ់របស់ខ្ញុំទៀតផង សូមឱ្យទេវតាឆ្នាំថ្មីនេះតាមជួយថែរក្សាគ្រួសាររបស់ខ្ញុំ ជាពិសេសសូមឱ្យលោកអ្នកមានគុណទាំងពីររបស់ខ្ញុំបានសំរេចគ្រប់សេក្ដីប៉ងប្រាថ្នាមានសុខភាពល្អអាយុវែង និងនៅជាម្លប់ដ៏សែនកក់ក្ដៅសំរាប់កូនៗជារៀងរហូតទៅ។

សុំសង្ខេបត្រឹមនេះចុះបើរាប់ក៏មិនអស់ដែរ សម្រាប់ទំហំនៃក្ដីស្រលាញ់ដែលពួកគាត់ផ្ដល់មកឱ្យខ្ញុំ ហើយមួយទៀតក៏សូមអរគុណដល់បងប្អូនពូមីងមិត្តភក្តិក្នុង និងក្រៅហ្វេសប៊ុកទាំងអស់ ដែលបានឆាតមកជូនពរខ្ញុំ និងផ្ញើរូបមកឱ្យខ្ញុំ អរគុណខ្លាំងមែនទែនសម្រាប់ការស្រលាញ់រាប់អាន ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ដែលបានស្គាល់មនុស្សល្អៗដូចអ្នកទាំងអស់គ្នា I love u all my beloved fri...»។

ទស្សនារូបភាពខាងក្រោម៖

ដោយឡែកព័ត៌មានមួយទៀត៖ 

ពិធីជប់លៀងខួបកំណើតរបស់ កញ្ញា ទឹម រដ្ឋា ឯណោះវិញ កាលពីពេលកន្លងទៅគេសង្កេតឃើញមានជនបរទេសជាច្រើននាក់មកចូលរួម។

តារាសម្តែងស្រីរាងខ្ពស់ស្រឡះ និងនិយមតុបតែងលេងខ្លួនយកស្ទាយតាមពួកអឺរ៉ុប កញ្ញា ទឹម រដ្ឋា កាលពីថ្ងៃទី៧ មករា ២០១៧ បានធ្វើពិធីជប់លៀងអបអរ ក្នុងឱកាសថ្ងៃបុណ្យខួបកំណើតរបស់ខ្លួនយ៉ាងរីករាយជាមួយមិត្តភក្តិ។

នៅក្នុងនោះគេសង្កេតឃើញមានជនបរទេសជាច្រើននាក់ បានមកចូលរួមនៅក្នុងកម្មវិធី ពិសេសគឺជនបរទេសស្បែកខ្មៅ ដែលជាមិត្តភក្តិខាងគូស្នេហ៍របស់នាងគឺលោក Jovany Antonio ដែលបានបង្កបរិយាកាសឱ្យកាន់តែអធិកអធមឡើង។ ពិធីរបស់កញ្ញា ទឹម រដ្ឋា ហាក់ប្លែកពីពិធីជប់លៀងរបស់តារាសិល្បៈខ្មែរប្រុសស្រីដទៃទៀត ព្រោះភាគច្រើនពិធីរបស់ពួកគេ យើងមិនសូវឃើញមានជនបរទេសមកចូលរួមច្រើនដូចកម្មវិធីរបស់កញ្ញា ទឹម រដ្ឋា ប៉ុន្មានទេ។

ប៉ុន្តែក្រៅពីវត្តមានរបស់ជនបរទេសទៅ យើងក៏ឃើញមានការ មកចូលរួមអបអរសាទរនៅក្នុងកម្មវិធីនេះ ពីសំណាក់សិល្បករ-សិល្បការិនីជាច្រើនដួងនៅក្នុងវិស័យសិល្បៈផងដែរ។ ដោយរួមមាន កញ្ញា ដួង ម៉ានិច្ច អ្នកនាង សារ៉ាយ សក្ខណា អ្នកនាង យ៉ាន លីនដានិងកូនស្រីជាដើម។

ទន្ទឹមនឹងនេះ យើងក៏ឃើញមានកាដូជាវត្ថុអនុស្សាវរីយ៍ផងដែរ ដែលកញ្ញាដ៏ស្រស់ស្អាតរូបនេះបានទទួលពីមិត្តភក្តិនៅក្នុងថ្ងៃខួបកំណើត ដែលនៅក្នុងនោះ រួមមានដូចជា កាបូបដៃ កាបូបស្ពាយ ស្បែកជើង និងរបស់របរដទៃៗទៀត ម៉ាកប្រ៊េនៗជាច្រើនមុខ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទឹម វត្តី