អ្នកប្រហែលជាគិតថាបញ្ហាស្រ្តេស អាចនឹងមានរោគសញ្ញាច្បាស់លាស់ជាក់លាក់ណាមួយ ដូចជាមានអារម្មណ៍ស្មុគ្រស្មាញ និងមានអារម្មណ៍ខ្វល់ខ្វាយច្រើន។ ប៉ុន្តែ ជាក់ស្តែង បញ្ហាស្រ្តេសមិនមែនមានតែរោគសញ្ញាតែប៉ុណ្ណឹងនោះទេ វានៅមានសញ្ញាណជាច្រើនផ្សេងទៀត ដែលអ្នកអាចនឹងមិនដឹងទៀតផង។

គួរបញ្ជាក់ផងដែរថា ការកើតជំងឺស្រ្តេសរយៈពេលយូរ ដោយមិនព្យាបាលពីគ្រូពេទ្យជំនាញបានត្រឹមត្រូវ នឹងធ្វើឲ្យមានផលប៉ះពាល់មិនល្អដល់សុខភាពទាំងមូល ហេតុនេះអ្នកអាចតាមដានសញ្ញាណមួយចំនួនដូចខាងក្រោម  ដើម្បីដោះស្រាយបានទាន់ពេលវេលា ៖ 

១. ឆាប់អស់កម្លាំង

សម្ពាធផ្លូវចិត្ត ដែលបណ្តាលមកពីកម្រិតស្រ្តេសខ្ពស់ នឹងអាចគ្រប់គ្រងរាងកាយអ្នកទាំងមូលបាន ជាហេតុធ្វើឲ្យអ្នកចេះតែមានអារម្មណ៍ថា អស់កម្លាំងល្ហិតល្ហៃ។ ជាងនេះទៅទៀត រួមជាមួយនឹងការគេងមិនគ្រប់គ្រាន់ គំនិតគិតអវិជ្ជមាន និងទទួលទានអាហារមិនត្រឹមត្រូវ នឹងធ្វើឲ្យកាន់តែមានសភាពអស់កម្លាំង ល្ហិតល្ហៃធ្ងន់ធ្ងរមិនខាន។ ជាពិសេស នៅពេលដែលអ្នកសម្រុកខិតខំធ្វើកិច្ចការ ឬមានកាតព្វកិច្ចត្រូវធ្វើច្រើនពេក។ ហេតុនេះ អ្នកត្រូវចេះលៃលកពេលវេលាកុំឲ្យធ្វើកិច្ចការ និងគិតច្រើនហួសហេតុ រហូតមានបញ្ហាសុខភាពបែបនេះទេ។

២. មានបញ្ហាដំណេក

សញ្ញាណដែលច្បាស់មួយទៀតនោះគឺ អ្នកអាចពិបាកគេង (គេងមិនលក់) ឬជួនកាលបែរជាពិបាកក្រោកទៅវិញ (ងងុយជាប់)។ នេះជាបញ្ហាស្រ្តេស ដែលបណ្តាលមកពីអ្នក ដែលចេះតែគិតរឿងនេះ គិតរឿងនោះច្រើនពេក។ ជាធម្មតា អ្នកដែលកើតមានជំងឺស្រ្តេសនេះ បែរជាភ្ញាក់ទាំងកណ្តាលយប់ និងមិនអាចគេងលក់វិញទាល់តែសោះ។ ជាពិសេស យល់សប្តិអាក្រក់ដូចជាត្រូវធ្វើអ្វីមួយ តែមានឧបសគ្គរារាំង ដែលនេះហើយគឺជាសញ្ញាណរបស់ជំងឺស្រ្តេស។

៣. មានចំណង់អាហារមិនប្រក្រតី

ជួនកាលអ្នកដែលមានជំងឺស្រ្តេស គឺមានអារម្មណ៍មិនឃ្លាន មិនចង់ទទួលទានអ្វីឡើយ។ ប៉ុន្តែនៅពេលខ្លះទៀត បែរជាមានអារម្មណ៍ថាឃ្លាន អាហារផ្អែមៗ និងអាហារខ្លាញ់ ខ្លាំងទៅវិញ (រួមមានដូចជា ភីស្សា ឬនំផ្អែមផ្សេងៗ)។ ការស្រាវជ្រាវបានបង្ហាញថា អ្នកដែលកើតមានជំងឺស្រ្តេស មានចំណង់ទទួលទានអាហារមិនប្រក្រតី ខុសប្លែកពីអ្នកដទៃ ដោយសារតែអារម្មណ៍របស់ពួកគេ។ ឧទាហរណ៍ ដូចជាអ្នកជំនាញសិក្សាឃើញថា ស្រ្តីភាគច្រើន កាន់តែស្ត្រេស គឺកាន់តែចង់ញ៉ាំរបស់ផ្អែមៗ។

៤. ឆាប់ខឹង

អ្នកដែលកើតមានជំងឺស្រ្តេស អាចនឹងមានអារម្មណ៍ឆេវឆាវ ឆាប់ខឹង មួរម៉ៅ។ នេះក៏ដោយសារតែអ្នកមានអារម្មណ៍ ច្របូកច្របល់ ខ្វល់ខ្វាយ និងព្រួយបារម្ភ រឿងរ៉ាវជាច្រើន ដែលនៅវិលវល់ពេញខួរក្បាលរបស់អ្នក រហូតធ្វើឲ្យអ្នកធុញ ស្មុគ្រស្មាញ និងងាយក្តៅក្រហាយមួយរំពេច ទោះបីជារឿងការងារតូចតាចក៏ដោយ។ ហេតុនេះ ប្រសិនបើអ្នកសង្កេតឃើញថា ខ្លួនឯងមានអារម្មណ៏ឆាប់ខឹងញឹកញាប់បែបនេះ អ្នកប្រហែលជាកើតមានជំងឺស្រ្តេសហើយ។ 

៥. លែងមានការផ្តោតអារម្មណ៍

នេះគឺជាសញ្ញាដែលចំបងបំផុត របស់អ្នកកើតជំងឺស្ត្រេស។ នៅពេលដែលអ្នកកំពុងតែតានតឹង អ្វីៗគ្រប់យ៉ាងបែរហាក់ដូចជា រញ៉េរញ៉ៃច្របូកច្របល់ ក្នុងពេលជាមួយគ្នាទាំងអស់។ នេះអាចបង្កឲ្យអ្នកមានអារម្មណ៍ស្លន់ស្លោ និងតក់ស្លុត រហូតមិនអាចផ្តោតអារម្មណ៍ បានច្បាស់លាស់ឡើយ។ ជាលទ្ធផល អ្នកកើតជំងឺស្រ្តេស នឹងមិនអាចផ្តោតការយកទឹកទុកដាក់លើកិច្ចការ ការងារ ណាមួយបានទៀតឡើយ រហូតករណីធ្ងន់ធ្ងរ អាចបង្កឲ្យបាត់បង់អារម្មណ៍ស្តាប់ និងអារម្មណ៍អាន អស់ទាំងស្រុង ដោយសារតែរឿងរ៉ាវនៅវិលវល់ ជាប់ខួរក្បាលជានិច្ច។

៦. ឧស្សាហ៍ឈឺ

អ្នកមានបញ្ហាស្រ្តេស តែងតែឈឺនេះ ឈឺនោះជាញឹកញាប់។ ជួនកាល អាចឈឺក ក្អក និងក្តៅខ្លួនពេញមួយអាទិត្យ។ គ្រូពេទ្យជំនាញ បាននិយាយថា “នៅពេលដែលមនុស្សទទួលរងសម្ពាធផ្លូវអារម្មណ៍ រាងកាយរបស់យើងនឹងផលិតអរម៉ូនឈ្មោះ Cortisol ដែលអាចជួយគ្រប់គ្រងអារម្មណ៍បានមួយរយៈពេលខ្លី។ ប៉ុន្តែ ប្រសិនបើស្ត្រេសនៅតែបន្តកើតមាន អរម៉ូននេះមិនអាចជួយអ្នកបានទេ និងធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ដោយឯកឯង”។ ហេតុនេះ អ្នកត្រូវសំរាក និងគេងឲ្យបានគ្រប់គ្រាន់ កុំបណ្តោយឲ្យភាពហត់នឿយ និងសម្ពាធផ្លូវអារម្មណ៍ គ្រប់គ្រងអ្នកឲ្យសោះ។

៧. ឧស្សាហ៍ឈឺក្បាល មិនបាត់

ជំងឺស្រ្តេស ក៏បណ្តាលឲ្យអ្នកមានបញ្ហាឈឺក្បាល និងឈឺចាប់ខ្លាំង ត្រង់បរិវេណក្បាលបានដែរ។ មានមនុស្សជាច្រើន តែងតែគិតថា អាការៈឈឺក្បាលគ្រាន់តែជា ជំងឺធម្មតាៗ និងមិនសូវចាប់អារម្មណ៍ពីបញ្ហាធ្ងន់ធ្ងររបស់វាប៉ុន្មានទេ។ គ្រូពេទ្យជំនាញបានបញ្ជាក់ថា អាការៈឈឺក្បាលដែលមានសភាពរ៉ាំរ៉ៃ ដូចជា “ឈឺក្បាលប្រកាំង” “ឈឺទ្រាំមិនចង់បាន” ឬ “ឈឺខ្លាំងបន្ទាប់ពីងើបពីគេង មិនចង់រួច” គឺសុទ្ធតែជាសញ្ញា ដែលបញ្ជាក់ពី បញ្ហាសុខភាពគ្រោះថ្នាក់ និងទាមទារការពិគ្រោះជាមួយគ្រូពេទ្យជាប្រញាប់។

៨. រោយ ក និងរោយចង្កេះ

អ្នកដែលឧស្សាហ៍មានបញ្ហា រោយស្មា រោយក ឬរោយចង្កេះ អាចមិនមែនបណ្តាលមកពីអ្នកអង្គុយធ្វើការយូរនោះទេ ផ្ទុយទៅវិញ វាអាចបណ្តាលមកពីភាពស្មុគ្រស្មាញនៃការងារ ឬបញ្ហាផ្ទាល់ខ្លួន របស់អ្នកទៅវិញទេ។ គ្រូពេទ្យជំនាញបានលើកឡើងថា នេះដោយសារតែសម្ពាធ និងកម្រិតស្រ្តេស ដែលច្រើនលើសលុប រហូតបង្កជាបញ្ហា ឈឹចាប់ ដោយការរឹតបន្តឹងសាច់ដុំរបស់អ្នក។ ដូច្នេះហើយ អ្នកគួរតែឧស្សាហ៍សមាធិ ហាត់ប្រាណ ម៉ាស្សា និងហាត់យូហ្គា ដើម្បីជួយកាត់បន្ថយស្រ្តេស និងបន្ធូរបន្ថយសាច់ដុំ៕ 

ប្រភព៖ Lifehack | Daily Burn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]