ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង លោក ម៉ា ច័ន្ទបញ្ញា ក្រោយបានប្រកាសដោយ បើកចំហថា ខ្លួនកំពុងមានទំនាក់ទំនងស្នេហាជាមួយកញ្ញា អ៊ីងអ៊ីង ឱ្យសាធារជនបានដឹងជាសាធារណៈរួចមក គេសង្កេតឃើញស្នេហារបស់អ្នកទាំងពីរបានដើរទៅមុខយ៉ាងរលូន និងមានភាពផ្អែមល្ហែមជាមួយគ្នាដូចស្ករ។

ជាពិសេសតាមរយៈការសម្តែងនៅក្នុង MV បទថ្មីរបស់អ្នកនាងអេដា ដែលមានចំណងជើងថា៖ «ពីរនាក់បានហើយ» ដែលបានទទួលការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់។

ប៉ុន្តែទន្ទឹមគ្នានឹងភាពផ្អែមល្ហែម គូស្នេហ៍របស់លោក បញ្ញា ក៏បានជួបរឿងរ៉ាវអន់ចិត្តមួយចំនួន ជាមួយកញ្ញា អ៊ីងអ៊ីង ដែរ ដែលនេះគឺជារឿងពិតមួយនៃសេចក្តីស្នេហាមួយនេះ។

អ្នកនិពន្ធបទចម្រៀងដោយខ្លួនឯង លោកបញ្ញា ក៏បានរៀបរាប់ពីជ្រុងមួយនៃជីវិតស្នេហារបស់ខ្លួន ឱ្យបានដឹងដូចខាងក្រោមនេះថា៖

«នេះជារឿងពិតមួយរវាងខ្ញុំ និងអ៊ីងអ៊ីង។ អស់ពីផ្អែមល្ហែមដោយសារការស្រលាញ់ពេក ម្ដងម្កាលយើងក៏អន់ចិត្តគ្នាទៅវិញទៅមក ហើយមានរឿងខ្លះយើងអន់ចិត្តរហូតហ៊ានដើរចេញពីគ្នា និងប្រើពាក្យបែកទៀតផង។ នេះជារឿងធម្មតាសម្រាប់គូស្នេហ៍។

មានពេលមួយនោះ អ៊ីងអន់ចិត្តខ្ញុំរហូតដើរចេញពីខ្ញុំម្នាក់ឯង ហើយដោយសារតែខ្លួនជាកូនប្រុសដឹងថា នោះជាអារម្មណ៍មួយឆាវរបស់មនុស្សស្រី ខ្ញុំក៏បណ្ដោយឲ្យគាត់ដើរម្នាក់ឯង ហើយខ្ញុំដើរតាមពីក្រោយគាត់ គឺដើររហូតដើរដល់កន្លែងមួយទើបខ្ញុំសួរគាត់៖

ខ្ញុំ៖ អូនគិតដើរដល់ណា?

អ៊ីង៖ ខ្ញុំដើរទៅណាស្រេចតែខ្ញុំ។

ខ្ញុំ៖ ចុះអូនអត់បកក្រោយទេអ្ហី?

អ៊ីង៖ ចាំណា តែខ្ញុំដើរទៅហើយ គឺមិនបកក្រោយទេ។

ខ្ញុំ៖ អូខេ បងដើរកំដរអ៊ីចឹង។

គាត់ដើរមួយជុំផ្លូវបកទៅឡានវិញ ហើយខ្ញុំក៏ដើរទៅកៀកស្មាគាត់ ទាំងដៃគាត់តែងតែក្រវាត់ដៃខ្ញុំចេញ។

ខ្ញុំ៖ អូនមិនដើរបកក្រោយទេ តែអូនកំពុងដើរមួយជុំមកកន្លែងដើមវិញ។

គាត់សើចឡើងវិញ ទាំងខឹងតិច។

អ៊ីង៖ គេភ្លេចសោរផ្ទះតើ!

ខ្ញុំ៖ តោះ ឈប់ខឹងបងទៅ។

មានរឿងខ្លះមិនមែនចង់ទុកមនុស្សដែលខ្លួនស្រលាញ់ចោលទេ តែយើងក៏មិនអាចយកការឈ្លោះប្រកែកចង់ឈ្នះ លើមនុស្សដែលកំពុងតែអន់ចិត្តយើងដែរ។ គួរតែបណ្ដោយឲ្យអារម្មណ៍គាត់ធូរ តែមិនត្រូវឈប់រវល់ពីគាត់នោះទេ សឹមទៅលួងគាត់ ទើបជាជម្រើសល្អ។ នេះជាមេរៀនខ្លះដែលដកស្រង់ពីទំព័រជីវិតពិត១ក្នុងចំណោមរាប់លានទំព័រនៃការយល់ចិត្តមនុស្សស្រីដែលយើងស្រឡាញ់៕

ចុះប្រិយមិត្តវិញធ្លាប់ជួបប្រទះរឿងដូច្នេះ ដូចជាតារាចម្រៀង ម៉ា ច័ន្ទបញ្ញា ដែរឬទេ?

អ៊ីងអ៊ីង និងបញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ា ច័ន្ទបញ្ញា