ខេត្តកណ្តាល៖ ដូចជាប្រិយមិត្តបានដឹងរូចមកហើយ ពីស្ថានភាពជីវិតរបស់ តារាកំប្លែង នាយចេក ដែលកំពុងជួបបញ្ហាខាងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដោយប្រពន្ធ និងម្តាយ បានសម្រាកនៅនៅមន្ទីរពេទ្យ ហើយមានតែគាត់ម្នាក់ទេ ដែលជាជំហរនៅក្នុងគ្រួសារតែប៉ុណ្ណោះ។

ដោយឃើញពីភាពលំបាក របស់លោកតា ចេក តារាចម្រៀងប្រុស សាន ផានិត បានយកមូលនិធិផ្ទាល់ខ្លួន និង ប្រាក់បរិច្ចាគ របស់លោក ឧកញ៉ា ឌួង ឆាយ ទៅជូនផ្ទាល់ នៅកន្លែងលក់ទឹកសុទ្ធ របស់លោកតា ចេកតាមដងផ្លូវ ដល់ស្រុកកណ្តាលស្ទឹង នៅខេត្ត កណ្តាល។

ក្នុងនោះដែរ លោក សាន ផានិត ក៏បានប្រាប់ខ្មែរឡូតថា "ថ្ងៃនេះ ខ្ញុំបានយកថវិកាផ្ទាល់ខ្លួនរបស់ខ្ញុំ ចំនួន ១០ម៉ឺនរៀល និង លោកឧកញ៉ាឌួង ឆាយ ក៏បានចូលរួមជួយជាថវិកាចំនួន ៤០ម៉ឺនរៀលផងដែរ ដើម្បីជួយសម្រួលទៅកាន់ លោកតា ចេក ដែលទាំងប្រពន្ធ និងម្តាយ កំពុងតែឈឺ ស្របនឹងជីវភាពកំពុងតែខ្វះខាតខ្លាំងទៀត"

លោក សាន ផានិត បានបន្តថា "បន្ទាប់ពី រូបថត និងវីដេអូ ដែលស្តែងពីជីវិតពិត របស់តាចេក នេះហើយ ខ្ញុំសង្ឃឹមថា នឹងមានសប្បុរសជន ចូលរូមជួយគាត់ ទោះតិចក្តីច្រើនក្តី ដែលលោកអ្នក អាចទាក់ទងបាន តាមលេខទូរស័ព្ទរបស់តាចេកផ្ទាល់តាមទូរស័ព្ទ ០១២ ៧០ ៤៣ ៧២"

ជាពិសេស តារាប្រុស សាន ផានិត បន្ថែមថា មូលហេតុដែលរូបលោក បានបង្កើតជាមូលនិធិ ភ្ជាប់ជាមួយនឹងសិល្បៈករ ដែលជួបការលំបាក គឺដោយសារតែរូបលោកគិតថា វាជាភារកិច្ចរបស់តារានីមួយៗ ដែលគួរតែធ្វើការងារមនុស្សធម៌ ។ 

លោក បានបន្តថា "កិច្ចការមនុស្សធម៌នេះដែរ មិនមែនទាល់តែយើង ជាអ្នកមានលុយច្រើន ឬក៏ជាឧកញ៉ា ទើបធ្វើបាននោះទេ គឺគ្រាន់តែយើងមានទឹកចិត្តតែប៉ុណ្ណោះ ហើយបង្កើតជាផេកហ្វេសប៊ុកមួយ រួចប្រមូលសប្បុរសជន ដែលពួកគាត់មានចិត្តចង់ធ្វើបុណ្យ ជាមួយនឹងតារាសិល្បៈ ចាស់ជរា ឬក៏តាមតំបន់មួយចំនួន ដែលមានជីវភាពខ្វះខាត"។ 

កន្លងមក «មូលនិធិ សាន ផានិត ដើម្បីជួយសហគមន៍ក្រីក្រ»  ដែលបានបង្កើតឡើង នេះ ក៏ធ្លាប់មានសកម្មភាពសប្បុរសធម៌ច្រើនផងដែរ ដូចជា កាលពីលើកមុន តារាកំប្លែង សំ ប៉ូលីដា ដែលធ្លាក់ខ្លួនខ្លាំងរហូតគេងនៅកន្លែងធ្វើការស្វាមីនោះ គឺ លោក សាន ផានិត ក៏បានប្រកូសប្រកាស រកជំនួយ ពីមហាជន រហូតដល់៥០០ដុល្លារឯណោះ និងមានសកម្មភាពផ្សេងទៀតជាច្រើន ដែលលោកបានខំរកជំនួយផងដែរ។ 

ចំណែកឯ លោកឧកញ៉ា ឌួង ឆាយ ក៏មានសកម្មភាពសប្បុរសធម៌ច្រើនរាប់ភ្លេចផងដែរ ដែលកន្លងមក លោក ឧកញ៉ា បានទៅចែកអំណោយ ដល់ក្មេងកំព្រា និងជួយជាថវិកា ដល់ជនក្រីក្រ និងខ្វះខាតជាដើមផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ផានិត