ភ្នំពេញ៖ តារាចម្រៀងដ៏ល្បី លោក ងួន ចាន់ដេវីត បានជួបរឿងមិនល្អ កាលពីម្សិលមិញ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលត្រូវម្ចាស់កម្មវិធី បោកប្រាស់លុយមួយចំនួនរបស់លោក។

ក្នុងនោះដែរ តារាប្រុសរូបនេះ បានសរសេរថា "ខ្ញុំបាទមកច្រៀងកម្មវិធីលក់សំបុត្រនៅ ផ្សារ ខ្វាវ ( ស្រុក កំពង់ក្តី ) ត្រូវបានម្ចាស់កម្មវិធីបោកប្រាស់ នូវលុយមួយចំនួន ដោយសន្យាថានឹង ឲ្យបង្រ្គប់នៅពេលដែលខ្ញុំមកច្រៀង (មុនពេលមកខ្ញុំទទួលលុយកក់ ២០០ដុល្លារ ) ប៉ុន្តែពេលច្រៀងចប់ ម្ចាស់កម្មវិធីក្រលាស់សម្តី ដោយឲ្យបានតែ ៥០ភាគរយ ប៉ុណ្ណោះ ដោយយកលេសហេតុផលជាច្រើនជំពូក ក៏ដូចជាលើកយកឈ្មោះតារាដ៏ទៃមកនិយាយ ថាគាត់ធ្វើចឹងគេមិនដែលអី ហេតុដូចនេះហើយ ខ្ញុំសូមផ្តាំទៅបងប្អូន និង មិត្តសិល្បៈករទាំងអស់សូមមេត្តា ប្រុងប្រយ័ត្នឲ្យបានខ្ពស់ កុំឲ្យត្រូវគេបោកបានដូចខ្ញុំ។

អ្នកដែលហៅខ្ញុំមកច្រៀងឈ្មោះ រ៉ង

កៅឆាយចូលឆ្នាំចិនតែម្តង ហេងចូល ហេង

ដោយក្តីគោរព ពីខ្ញុំបាទ៖ ងួន ចាន់ ដេវីត"

អ្នកលេងបណ្តាញសង្គមជាច្រើននាក់ ក៏បានធ្វើការបញ្ចេញមតិគ្រប់ៗគ្នា ទៅលើរឿងបោកប្រាស់ទាំងស្រស់ៗ របស់ម្ចាស់កម្មវិធី ទៅលើតារាចម្រៀងប្រុស ងួន ចាន់ដេវីត ដែលគ្រាន់តែប្រាក់ប៉ុណ្ណឹង ហេតុអ្វីត្រូវប្រើល្បិច និងដោះសារគ្រប់បែបយ៉ាងទៅវិញ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  តារាចម្រៀងរ៉េបវ័យក្មេង ដែលកំពុងតែទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់មិត្តៗយុវវ័យ លោក ងួន ចាន់ដេវីត ឬ G-Devith សន្ទុះនៃប្រជាប្រិយ និងភាពល្បីល្បាញរបស់ខ្លួន គឺកាន់តែមានការកើនឡើងខ្លាំងទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ។

ប៉ុន្តែទន្ទឹមនឹងភាពល្បីល្បាញនេះ ដេវីតក៏មិនបានបំភ្លេចអតីតកាលចាស់ៗចោលដែរ ដោយកាលពីពេលកន្លងទៅ លោកបានគាស់រំលឹកអតីតកាល អំពីកុង(ជីតា) របស់ខ្លួន ដែលគាត់បានបន្សល់ទុកនូវរឿងល្អៗជាច្រើនសម្រាប់លោក។ ជាពិសេស G-Devith ក៏បានប្រាប់ថា កុង គឺជាវីរបុរសដ៏អស្ចារ្យម្នាក់ នៅក្នុងប្រអប់បេះដូងរបស់ខ្លួន និងប្តេជ្ញាថានឹងដើរតាមគន្លងរបស់កុងទៀតផង។

ខាងក្រោមនេះគឺជាសំណេរដ៏មានន័យរបស់តារាចម្រៀងវ័យក្មេង ដែលគ្រប់គ្នាបានស្គាល់ថាគឺជាម្ចាស់បទ «រាំញីកែងជើង» បានសសេររៀបរាប់ ចេញពីទឹកចិត្តដ៏ស្មោះ៖

«គិតមកដល់ថ្ងៃនេះ៧ឆ្នាំទៅហើយ ដែលកុងបានលាចាកលោកទៅ ខ្ញុំដឹងថាកុងបានសុខហើយ តែនៅឡើយតែអ្នកមានជីវិតប៉ុណ្ណោះ ដែលពិបាកនឹងរស់នៅជាមួយនឹងកម្មពៀរបន្តទៀត កុងមានដឹងទេ នៅពេលដែលអត់ពីកុងទៅ ជីវភាពគ្រួសារយើងគឺធ្លាក់ហួសពីចំណុច សូន្យ គឺថាហៅលែងលឺ តែទោះយ៉ាងណាក៏ដោយក៏ចៅច្បងម្នាក់នេះ មិនដែលអស់សង្ឃឹមនោះទេ នៅតែខំតស៊ូរស់ទៅមុខ។

ដោយឃើញថាកុងជាមនុស្សចេះជួយទុក្ខធុរៈគេ ដោយមិនដែលធ្វើអំពើអាក្រក់លើអ្នកណាម្នាក់ ហើយផលបុណ្យដែលកុងបានសាងទាំងប៉ុន្មាន ក៏បានហុចអោយចៅខ្លះដែរ ទើបធ្វើអោយចៅមិនអាចបំភ្លេចនៅទង្វើដ៏ប្រពៃ និងដើរតាមគន្លងរបស់កុង ដែលចៅចាត់ទុកជា ការបន្សល់ទុកមួយយ៉ាងល្អអស្ចារ្យ។

ខ្ញុំដឹងថាមានមិត្តកុងជាច្រើន ដែលធ្លាប់រួមកាងាររួមសុខរួមទុក្ខនៅក្នុងការងាររាជការ និង ការងារបក្សយ៉ាងសកម្ម (តំណាងរាស្រ្តបំរុងទីមួយនៅមណ្ឌលព្រៃវែង ចុះជួយស្រុកស៊ីធរកណ្តាល) នៅចាំកុង និងចាំទង្វើរ របស់កុង...ណ្ហើយចុះ រឿងវាបានគន្លងផុតទៅហើយ តែយ៉ាងណាកុងនៅតែជាវីរបុរស និងឋិតនៅក្នុងប្រអប់បេះដូងរបស់ចៅប្រុសច្បង ម្នាក់នោះជាដ៏រាបទៅ...។ ដោយក្តីគោរពដល់ខ្ពង់ខ្ពស់ ជូនដល់: ឯកឧត្តម ចាន់ ហ៊ិត។ ពីខ្ញុំបាទ ចៅប្រុសច្បង»៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត