មនុស្សយើងបើនិយាយអំពី “អាហារ ដែលមានតម្លៃថ្លៃ” គឺម្នាក់ៗប្រាកដជានឹកឃើញដល់អាហារជាច្រើនប្រភេទ ដូចជា សាច់ត្រីសាល់ម៉ុង ជាដើម -ល-។ ប៉ុន្តែ ផ្ទុយទៅវិញ ពិភពលោកយើងនេះមាន ផលិតផលម្ហូបអាហារផ្សេងទៀត ដែលមានតម្លៃថ្លៃ សឹងតែនឹកស្មានមិនដល់ទាល់តែសោះឡើយ។

ចង់ដឹងយ៉ាងណានោះ សូមប្រិយមិត្តមកតាមដាន អាហារទាំង ១០ ដែលថ្លៃកប់ពពក ដូចខាងក្រោមនេះ ៖

១. ផ្សិត Matsutake

Matsutake គឺជាឈ្មោះទូទៅ សម្រាប់ផ្សិតថ្នាក់ខ្ពស់ម្យ៉ាង ដែលមានក្លិនក្រអូប និងហិរៗរួមជាមួយគ្នា និងមានតម្លៃរហូតដល់ទៅ ៦០០ ដុល្លារ ក្នុងមួយគីឡូក្រាម។ ផ្សិតនេះតែងដុះនៅខាងក្រោម ដើមឈើ និងមានស្លឹកឈើងាប់ គ្របពីលើពាសពេញ និងមានដើមកំណើតមកពីប្រទេសជប៉ុន និងមានដាំនៅបណ្តាប្រទេស ក្នុងតំបន់អាស៊ីមួយចំនួនផងដែរ។ ថ្វីត្បិតតែវាមានភាពងាយស្រួលក្នុងការប្រមូលផល ប៉ុន្តែផ្សិត Matsutake នេះពិបាករកណាស់ ដោយសារវាមានដុះតែតាមតំបន់មានលក្ខខណ្ឌសមស្របប៉ុណ្ណោះ ហើយជាពិសេស វារងការយាយី ពីសត្វល្អិត និងសត្វព្រៃដទៃទៀត ដូចជាកំប្រុក ទន្សាយ និងប្រើសជាដើម។ 

២. កាហ្វេ Kopi Luwak

កាហ្វេ Kopi Luwak ឬកាហ្វេ Civet គឺជាកាហ្វេមួយប្រភេទ ដែលបានមកពីសត្វម៉្យាងឈ្មោះ Asian palm civet ដែលស៊ីផ្លែកាហ្វេ (coffee cherries) ជាអាហារ រួចបន្ទោរបង់ចេញមក ប៉ុន្តែ វាក៏ត្រូវការដំណើរការជ្រើសរើស និងសំរិតសំរាំងពីម៉ាស៊ីន យ៉ាងល្អិតល្អន់ផងដែរ។ វាជាប្រភេទកាហ្វេដែលមានតម្លៃថ្លៃបំផុត និងមានទីតាំងផលិតនៅឯប្រទេស ឥណ្ឌូណេស៊ី ភីលីពីន និងឥណ្ឌាខាងត្បូង ដែលអ្នកស្រុកនៅទីនោះ ដើរប្រមូលលាមកសត្វ Asian palm civet ដែលជាគ្រាប់កាហ្វេនោះ យកមកលាងសម្អាត រួចយកទៅលីង និងកិនធ្វើជាភេសជ្ជៈ សម្រាប់ទទួលទាន។ តម្លៃរបស់កាហ្វេ Kopi Luwak ស្ថិតនៅចន្លោះពី ២៥០ ដុល្លារ ដល់ ១,២០០ ដុល្លារ ក្នុងមួយគីឡូក្រាម។ 

៣. ពងត្រី ស

ពងត្រី ស គឺជាប្រភេទពងត្រីឆៅ ដែលបានមកត្រីរស់នៅក្នុងទឹកប្រៃ មួយប្រភេទឈ្មោះ Albino sturgeon របស់អំបូរត្រី Acipenseridae ។ ជាធម្មតា ពពួកត្រី Albino sturgeon នេះមានទំហំធំៗ និងរស់នៅតាមសមុទ្រកាព្យែន (Caspian) និងសមុទ្រខ្មៅ (Black sea)។ គួរបញ្ជាក់ផងដែរថា តម្លៃរបស់ពងត្រីស នេះ ស្មើនឹង ៩,១០០ ដុល្លារ ក្នុងមួយគីឡូក្រាម និងអាចទទួលទានទាំងស្រស់ (ឆៅ) ក៏បាន ឬអាចយកទៅចម្អិនរួច សឹមទទួលទានក៏បាន។ ប្រសិនបើយកទៅចម្អិន វាអាចធ្វើឲ្យគុណភាពរសជាតិធ្លាក់ចុះ ប៉ុន្តែមានតម្លៃថោកជាង នៅស្រស់។ វាមានតម្លៃថ្លៃយ៉ាងនេះ ក៏ដោយសារតែពពួកត្រី Albino sturgeon នេះកម្រពងណាស់ រហូតទាល់តែវាមានអាយុដល់ទៅ ១០០ ឆ្នាំឡើងទើបអាចទទួលផលបាន។ 

៤. ស៊ុបសំបុកត្រចៀកកាំ

សត្វត្រចៀកកាំ គឺជាបក្សី ដែលស្ថិតនៅក្នុងអំបូរ Hirundinidae និងត្រូវបានមនុស្សគ្រប់ៗគ្នាស្គាល់ពាសពេញពិភពលោក ថាជាសត្វដែលផ្តល់ផល ល្អដល់សុខភាពមនុស្សច្រើន។ ជាការពិតណាស់ សំបុករបស់ត្រចៀកកាំ ដែលវាធ្វើឡើងពីទឹកមាត់របស់វាសុទ្ធសាធ ត្រូវបានគេយកមកសម្រាប់ធ្វើការទទួលទាន និងយកធ្វើជាស៊ុបផងដែរ ជាពិសេស ជាអាហារប្រចាំប្រទេសចិនជាង ៤០០ ឆ្នាំមកហើយ។ តម្លៃរបស់វាប្រមាណជា ៣,០០០ ដុល្លារ ឯណោះ ក្នុងមួយគីឡូក្រាម ដោយសារតែវាមានអាហាររូបត្ថម្ភច្រើន រសជាតិឆ្ងាញ់ និងកម្រមាន។ 

៥. ផ្កា Saffron

ផ្កា Saffron គឺជាគ្រឿងទេស ដែលបានមកពីផ្កាម្យ៉ាងឈ្មោះ Crocus sativus ដែលមានដើមកំណើតតំបន់អាស៊ី ភាគនិរតី។ ដើមរបស់វាមួយ អាចលូតបានប្រវែងពី ២០ ទៅ ៣០ សង់ទីម៉ែត្រ និងអាចមានផ្ការហូតដល់ទៅ ៤ និងមានកញ្ចុំស្ទិចម៉ា ចំនួន ៣ ក្នុងផ្កានីមួយៗ។ កញ្ចុំស្ទិចម៉ាទាំងនោះហើយ ដែលត្រូវបានគេ បេះយកមក ហាលឲ្យស្ងួត សម្រាប់ទុកប្រើប្រាស់ជា គ្រឿងទេស និងសម្រាប់លាយពណ៌ក្នុងអាហារ។ តម្លៃរបស់គ្រឿងទេសនេះ គឺចាប់ពី ៤០០ ដុល្លារដល់ ១,០០០ ដុល្លារ ក្នុងមួយគីឡូក្រាម។ តម្លៃដ៏ថ្លៃនេះ ក៏ដោយសារតែ ផ្ការបស់វារីកតែ ៧ ថ្ងៃក្នុងមួយឆ្នាំ នៅរដូវស្លឹកឈើជ្រុះប៉ុណ្ណោះ ហើយថែមទាំងត្រូវបេះដោយដៃផ្ទាល់ថែមទៀតផង។ 

៦. White Truffles

White Truffles ឬមានឈ្មោះជាភាសាអ៊ីតាលីថា trifola d'Alba Madonna គឺជាប្រភេទផ្សិតម្យ៉ាង ដែលមានភាគច្រើន តាមឫសឈើ។ វាមានដើមកំណើតក្នុងតំបន់ Langhe និង Montferrat ក្នុងប្រទេសអ៊ីតាលី ភាគខាងជើង ជាពិសេស ទីក្រុង Alba និង Asti ដែលជាទីកន្លែងផលិត និងចែកចាយផ្សិត White truffle ធំជាងគេរបស់អ៊ីតាលីផងដែរ។ នៅក្នុងតំបន់អ៊ឺរ៉ុប តម្លៃរបស់វាថ្លៃប្រមាណជា ២,១០០ ដុល្លារ ក្នុងមួយគីឡូក្រាម។ តម្លៃថ្លៃកប់ពពករបស់វានេះ គឺដោយសារតែវាមានលក្ខខណ្ឌដុះលូតលាស់ជាក់លាក់ ហើយក៏ដូចជា មានវិធីសាស្រ្តពិសេស ក្នុងការបេះ និងរក្សាទុក ដើម្បីទទួលបានក្លិន ព្រមទាំងរសជាតិឆ្ងាញ់ផ្តាច់គេតែម្តង។ 

៧. មាន់ខ្មៅ Ayam Cemani

Ayam Cemani គឺជាមាន់ពូជខ្មៅ ជំនាន់ក្រោយ និងខុសពីមាន់ធម្មតា ដែលចិញ្ចឹមនៅឯប្រទេស ឥណ្ឌូនេស៊ី។ មាន់ Ayam Cemani នេះមានហ្សែនដ៏លេចធ្លោចម្លែក ដែលបណ្តាលឲ្យមាន់នេះមានពណ៌ខ្មៅទាំងអស់ រួមទាំងចំពុះ ទាំងរោមស្លាប ទាំងសាច់ ទាំងឆ្អឹង ទាំងសរីរាង្គខាងក្នុងទាំងអស់ របស់វា។ មាន់ខ្មៅនេះ អាឈ្មោលមានទម្ងន់ពី ២ ទៅ ២.៥ គីឡូក្រាម រីឯមីញីមានទម្ងន់ពី ១.៥ ទៅ ២ គីឡូក្រាម។ ដោយសារតែភាពកម្រ នៅក្នុងប្រទេសឥណ្ឌូនេស៊ី មាន់ខ្មៅមួយ មានតម្លៃ ២០០ ដុល្លារ។ ប៉ុន្តែ ក្រៅពីប្រទេសឥណ្ឌូនេស៊ី តម្លៃរបស់មាន់ខ្មៅ អាចឡើងដល់ទៅរាប់ពាន់ដុល្លារឯណោះ (នៅសហរដ្ឋអាមេរិក មាន់មួយថ្លៃ ២,៥០០ ដុល្លារ)! 

៨. សាច់គោជប៉ុន Wagyu

Wagyu (មានន័យថាជា សាច់គោរបស់ជប៉ុន) គឺជាសាច់ របស់សត្វគោចិញ្ចឹម របស់ប្រទេស ជប៉ុន។ បើនិយាយពីគុណភាពរសជាតិ គឺឆ្ងាញ់អស្ចារ្យដាច់គេ រួមទាំងមានផ្ទុកជាតិអាស៊ីតខ្លាញ់ Omega-3 និង Omega-6 ខ្ពស់ជាងសាច់គោធម្មតា ហើយទន្ទឹមនឹងនោះដែរ តម្លៃក៏ថ្លៃកប់ពពកជាងគេបង្អស់ដែរ ដែលសាច់គោ Wagyu នេះ មានតម្លៃប្រមាណជា ៤៥០ ដុល្លារ ក្នុងមួយគីឡូក្រាម។ ជាងនេះទៅទៀត វាមានក្លិនឈ្ងុយ ខុសប្លែកពីសាច់គោដទៃផ្សេងទៀត និងមានខ្លាញ់ រួមជាមួយសាច់ ស្មើសព្វសាច់គ្នា គួរឲ្យចង់ទទួលទាន។ 

៩. សាច់ជ្រូក តំបន់ Iberia

សាច់ជ្រូកតំបន់ Iberia (ជាតំបន់ព្រំដែនរវាង ប្រទេស ព័រទុយហ្គាល់ និងប្រទេស អេស្ប៉ាញ) មានឈ្មោះថា Jamón ibérico គឺជាប្រភេទសាច់ជ្រូកឆ្អើរ ដែលត្រូវបានផលិតនៅប្រទេស ព័រទុយហ្គាល់ និងប្រទេស អេស្ប៉ាញ។ បើយោងតាមច្បាប់របស់ពួកគេ សាច់ជ្រូក Jamón ibérico ត្រូវបានផលិតចេញពីសាច់ របស់ជ្រូកខ្មៅក្នុងស្រុក Iberia ឬជ្រូកបង្កាត់ពូជ ដែលមានហ្សែនជាជ្រូកតំបន់ Iberia យ៉ាងហោចណាស់ក៏ ៥០% ដែរ។ សាច់ជ្រូកឆ្អើរនេះ គឺជាប្រភេទសាច់ជ្រូក ដែលមានតម្លៃថ្លៃជាងគេបំផុតលើពិភពលោក ដោយតម្លៃមានភាពឡើងចុះប្រមាណជា ៣៩២ ដុល្លារ ក្នុងមួយគីឡូក្រាម។ 

១០. ឈីស សត្វរមាំង

រមាំង គឺជាប្រភេទសត្វ ដែលមានមាធធំជាងគេ ក្នុងចំណោមអំបូរក្តាន់ ទាំងអស់។ វាអាចត្រូវបានគេសម្គាល់ថា ជាសត្វរមាំងឈ្មោលបាន ដោយសារវាមានស្នែងធំៗ រីឯរមាំងញី មានស្នែងដុះខ្លីតូចៗ។ ទឹកដោះ របស់សត្វរមាំងញី ត្រូវបានគេយកទៅផលិតជាឈីស ក្នុងប្រទេសចំនួនបី ដូចជា ប្រទេសរុស្ស៊ី ប្រទេសស៊ុយអែត និងប្រទេសកាណាដា។ ឈីសសត្វរមាំង ជាឈីសដែលមានតម្លៃថ្លៃជាងគេ បំផុតក្នុងពិភពលោក ដែលថ្លៃប្រមាណជា ១,០៧៤ ដុល្លារ ក្នុងមួយគីឡូក្រាម ហើយថែមទាំងផលិតឡើង ក្នុងបរិមាណកំណត់ទៀតផង៕ 

ប្រភព៖ Bright Side | Wikipedia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]