ខ្សែអំបោះទាក់ចន្លោះធ្មេញ ជួយការពារជំងឺអញ្ចាញធ្មេញ (Gum disease) ដោយបានកំចាត់បំណែកនៃអាហារ និងសំអេកពីចន្លោះធ្មេញរបស់អ្នក។ សំអេក (Plaque) គឺជាសារធាតុស្អិតបង្កពីបាក់តេរី។ ប្រសិនបើមានសំអេកច្រើន បាក់តេរីក៏កើតមានឡើងដែលជាហេតុធ្វើឲ្យរលាកអញ្ចាញធ្មេញ និងបង្កឲ្យមានការរលាក។

​របៀបប្រើប្រាស់ខ្សែអំបោះទាក់ចន្លោះធ្មេញ

ខ្សែអំបោះទាក់ចន្លោះធ្មេញ គឺជាសរសៃស្តើងមួយ ដែលធ្វើពីនីឡុងទន់ ឬប្លាស្ទិច ដែលអាចយកកំទេចកំទីចំណីអាហារ និងសំអេកចេញពីចន្លោះធ្មេញរបស់អ្នក។

ប្រសិនបើអ្នកប្រើ ខ្សែអំបោះទាក់ចន្លោះធ្មេញ មិនបានត្រឹមត្រូវនោះទេ វាអាចបណ្តាលឲ្យមានការខូចខាតអញ្ចាញធ្មេញ។ ដូច្នេះ អ្នកគួរតែអនុវត្តតាមដំបូន្មានទន្តបណ្ឌិតអំពីរបៀបប្រើប្រាស់។ ខាងក្រោមនេះ ជាគន្លឹះអាចជួយអ្នកបាន៖

• កាត់អំបោះមួយសរសៃប្រហែល 45 សង់ទីម៉ែត្រ ហើយយកសរសៃអំបោះដែលកាត់រួចមករុំជុំវិញដៃកណ្តាលទាំងសងខាង។

• យកចង្អុលដៃចុចសរសៃអំបោះជាប់ជាមួយមេដៃ ដោយទុកចន្លោះខ្សែពី 2.5 ទៅ 5 សង់ទីម៉ែត្រ ហើយទាញវាឲ្យតឹង រួចក៏ដាក់សរសៃអំបោះក្នុងចន្លោះធ្មេញពីមួយទៅមួយ។

• ធ្វើចលនាសរសៃអំបោះឡើងលើ និងចុះក្រោមស្រាលៗ ដើម្បីនាំយកកាកសំណល់ពី ចន្លោះធ្មេញ និងខាងក្រោមអញ្ចាញ (Gum line)

សូមមើលរូបខាងក្រោម៖ 

តើត្រូវធ្វើដូចម្តេច ប្រសិនបើអញ្ចាញធ្មេញហូរឈាម?

នៅពេលចាប់ផ្តើមប្រើប្រាស់ខ្សែទាក់ចន្លោះធ្មេញ លើកដំបូង អញ្ចាញធ្មេញរបស់អ្នកមានការឈឺ និងហូរឈាមបន្តិចបន្តួច។ ទោះជាយ៉ាងនេះក្តី អញ្ចាញធ្មេញរបស់អ្នកនឹងប្រែមកជាប្រក្រតីវិញ បើអ្នកព្យាយាមអនុវត្តការទាក់ធ្មេញជាប្រចាំ។ បើសិនជា អ្នកអនុវត្តការប្រើប្រាស់ខ្សែទាក់អញ្ចាញនេះ ហើយនៅតែហូរឈាមរាល់ពេលទាក់ចន្លោះធ្មេញ ចាប់ពី ២ទៅ៣ថ្ងៃ អ្នកគួរតែទៅជួបជាមួយទន្តបណ្ឌិតជំនាញដើម្បីធ្វើការពិនិត្យ។

តើត្រូវធ្វើដូចម្តេច ប្រសិនបើអ្នកយល់ថាការប្រើខ្សែអំបោះទាក់ចន្លោះធ្មេញ មិនស្រួលប្រើ?

ជម្រើសមួយដ៏ប្រសើរ នៅពេលដែលអ្នកមិនមានផាសុខភាព ក្នុងការប្រើប្រាស់ខ្សែទាក់ចន្លោះធ្មេញ នោះគឺការសាកល្បងប្រើជក់ដុសចន្លោះធ្មេញ (interdental) ព្រោះមានដងកាន់ដែលអាចឲ្យយើងរក្សាលំនឹងបានល្អ ពេលដុស។ អ្នកអាចរកផលិតផលទាំងពីរនេះបាននៅតាមឱសថការី និងនៅផ្សារទំនើប។ (សូមមើលរូបខាងក្រោម)៖ 

ជាចុងក្រោយ ដើម្បីទទួលបានសុខភាពមាត់ធ្មេញល្អ លោកអ្នកគួរតែទៅពិនិត្យនិងពិគ្រោះយោបល់ ជាមួយទន្តបណ្ឌិត ដែលមានជំនាញច្បាស់លាស់រៀងរាល់ ៦ខែម្តង ឬសាកសួរតាមរយៈទូរស័ព្ទលេខ 017 300 300

បញ្ជាក់៖ អត្ថបទខាងលើ គ្រាន់តែជាការចែករំលែកចំណេះដឹងខ្លះៗ សម្រាប់មនុស្សគ្រប់វ័យគួរយល់ដឹង៕

រៀបរៀងដោយ៖ ទន្តបណ្ឌិត ម៉ិច ម៉ូលីដា

ទន្តបណ្ឌិតនៃមន្ទីរព្យាបាលធ្មេញបស្ចិមសាខាកម្ពុជាក្រោម 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]