ភ្នំពេញ៖ ក្រោយពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ចោរប្លន់ប្រដាប់អាវុធបាញ់សម្លាប់បុរសម្នាក់នៅជិតផ្សារសុវណ្ណា ដែលទើបត្រូវបានចាប់ខ្លួន និងធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៨ឆ្នាំ កាលពីពីរឆ្នាំមុន តែបានលួចរត់ពេលមន្ត្រីពន្ធនាគារនាំទៅព្យាបាលជំងឺរួចមក មន្ត្រីនគរបាល ទូច បូភាព បានបង្ហោះសារមួយទៀតនៅលើ Facebook កាលពីយប់ម៉ិញនេះ។

គណនី Pheap Bo ដែលគេដឹងថាជាមន្ត្រីនគរបាល ទូច បូភាព បានសរសេរថា៖ «ខ្ញុំយល់ព្រមសុំទោសជាសាធារណៈ បើសិនជាមានរឿងដូច្នោះមែន ក៏ប៉ុន្តែហេតុអ្វីមិនមានការផ្សព្វផ្សាយជូនដំណឹង នៅពេលដែលជនល្មើសរត់គេចចេញពីពន្ធនាគារដោយមូលហេតុអ្វី ឬល្បិចកលផ្សេងៗរបស់ឧក្រិដ្ឋជន ជូនជាដំណឹងដល់ស្ថាប័នពាក់ពន្ធ័ធ្វើការតាមជំនាញ ឬប្រជាពលរដ្ឋអោយមានការប្រុងប្រយត្ន័ខ្ពស់ ការងាររដ្ឋបាលគេធ្វើតាមឋានានុក្រម និងមានរចនាសម្ពន្ធ័ត្រឹមត្រូវល្អណាស់ ។ ហើយខ្ញុំក៏នៅតែនិយាយដដែលៗថា ខ្ញុំស្អប់ពពួកមន្រ្តីគ្រាប់ល្ពៅដែលបំផ្លាញស្តេច។ ប្រជាពលរដ្ឋសាមញ្ញក៏មានសិទ្ធិរារាំងហាមឃាត់ ឬក៏ឃាត់ខ្លួនជនបង្កបទល្មើសណាមួយជាក់ស្តែង រួចបញ្ជូនទៅកាន់សមត្ថកិច្ចដែលនៅក្បែរខ្លួនបំផុត ។ ហើយខ្ញុំក៏មិនមែនជាជនកំសាក ក្នុងការគេចវេសពីកាតព្វកិច្ច ឬការបំភ្លឺផ្សេងៗដែរ មិនមែននិយាយហើយ មិនហ៊ានទទួលស្គាល់សំដីខ្លួនឯងដូចជាកូនក្មេងបៀមដៃដែរ អ្វីដែលមនុស្សខ្លាចបំផុតគឺវិប្បដិសារី ការបាត់បងកិត្តិយស និង រស់ដោយគ្មានគុណធម៌ សូមអរគុណ » ។

គួររំឭកថាគណនីហ្វេសប៊ុករបស់មន្ត្រីនគរបាលខាងលើ ធ្លាប់បានសរសេរថា៖ «ពួកខ្ញុំទើបតែចាប់ខ្លួនថ្ងៃមុនសោះ ប្លន់ឡាន Camry07 ពីកំពង់ចាម មកភ្នំពេញ។ មិនទាន់បាន២ឆ្នាំស្រួលបួលផងចេះសីល៍ហែកទ្វាគុកចេញបាត់។ ទោសស្រាលពេកត្រឹមតែបទល្មើសប្លន់ដោយប្រើអាវិធ បើទោសធ្ងន់គឺពួកឆក់ត្រីយកទៅស៊ីដើម្បីរស់។ កងកំលាំងម្នាក់ៗគ្មានបានដេកពួន អីទេទម្រាំចាប់បាន ស្រាប់តែពេលពួកអស់លោកជញ្ជីងគាត់ចេញពីអោបស្រីក្នុង Karaokeមកយកប៊ិចស៊ីញ៉េខ្វាច់ ដោះលែងអស់ ឃឹមអីទៀតស្រែខ្មុក ចឹងបានជាពួកគាត់ចាយលុយដូចក្រដាស ជិះ៥៧០ នៅសុទ្ធតែស្វីលឡា ចិញ្ចឹមស្រី៤ ១០នាក់លេង»។

ក្រោយមានប្រតិកម្មពីមហាជនពាក់ព័ន្ធនឹងការចោទប្រកាន់របស់គណនីហ្វេសប៊ុកខាងលើ ថា ក្រុមចោរប្លន់ប្រដាប់អាវុធ ដែលគេចាប់បញ្ជូនទៅតុលាការដោយផ្ទាល់ដៃរូបនេះ បានរួចខ្លួនវិញ ព្រោះតែមានការរៀបចំសំណុំរឿងដោះលែងពីមន្រ្តីតុលាការរួចមក អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាន់ណា បានចេញមកប្រតិកម្ម និងច្រានចោលភ្លាមៗ ដោយបានបញ្ជាក់ថា ក្រោយរត់គេចខ្លួន ក៏មានការចេញដីការឲ្យតាមចាប់ខ្លួនជាថ្មីផងដែរ និងមិនមានការឃុបឃិតណាមួយក្នុងការ ដោះលែងជនល្មើសរូបនេះ ដូចការចោទប្រកាន់របស់មន្រ្តី នគរបាលឈ្មោះ ទូច បុភាព នោះឡើយ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]