អាមេរិក៖ សារព័ត៌មានទូរស័ព្ទដ៏ធំ PhoneArena បានចុះផ្សាយកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីថ្មីនៃសហរដ្ឋអាមេរិក នៅតែបន្តប្រើទូរសព្ទផ្ទាល់ខ្លួនរបស់លោកម៉ាក Samsung Galaxy ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ដដែល បើទោះបីមានការជំទាស់ពីជំនួយការរបស់លោកក៏ដោយ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅពេលដែលក្លាយជាប្រធានាធិបតីហើយ ការពិតទៅ លោក ដូណាល់ ត្រាំ គួរតែផ្លាស់ប្តូរមកប្រើទូរស័ព្ទដូចគ្នានឹងទូរស័ព្ទរបស់លោក បារ៉ាក់ អូបាម៉ា ដែលបានប្រើ កាលពីពេលគាត់នៅកាន់តំណែង ក្នុងអាណត្តិទីពីរ គឺទូរស័ព្ទ Galaxy S4 ។

ទូរស័ព្ទម៉ូដែល Samsung Galaxy S4 ដែលសម្រាប់លោក ដូណាល់ ត្រាំ យកទៅប្រើនោះ គឺត្រូវបានកែច្នៃឡើង ដើម្បីការពារសុវត្ថិភាពខ្ពស់បំផុត។ ទូរស័ព្ទនោះ មិនអាចទទួលការហៅចូលបានឡើយ ហើយថែមទាំងមិនអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការផ្ញើសារ ឬថតរូបបានទេ។  ទូរស័ព្ទដែលត្រូវបានកែច្នៃដើម្បីការពារសុវត្ថិភាពនោះ មិនអាចដំណើរការជាមួយកម្មវិធីធម្មតារបស់ Android បានទេ ប៉ុន្តែវាអាចភ្ជាប់ទៅកាន់ប្រព័ន្ធ SIPRNet ឬប្រព័ន្ធសម្ងាត់របស់យោធាអាមេរិកបាន។

យើងមិនអាចស្តីបន្ទោសលោកប្រធានាធិបតី ចំពោះការចង់ប្រើប្រាស់ទូរស័ព្ទស្មាតហ្វួនផ្ទាល់ខ្លួន  ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ជំនួសឲ្យការប្រើប្រាស់ទូរស័ព្ទដែលការពារសុវត្តិភាព Galaxy S4 នោះទេ។  ហើយអារម្មណ៍មួយនេះក៏ធ្លាប់មាននៅក្នុងចិត្តរបស់អតីតប្រធានាធិបតីលោក អូបាម៉ា ផងដែរ ដោយលោកធ្លាប់បាននិយាយនៅក្នុងកម្មវិធីតូចមួយកាលពីឆ្នាំ២០១៣កន្លងទៅថា “លោកចង់ឲ្យមានវត្តមានទូរស័ព្ទស្មាតហ្វូនដ៏ឡូយមួយនៅក្នុងសេតវិមាន”។

ប្រភពបន្តថា ដោយមិនខ្វល់ពីការកំណត់ និងបន្តប្រើទូរស័ព្ទ Android ផ្ទាល់ខ្លួនទៀតនោះ លោកដូណាល់ ត្រាំ នៅតែអាចបន្តការបង្ហោះសារលើបណ្តាញសង្គម Twitter របស់លោកបានជាបន្តទៀត។

គួរឲ្យដឹងដែរថា រាល់សារដែលបង្ហោះចេញពីគណនី Twitter របស់លោកត្រាំ មានពីរប្រភេទ គឺសារទីមួយសរសេរដោយលោកត្រាំផ្ទាល់ផ្ញើចេញតាមកម្មវិធី Twitter សម្រាប់ Android   និងសារមួយទៀតផ្ញើចេញពីកម្មវិធី Twitter សម្រាប់ iPhone ដែលគេជឿថា ការងារនេះកាន់ដោយជំនួយការដែលលោកជឿទុកចិត្តបំផុតផងដែរ៕ 

ប្រភព៖ PhoneArena

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]