(ភ្នំពេញ)៖ ស្របពេលដែល រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានចេញលិខិតស្នើឲ្យបញ្ឈប់ការចាក់ផ្សាយ កម្មវិធី «ABC3 ស្ព្រីង» នៅក្នុងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ ដែលត្រុវបានទិញម៉ោងផ្សាយ ដោយវិទ្យុ ABC បន្ទាប់ពីមានការរិះគន់យ៉ាងកក្រើក ពេញបណ្ដាញសង្គមនោះ ស្រាប់តែនៅមុននេះ តារាសម្តែងប្រុស លោក ចន អេឡិចហ្សូរ៉ា បានបញ្ជេញអារម្មណ៍របស់ខ្លួនថា លោកនៅតែបន្តការគាំទ្រវិទ្យុ ABC ព្រោះកន្លងមកវិទ្យុមួយនេះ ធ្លាប់ជួយសាធារណជន បានច្រើនគួរសមមកហើយ។

ការលើកហេតុផលបែបនេះ ត្រូវបានលោក ចន អេឡិចហ្សូរ៉ា បាននិយាយថា «ត្រូវចាំថា បើធ្វើល្អត្រូវធ្វើរហូតដល់ស្លាប់ តែម្តងទៅ ហើយកុំឲ្យគេចាប់កំហុស ព្រោះថា បើទោះបីជាអ្នកធ្វើល្អយ៉ាងណាក៏ដោយ បើមានកំហុសតែម្តង គឺអ្នកជាមនុស្សអាក្រក់ និងត្រូវគេជាន់ពន្លិចជាមិនខាន នេះហើយសម័យ Facebook សម័យរិះគន់ ព្រោះគ្រប់គ្នាជារាជអាជ្ញា និងតុលាការកាត់ទោស ដោយពាក្យសំដី comment and share ហៃអើតាមគ្នា..!»

តារាសម្តែងរូបសង្ហាលោក ចន អេឡិចហ្សូរ៉ា បានបន្ថែមទៀតថា «ABC ចង់ប្រាប់ថា ទង្វើដ៏ល្អរបស់អ្នក (ជួយក្មេងអនាថា អ្នកញៀនថ្នាំ ជនរងគ្រោះ ដោយសាការចាប់រំលោភ ស្រ្តីរកផ្លូវភេទ…) ។ទាំងនេះ នៅតែនៅក្នុងការចងចាំ របស់មនុស្សគ្រប់គ្នា ដែលបានជួប និងទទួលការស្រឡាញ់អំពីអ្នក ព្រមទាំងខ្ញុំម្នាក់ដែរ ដែលស្ញើចសរសើ នូវទង្វើដែលអ្នកបានធ្វើ ទាំងតែអ្នកហៃអើទាំងនោះ គ្មានធ្វើអ្វីសោះក្នុងពេលនោះ..!»

ប្រភព៖ Khmertalking

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា៖រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ពិធីការិនីរបស់វិទ្យុ ABC បានចូលក្នុងបញ្ជីខ្មៅ

ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងថា ចំពោះពិធីករ-ពិធីការិនី រូបណាដែលជាប់ជំពាក់ លើការជេរបញ្ចោ មកទស្សនិកជន ដែលបានរិះគន់ ចំពោះកាយវិកាមិនសមរម្យ របស់ខ្លួនពេលកំពុងផ្សាយផ្ទាល់ មិនអនុញ្ញាតឲ្យឡើងប៉ុស្តិ៍ទូរទស្សន៍ ហើយចំណែកពិធីការិនី របស់វិទ្យុABC ដែលមានកាយវិការមិនសមរម្យ និងខ្វះសីលធម៌នោះ បានចូលក្នុងបញ្ជីខ្មៅហើយ ។

ការលើកឡើងរបស់លោករដ្ឋមន្រ្តី បានធ្វើឡើងបន្ទាប់ពីក្រុមពិធីករ-ពិធីការិនីរបស់វិទ្យុ ABCបានជួលម៉ោងទូរទស្សន៍ប៉ុស្តិ៍ លេខ៣ផ្សាយពីកម្មវិធីចម្រុះ ABC 3 Spring ដែលបានប្រព្រឹត្តនូវអំពើពុំ គួរគប្បីដោយសម្ដែងកាយវិការ មិនសមរម្យ ប្រើសំដីខ្វះសីលធម៌វិជ្ជាជីវៈ ជាអ្នកសារព័ត៌មាន និងបានប្រមាថមាក់ងាយអ្នកស្ដាប់ ក៏ដូចជាទស្សនិជន ។

ក្នុងពិធីសំណេះសំណាលជា ភាតរភាពជាមួយនិវត្តជន នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ថា “ខ្ញុំបាននិយាយហើយពិធីករ-ពិធីការិនីណាដែល ជាប់ជំពាក់លើបញ្ហា ជេរបញ្ចោគេ គឺមិនអនុញ្ញាតឲ្យឡើងប៉ុស្តិ៍នោះទេ លើកលែងតែ៣ទៅ៤ឆ្នាំទៀត ។ ប៉ុន្តែគាត់បានចូលក្នុងបញ្ជីខ្មៅ” ។

លោកបន្តថា កំហុងខុសឆ្គងរបស់ពិធីការិនីរូបនោះ ជារឿងធម្មតាទេ ចំពោះអ្នកដែលមិនធ្លាប់បានធ្វើការងារ ប្រភេទនេះ ប៉ុន្តែពិធីការិនីរូបនោះ ក្រោយពីមានការរិះគន់មិនព្រមទទួលយកទេ បែរជាមកបកស្រាយហើយ ជេរអ្នករិះគន់ទៅវិញ នេះជាចំណុចដែលមិនសម ជាពិធីករ-ពិធិការិនីទេ ។ លោកថា កំហុសជេរសាធារណជន គឺជាកំហុសវិជ្ជាជីវៈ ដែលជាកំហុសមិនអាច លើកលែងឲ្យបាន ។ កំហុសមាន២គឺ កំហុសធម្មតានិងកំហុសវិជ្ជាជីវៈ ដែលកំហុសនេះ មិនអាចលើកលែងឲ្យបាននោះទេ ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចន អេឡិចហ្សូរ៉ា