ដំណើរការរំលាយអាហារ មានសារៈសំខាន់ណាស់ដល់រាងកាយ របស់មនុស្សម្នាក់ៗ ហេតុនេះយើងត្រូវតែ យកចិត្តទុកដាក់ថែរក្សា ឲ្យបានដិតដល់បន្តិចទើបបាន។ ភាពតានតឹង ទម្លាប់ទទួលទានអាហារមិនត្រឹមត្រូវ បរិយាកាសសុទ្ធតែជាតិពុល ការឆ្លងមេរោគ និងការឧស្សាហ៍ពិសារថ្នាំប្រភេទ antibiotics ច្រើនពេក សុទ្ធតែជាសកម្មភាពដែលបំផ្លាញ ដល់ប្រព័ន្ធរំលាយអាហាររបស់អ្នក។

ការទទួលទានទឹកច្រើន និងបរិភោគអាហារតុល្យភាពត្រឹមត្រូវ អាចជួយឲ្យប្រព័ន្ធរំលាយអាហារ មានភាពប្រសើរឡើង ប៉ុន្តែទន្ទឹមនឹងនោះដែរ អ្នកគួរបន្ថែមអាហារទាំង ៧ មុខ ខាងក្រោមនេះ ទៅក្នុងរបបអាហារ ដើម្បីជួយដល់ក្រពះ ពោះវៀន ឲ្យកាន់តែមានសុខភាពល្អផងដែរ ៖

១. ខ្ញី

ខ្ញី អាចព្យាបាលការឈឺចាប់ជាច្រើន ទាក់ទងនឹងក្រពះ ពោះវៀន បានយ៉ាងមានប្រសិទ្ធភាព។ លក្ខណៈសម្បត្តិរបស់វាគឺ ប្រឆាំងនឹងការរលាក និងបាក់តេរី ដែលជួយដល់ ការដើរខ្យល់ ការពារអាករៈហើមពោះ ឬក្អួត បានយ៉ាងល្អ។ ងាយៗ ដោយគ្រាន់តែអ្នកហាន់ខ្ញីជាចំណិតៗ ដាក់ចូលក្នុងទឹកកំពុងពុះ ដើម្បីបង្កើតបានជាតែខ្ញី សម្រាប់ទទួលទានជាប្រចាំ។ តែកាន់តែចាស់ ក៏កាន់តែជួយផលិតទឹកមាត់ ទឹកប្រមាត់ និងអាស៊ីតក្រពះ បានកាន់តែល្អដែរ។ 

២. ជីអង្កាម

ឱសថដ៏ពេញនិយមនេះ អាចជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារទាំងមូលបាន ដោយសារតែវាអាចប្រឆាំងនឹងការរលាក និងដើរតួដូចជាថ្នាំសម្លាប់មេរោគ ផងដែរ។ ជាតិត្រជាក់ របស់ជីអង្កាមអាចអាចជួយពង្រឹងដល់ ប្រព័ន្ធរំលាយអាហារ និងឆាប់ជាសះស្បើយពីជំងឺក្រពះ ពោះវៀនទៀតផង។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមវា រួមជាមួយអាហារជាប្រចាំរបស់អ្នក ជាការស្រេច។ 

៣. យ៉ាអួ

យ៉ាអួ អាចជួយឲ្យសុខភាពប្រព័ន្ធរំលាយអាហារ ប្រែជាល្អវិញ បានយ៉ាងមានប្រសិទ្ធភាព។ វាជាប្រភេទអាហារ probiotic ដោយមានន័យថា វាសំបូរទៅដោយបាក់តេរីល្អ ដែលជួយដំណើរការរំលាយអាហារ និងកាត់បន្ថយបញ្ហាប្រឈមនឹងជំងឺរាគរូស និងទល់លាមកបាន។ អ្នកត្រូវព្យាយាមជ្រើសរើស យ៉ាអួដែលស្រស់ និងធម្មតា គ្មានលាយជាតិស្ករ ទើបជាការប្រសើរ។ 

៤. ដំឡូងជ្វា

ដំឡូងជ្វា ប្រសិនបើទទួលទានទាំងសំបក នឹងផ្តល់ឲ្យសុខភាពប្រព័ន្ធរំលាយអាហារមានភាពប្រសើរឡើង។ ជាពិសេស វាមានផ្ទុកជាតិសរសៃ ជាតិកាបូអ៊ីដ្រាតស្មុគ្រស្មាញ វីតាមីន B6 វីតាមីន C និងម៉ង់ហ្គាណែស ដែលសុទ្ធតែជួយដល់ការរំលាយអាហារ។ លើសពីនេះទៀត វាត្រូវបានប្រើសម្រាប់ព្យាបាល ជំងឺដំបៅក្រពះ ពោះវៀន មួយចំនួនបានថែមទៀត។ ហេតុនេះ ប្រសិនបើអ្នកឧស្សាហ៍ទទួលទាន ដំឡូងជ្វា អ្នកប្រាកដជាទទួលបានសុខភាពប្រព័ន្ធរំលាយអាហារល្អជាមិនខាន។ 

៥. ផ្លែប៊ឺរ

ផ្លែប៊ឺរ មិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ វាថែមទាំងសំបូរជាតិសរសៃ និងជាតិខ្លាញ់ល្អ សម្រាប់ជួយដល់ប្រព័ន្ធរំលាយអាហារ មិនថាតែមនុស្សធំនោះទេ សូម្បីតែក្មេងតូចៗក៏ជួយដល់សុខភាពច្រើនដែរ។ ទន្ទឹមនឹងនោះដែរ ផ្លែប៊ឺរមិនត្រឹមតែជួយប្រព័ន្ធរំលាយអាហារប៉ុណ្ណោះទេ វាថែមទាំងជួយដល់សុខភាពលំពែង ថ្លើម និងប្លោកនោមថែមទៀត។ ជាពិសេស វាមានសារធាតុចិញ្ចឹម និងជាតិទឹកច្រើន ដែលល្អបំផុត សម្រាប់អ្នកចង់ស្រកទម្ងន់ទៀតផង។ 

៦. ផ្លែប៉ោម

ផ្លែប៉ោម គឺជាជម្រើសល្អបំផុត សម្រាប់អ្នកដែលមានបញ្ហាពោះវៀន ដោយសារតែវាមានផ្ទុកជាតិសរសៃច្រើន រួមទាំងវីតាមីន A វីតាមីន C ជាតិរ៉ែ សារធាតុប៉ូតាស្យូម និងផូស្វ័រផងដែរ។ ជាពិសេស អ្នកគួរទទួលទានទាំងសំបករបស់វា ដោយសារវាក៏មានផ្ទុកជាតិសរសៃមិនរលាយមួយប្រភេទ ហៅថា សែលុយឡូស ដែលជួយកាត់បន្ថយបញ្ហាទល់លាមក និងពង្រឹងប្រព័ន្ធរំលាយអាហារបានយ៉ាងល្អ។ មិនត្រឹមតែប៉ុណ្ណោះ វាជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ (ល្អបំផុត សម្រាប់អ្នកចង់សម្រកទម្ងន់)។ 

៧. ចេក

ចេក ដើរតួនាទីយ៉ាងសំខាន់ ដើម្បីជួយដល់ចលនាពោះវៀន។ ជាពិសេស អ្នកមានបញ្ហារាគរូស គួរតែពិសារវា ពីព្រោះវាអាចជួយស្តារជាតិអេឡិចត្រូលីត និងជាតិប៉ូតាស្យូម ដែលបានបាត់បង់ពេលរាគរូសបាន។ ចេក ក៏សំបូរជាតិសរសៃ ដែលអាចស្រូបយកជាតិពុល និងជួយដល់ចលនាពោះវៀន ឲ្យមានភាពប្រក្រតី ហើយកាន់តែពិសេស គឺវាអាចជួយព្យាបាលជាលិកា នៃបំពង់រំលាយអាហារទៀតផង។ 

*** ខាងក្រោមនេះ ជាគន្លឹះមួយចំនួនបន្ថែមទៀត ពីវេជ្ជបណ្ឌិត ដើម្បីរក្សាសុខភាពប្រព័ន្ធរំលាយអាហារ ឲ្យបានល្អ ៖

១. ទទួលទានអាហារស្រស់ និងគុណភាពខ្ពស់ ៖ អ្នកនឹងសង្កេតឃើញពីភាពខុសប្លែក នៃសុខភាពអ្នក ជាក់ជាមិនខាន ប្រសិនបើអ្នកឈប់ទទួលទានអាហារកំប៉ុង ឬអាហារប្រអប់ រួចងាកមកទទួលទានអាហារធម្មជាតិស្រស់ៗវិញ។

២. ទំពារឲ្យម៉ដ្ឋ ៖ អង់ហ្ស៊ីម ដែលមានក្នុងទឹកមាត់នឹងជួយ បំបែកអាហាររបស់អ្នក និងកម្ចាត់ចោលបាក់តេរី ប្រសិនបើអ្នកទំពារអាហារយ៉ាងហ្មត់ចត់។ កំហុសមនុស្សភាគច្រើនគឺ ទំពារអាហារមិនម៉ដ្ឋល្អ រហូតធ្វើឲ្យក្រពះពិបាកកិន និងបង្កផលប៉ះពាល់យ៉ាងខ្លាំងបាន។

៣. ស្វែងយល់ពីសារៈសំខាន់នៃទឹកអាស៊ីតក្រពះ (HCI) ៖ មិនត្រឹមតែជួយបំបែក និងរំលាយអាហារប៉ុណ្ណោះទេ ទឹកអាស៊ីតក្រពះ បំផ្លាញបាក់តេរីបង្កជំងឺ ប៉ារ៉ាស៊ីត និងដង្កូវបានទៀតផង។ ទម្លាប់រស់នៅប្រចាំថ្ងៃមិនល្អ រួមទាំងទទួលទានរបបអាហារមិនត្រឹមត្រូវ នឹងបង្កឲ្យមានផលប៉ះពាល់ ដល់ជាតិអាស៊ីតក្រពះជាក់ជាមិនខាន។

៤. យកចិត្តទុកដាក់ទៅអង់ស៊ីមរំលាយអាហារ ៖ បន្ទាប់ពីអាហារផ្លាស់ទីពីក្រពះ អង់ស៊ីមក្នុងពោះវៀនតូចនឹង ដើរតួនាទីជាអ្នកស្រូបយកសារធាតុចិញ្ចឹម ៩០%។ ហេតុនេះ អ្នកត្រូវយកចិត្តទុកដាក់លើអាហារសម្រាប់ទទួលទានឲ្យបានហ្មត់ចត់ ជាពិសេស ទទួលទានអាហារសំបូរប្រូតេអ៊ីនឲ្យបានច្រើន។

៥. ទទួលទានសារជាតិ prebiotics និង probiotics ៖ ទាំងពោះវៀនតូច ទាំងពោះវៀនធំជាសកន្លែងរស់នៅរបស់បាក់តេរី និងផ្សិតល្អ ដែលជួយអ្នកក្នុងការរំលាយអាហារ និងរក្សាប្រព័ន្ធភាពស៊ាំឲ្យខ្លាំងក្លា។ ដូច្នេះហើយ អ្នកគួរតែទទួលទានបន្លែ និងទឹកដោះគោឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន។ ជាពិសេស សារធាតុ prebiotics ដែលល្អបំផុត គឺមាននៅក្នុងទឹកខ្មេះប៉ោម (Apple Cider Vinegar)។

៦. ត្រូវមានជាតិទឹកក្នុងរាងកាយគ្រប់គ្រាន់ ៖ មនុស្សមានបញ្ហារំលាយអាហារភាគច្រើន ទទួលទានភេសជ្ជៈប្រភេទសូដា និងកាហ្វេច្រើន ហេតុនេះ អ្នកគួរងាកមកទទួលទានទឹកសាបធម្មតា ឬទឹកតែវិញ ទើបល្អសម្រាប់សុខភាព។

៧. ការសំអាត និងការបន្សាបជាតិពុល ៖ អ្នកត្រូវតាមដានការបន្ទោរបង់របស់អ្នក ដោយមនុស្សម្នាក់ៗត្រូវបន្ទោរបង់មួយថ្ងៃ ឲ្យបានម្តង។ បើមិនដូច្នោះទេ ជាតិពុលនឹងនៅពាសពេញពោះវៀន រហូតពាសពេញរាងកាយទាំងមូលមិនខានឡើយ។ អ្នកអាចសំអាតពោះវៀនរបស់អ្នក ដោយទទួលទានទឹកឲ្យបានច្រើនបំផុត ជាអតិបរមាផងដែរ៕ 

ប្រភព៖ Top 10 Home Remedies | body ecology

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]