ភ្នំពេញ៖ សារព័ត៌មាន Channel News Asia របស់សិង្ហបុរី បានចុះផ្សាយកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ថា សាលារៀនមួយកន្លែងរបស់កម្ពុជា ដែលមានឈ្មោះថា “សាលាដូង” ត្រូវបានសាងសង់ឡើងមិនត្រឹមតែជាថ្នាលបណ្តុះបណ្តាលសម្រាប់ក្មេងៗ ដោយមិនគិតថ្លៃនោះទេ ប៉ុន្តែវាក៏ត្រូវបានសាងសង់ឡើងដើម្បីជំរុញឲ្យមានបរិស្ថានបៃតង់ និងស្អាតបរិសុទ្ធផងដែរ។

សាលារៀនដែលច្នៃពីសំរាមមួយនេះ មានទីតាំងនៅអមនឹងផ្ទះរបស់ប្រជាពលរដ្ឋ ក្នុងតំបន់ទេសចរណ៍ដ៏ពេញនិយម កោះដាច់។ វាត្រូវបានសាងសង់ឡើងដោយច្នៃពីសំរាម ដែលភាគច្រើនជាសំបកដបទឹកសុទ្ធ គម្របដបទឹកសុទ្ធ និងសំបកកង់ឡានចាស់ៗ ជាមួយនឹងការលាបថ្នាំពណ៌ចំរុះ គួរឲ្យទាក់ទាញ។

ប្រភពព័ត៌មានបានឲ្យដឹងថា ពែងកាហ្វេចាស់ៗដែលប្រើរួច ត្រូវបានគេយកមកតម្រៀបធ្វើជាដំបូល ដ៏ស្រស់ស្អាតមួយ នៅពីលើក្លោងទ្វារចូលរបស់សាលា រីឯដបប្លាស្ទិចដែលគេលាបពណ៌ចំរុះ ត្រូវបានកាត់ចេញជារូបរាងផ្កាធំៗ និងតម្រៀបចេញជារូបរាងទង់ជាតិរបស់កម្ពុជា ដ៏អស្ចារ្យបំផុត។ 

ដបស្រាបៀរចាស់ៗជាច្រើន ដែលគេបោះបង់ចោល ត្រូវបានយកមកប្រើធ្វើជាមូលដ្ឋានគ្រឹះនៃជញ្ជាំង ផើងសម្រាប់ដាំរុក្ខជាតិ និងកូនផ្កាតូចៗជាដើម។ ហើយក្រៅពីរចនាសម្ព័ន្ធចាំបាច់ដើម្បីរក្សាថ្នាក់រៀនកុំឲ្យលិច ពេលមានភ្លៀងធ្លាក់ “សាលាដូង”ទាំងមូល ត្រូវបានសាងសង់ពីរបស់របរដែលគេបោះបង់ចោល ហើយភាគច្រើនជារបស់ប្លាស្ទិច។

“សាលាដូង” គឺជាគម្រោងការបង្កើត និងចំណង់ចំណូលចិត្តរបស់លោក អ៊ុក វណ្ណដេ ដែលជាអតីតអ្នកចាត់ការទូទៅ ក្នុងសណ្ឋាគារមួយ។ លោកបានបោះបង់ជីវិតជាអ្នកធ្វើការធម្មតារបស់លោក ហើយចាប់ផ្តើមគម្រោង “សាលាដូង” ដែលវាមិនត្រឹមតែជាថ្នាលបណ្តោះបណ្តាលសម្រាប់កុមាររាប់សិនអ្នក នៅកោះដាច់ នោះទេ ប៉ុន្តែក៏ដើម្បីជម្រុញឲ្យមានការផ្លាស់ប្តូរ នៅក្នុងប្រទេសរបស់លោកផងដែរ។

ដោយសារតែបញ្ហា នៃចំនួនកាកសំណល់ប្លាស្ទិច ត្រូវបានគេបោះចោលនៅក្នុងទន្លេ និងតាមដងផ្លូវក្នុងរាជធានីភ្នំពេញ លោក អ៊ុក វណ្ណដេ ក៏បាននឹងឃើញគំនិតមួយ ដើម្បីច្នៃកាកសំណល់ទាំងនោះឲ្យមានប្រយោជន៍ ខណៈពេលដែលលោកកំពុងជិះកង់ជុំវិញកោះដាច់ ហើយឃើញក្មេងៗជាច្រើននៅលេងតាមផ្ទះ និងតាមដងផ្លូវ ជាជាងការទៅរៀននៅសាលា ព្រោះស្ថានភាពគ្រួសារ។ 

ស្ថាបនិក “សាលាដូង” វ័យ ៣១ឆ្នាំរូបនេះ បាននិយាយថា “យើងចង់អប់រំក្មេងៗ និងផ្តល់ឲ្យពួកគេនូវចំណេះដឹង។ នៅក្នុងប្រទេសកម្ពុជា បើទោះជាអ្នកខ្លះទទួលបានការអប់រំ សិក្សាក៏ដោយ ក៏ពួកគេនៅតែបោះចោលកាកសំណល់ប្លាស្ទិច ជារៀងរាល់ថ្ងៃ ពីព្រោះពួកគេបានរៀនទម្លាប់ទាំងនេះពីឪពុកម្តាយរបស់ពួកគេ”។ លោកបន្តថា “វាមិនមែនជារឿងងាយស្រួលឡើយដើម្បីបញ្ឈប់ពួកគេមិនឲ្យបន្តទម្លាប់ទាំងនោះទៀត ដូច្នេះហើយទើបយើងបង្ហាញពួកគេ ពីផលប្រយោជន៍នៃកាកសំណល់ប្លាស្ទិចទាំងនោះ។ នេះមានន័យថា នៅពេលដែលអ្នកបោះចោលកាកសំណល់ប្លាស្ទិចទាំងនោះ វាប្រៀបដូចជាអ្នកបោះចោលនូវផលប្រយោជន៍របស់វាអីចឹង”

គួរបញ្ជាក់ថា សាលារៀនមួយនេះ បានបើកទ្វារឲ្យក្មេងៗ នៅក្នុងតំបន់កោះដាច់ ចូលសិក្សា ចាប់តាំងពីខែមករា ឆ្នាំ២០១៣ មក ដែលវាជួយឲ្យក្មេងៗ មិនចាំបាច់ត្រូវធ្វើដំណើរឆ្លងកាត់ទន្លេមេគង្គ ជារៀងរាល់ថ្ងៃ ដើម្បីទៅសាលារៀនដែលនៅក្នុង ទីក្រុងនោះទេ។ តែទោះជាយ៉ាងណា សាលារៀនមួយនេះ មិនអាចជំនួសសាលារៀនរបស់រដ្ឋបាននៅឡើយទេ ដោយក្មេៗនៅតែត្រូវការបន្តការសិក្សាទៅសាលារដ្ឋ។

ប្រភពព័ត៌មានបានបន្តថា ដោយមានជំនួយពីគ្រូបង្រៀនស្ម័គ្រចិត្ត ចំនួន៧នាក់ លោក វណ្ណដេ បានផ្តល់នូវមុខវិជ្ជាចំនួន៣ ក្នុងសាលាដូង គឺ ភាសាអង់គ្លេស កុំព្យូទ័រ និងការសិក្សាពីការកែច្នៃឡើងវិញ។ លោកជឿជាក់ថា ការផ្តល់ឱកាសឲ្យសិស្សទាំងអស់មាន “ភាពជាម្ចាស់” លើសាលាមួយនេះ ដោយឲ្យពួកគេជួយសាងសង់ជញ្ជាំងសាលា ក៏ដូចជាការរក្សាទីធ្លាសាលាឲ្យមានសភាពស្អាត បរិសុទ្ធ និងជំរុញឲ្យពួកគេអាចធ្វើការផ្លាស់ប្តូរក្នុងសហគមន៍របស់ពួកគេផងដែរ។ 

លោក អ៊ុក វណ្ណដេ បានបញ្ជាក់ថា “យើងបង្រៀនក្មេងៗ ឲ្យរៀនសូត្រ ប៉ុន្តែឲ្យពួកគេចេះរៀនសូត្រ មិនមែនឲ្យធ្វើតាមយើងនោះទេ។ រៀនដើម្បីគិត គិតដើម្បីអ្វី? គឺគិតដើម្បីបង្កើតរបស់អ្វីមួយដែលថ្មី សម្រាប់ពិភពលោក។ យើងបង្រៀនក្មេងឲ្យចេះឆ្ងល់។ ឆ្ងល់ គិត អនុវត្តជាក់ស្តែង យល់ដឹង ចែករំលែក និងបង្កើតភាពសប្បាយរីករាយ”

សាលាដូង ទទួលសិស្សឲ្យចូលរៀនដោយមិនគិតថ្លៃ ប៉ុន្តែសិស្សទាំងអស់ត្រូវតែនាំយកកាកសំណល់ប្លាស្ទិចពីផ្ទះ ឬក្នុងសហគមន៍របស់ពួកគមកសាលារៀន ដើម្បីជួយសាងសង់ផ្នែកថ្មីណាមួយនៃសាលា ឬក៏បង្កើតជាតុក្កតា ដើម្បីលក់យកប្រាក់ ដើម្បីជួយក្នុងដំណើរការរបស់សាលា ឲ្យមាននិរន្តភាព។

លោក វណ្ណដេ បានជ្រើសរើសមិនធ្វើយុទ្ធនាការ ឬស្វែងរកមូលនិធិជំនួយពីរដ្ឋាភិបាល និងកម្មវិធិសប្បុរសធម៌ណាមួយឡើយ ហើយលោកបានប៉ាន់ប្រមាណថា ក្នុងមួយខែ ការចំណាយលើដំណើររបស់សាលានេះ អាចមានចំនួន ១៥០ដុល្លារ។ កុំព្យូទ័រទាំងអស់ គឺទទួលបានការឧបត្ថម្ភ ហើយបច្ចុប្បន្ន លោកកំពុងតែសម្លឹងរកមើលការដាក់ដំឡើង បន្ទះសូឡា ដើម្បីកាត់បន្ថយការចំណាយលើការប្រើប្រាស់ភ្លើងអគ្គីសនី។

លោក បានថ្លែងជាចុងក្រោយថា ខ្ញុំមិនដែលទៅនិយាយជាសាធារណៈថា ខ្ញុំបានធ្វើនេះ ខ្ញុំបានធ្វើនោះ នោះទេ។ អ្នកត្រូវតែសួរខ្លួនឯងថា តើអ្នកកំពុងតែធ្វើរឿងដែលត្រូវ ឬក៏ខុស។ បើអ្នកកំពុងធ្វើរឿងដែលត្រឹមត្រូវ អ្នកគួរតែបន្តធ្វើវាទៀត ហើយប្រសិនបើអ្នកត្រូវដើលើផ្លូវនោះតែម្នាក់ឯង អ្នកត្រូវតែទៅតែម្នាក់ឯង។ ពន្លឺភ្លឺស្រលះ នឹងនាំឲ្យមនុស្សដែលនៅទីងងឹត មើលឃើញ៕ 

ប្រភព៖ Channel News Asia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]