រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ខណៈ​ជិះ​ម៉ូតូ​ត្រឡប់​ពី​ផឹកស៊ី​វិញ ស្រាប់តែ​ក្មេង​ទំនើង​៣​នាក់​ជិះ​ម៉ូតូ​ដេញ​កាប់​ដោយ​មិនដឹង​មូលហេតុ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់​ស្រាល​ម្នាក់ ។ ករណី​នេះ​កើតឡើង​កាលពី​ម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​ខាងត្បូង​វត្ត​អង្គ​តា​មិ​ញ ផ្លូវ​បេតុង ភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

ជន​រង​គ្រោះជា​អ្នក​បើក​ម៉ូតូ​ដែល​របួសធ្ងន់​ឈ្មោះ ឈឿ​ន រ៉ា​វុ​ធ អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​ត្រពាំង​រំចេក សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ប្រសិទ្ធ ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ ចំណែក​អ្នក​រួម​ដំណើរ​របួសស្រាល​ឈ្មោះ សឹ​ង្ហ សុខ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​ភូមិ​ព្រៃ​ជួល ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

ប្រភព​ពី​ជន​រង​គ្រោះ​បាន​ប្រាប់​ថា នៅ​មុន​កើតហេតុ​ពួក​ខ្លួន​មាន​គ្នា​៣​នាក់​បាន​ទៅ​អង្គុយ​ផឹកស៊ី​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រោយ​ពី​ផឹក​ហើយ​ក៏​បែកផ្លូវ​គ្នា ដោយ​ខ្លួន​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ តាកែវ 1K-1170 ខណៈ​ពេល​ចេញ​មក​ដល់​ផ្លូវ​ខាងលើ ស្រាប់តែ​មាន​ជន​បង្ក​៣​នាក់​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ជិះ​តាម​ពីក្រោយ​ដោយ​ក្នុង​ដៃ​មាន​កាន់​ដាវ​សាំ​ម៉ូ​រ៉ៃ និង​ខ្សែក្រវាត់ ដេញ​វាយ​ពួក​គាត់​ទាំង​២​នាក់​ដោយ​មិនដឹង​មូលហេតុ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ហើយ​ក្រុម​ជន​បង្ក​បាន​ជិះ​ម៉ូតូ​គេចខ្លួន​អស់ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​ក្មេង​ទំនើង​កាប់​ត្រូវ​ក្បាល​ផ្នែក​ខាងក្រោយ បណ្តាល​ឲ្យ​ដាច់​ឃើញ​លលាដ៍ក្បាល និង​ចាក់​ចំពោះ​ផ្នែក​ខាងឆ្វេង​ផង​បណ្តាល​ឲ្យ​រង​របួសធ្ងន់ ចំណែក​ម្នាក់​ទៀត​រង​របួសស្រាល​ប៉ុណ្ណោះ ហើយ​បាន​ទំនាក់ទំនង​រថយន្ត​សង្គ្រោះ​មក​ដឹក​ទៅ​កាន់​មន្ទី​ពេទ្យ​ព្រះ​កុសុមៈ​ភ្លាម​ៗ ។ ទាក់ទិន​ករណី​ខាងលើ​នេះ សមត្ថកិច្ច​សង្ស័យ​ថា​ជា​រឿង​គំនុំ ៕

ប្រភព៖ កោះសន្តិភាព

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ខឹង​ខ្លាំង​ណាស់ ! បើកឡាន​បុក​ទម្លុះ​ចូល​ក្នុង​ហាង

(រាជធានី​ភ្នំពេញ) ៖ បុរស​ជនជាតិ​ចិន​៣​នាក់ បន្ទាប់​ពី​ចូល​ទៅ​រករឿង​ម្ចាស់​ភោជនីយដ្ឋាន​រួច​តែ​មិន​អស់ចិត្ត​បាន​បើកឡាន​បុក​ទម្លុះ​ចូល​ក្នុង​ហាង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៧ នៅ​ភោ​ជនី​ដ្ឋា​ន​សាច់​អាំង​ទ័ពអាកាស​លេខ​១ ផ្លូវ​លេខ​២០៨ សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ។

បើ​តាម​សំដី​របស់​បុគ្គលិក​ស្រី​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​ជនជាតិ​ចិន​ប្រុស​៣​នាក់​ចូល​មក​រករឿង​ថៅកែ​ដែល​ជា​ចិន​ដូច​គ្នា ដោយសារ​តែ​ខឹង​ឈប់​ជួល​ផ្ទះ​ឲ្យ​ជនជាតិ​ចិន​ម្នាក់​ក្នុង​ចំណោម​៣​នាក់​នោះ ព្រោះ​ជនជាតិ​ចិន​រូប​នោះ​ជួល​ផ្ទះ​ស្នាក់​នៅ​ពីរ​បី​ខែ​មិន​បាន​ឲ្យ​លុយ​ថ្លៃ​ជួល ។ បុរស​ជា​ជនជាតិ​ចិន​នោះ​ខឹង​បណ្តេញ​រូបគេ​ចេញពីផ្ទះ​ជួល ស្រាប់តែ​នៅ​យប់​កើតហេតុ​បាន​នាំ​បក្សពួក​២​នាក់​ទៀត​ជិះ​រថយន្ត ម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-7093 បាន​មក​អុកឡុក​ក្នុង​ហាង ហើយ​បើករថយន្ត​បុក​ចូល​ក្នុង​ហាង​ធ្វើ​ឲ្យ​ខូចខាត​សម្ភារ​ក្នុង​ហាង​អស់​មួយ​ចំនួន ភ្លាម​ៗ​នោះ​បុគ្គលិក និង​ថៅកែ​នាំ​គ្នា​វាយ​បំបែក​កញ្ចក់​រថយន្ត​ទាំង​សងខាង ទើប​អ្នក​បើករថយន្ត​បង្ក​បាន​បើករថយន្ត​គេច​ចេញ​ទៅ​ដល់​ផ្លូវ​លេខ​២៣២​ក៏​ឈប់​រថយន្ត​នៅ​កណ្ដាលផ្លូវ​មុខ​ភោ​ជនី​ដ្ឋា​ន​ស្បូវ​មាស រួច​បើកទ្វារ​រថយន្ត​រត់គេច​ខ្លួន​បាត់​អស់ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​បាន​សួរនាំ តែ​ម្ចាស់​ភោជនីយដ្ឋាន​ប្រាប់​ថា អត់​ប្តឹងផ្តល់​ទេ សុខចិត្ត​ជួសជុល​ការ​ខូចខាត​ដោយ​ខ្លួនឯង សមត្ថកិច្ច​ក៏​បាន​យក​រថយន្ត​បង្កហេតុ​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​យក​រថយន្ត​វិញ ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]