រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​មាន​ធំ​ក្លិនស្អុយ​អា​សោច​ខ្លាំង​ពេក បុគ្គលិក​បម្រើ​ការងារ​នៅ​ក្នុងផ្ទះ​សំណាក់​ក៏​នាំ​គ្នា​ដើរ​រក​មើល​តាំងពី​ជាន់​ផ្ទាល់​ដី​រហូត​ដល់​ជាន់​ទី​២ ទើប​ដឹង​ថា បុរស​ជនជាតិ​អា​ល្លឺ​ម៉​ង់​ម្នាក់​បាន​ធ្វើ​អត្តឃាត​យ៉ាង​ចម្លែក ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៧ នៅ​ក្នុង​បន្ទប់​ជាន់​ទី​២ ក្នុងផ្ទះ​សំណាក់​យីហោ White River ផ្ទះ​លេខ​១៤២A5-១៤២A6 ផ្លូវ​លេខ​១៧២ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​ឈ្មោះ TEICH MICHAEL អាយុ​៥២​ឆ្នាំ ជនជាតិ​អា​ល្លឺ​ម៉​ង់ ជា​អ្នក​ទេសចរណ៍ ។

ប្រភព​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ បុគ្គលិក​បម្រើ​ការ​នៅ​ក្នុងផ្ទះ​សំណាក់​យីហោ White River បាន​ធំក្លិន ស្អុយ​យ៉ាង​ខ្លាំង ក៏​នាំ​គ្នា​ដើរ​ឆែកឆេរ​រក​តាម​បន្ទប់​ជា​ច្រើន តាំងពី​ជាន់​ក្រោម​រហូត​ទៅ​ដល់​ជាន់​ទី​២ ពេល​ដល់​បន្ទប់​មួយ​ដែល​គេ​មិន​បានឃើញ​បុរស​ជនបរទេស​ដែល​ស្នាក់​នៅ​ទីនោះ​ចេញ​មក​ខាងក្រៅ​២​ថ្ងៃ​ហើយ ហើយ​បិទទ្វារ​ចាក់សោរ​ជាប់​ទៀត ដោយ​មានការ​សង្ស័យ​ពួក​គេ​ក៏​បាន​យក​កូនសោ​ចាក់​ចូល​ទៅ​ក្នុង​បន្ទប់​មើល ទើប​ប្រទះ​ឃើញ​សាកសព​របស់​បុរស​ម្នាក់​មាន​សភាព​ហើម និង​ស្អុយ​យ៉ាង​អសោច​ទៅ​ហើយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​រាយការណ៍​ទៅ​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​បានដឹង​ពី​រឿង​នេះ ។

ក្រោយ​ពេល​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​បាន​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ និង​កោសល្យ​វិ​ច្ច័​យ បានឃើញ​ថា បុរស​ជា​ជាតិ​អា​ល្លឺ​ម៉​ង់​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​តែ​ការ​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង​ប្រាកដ​មែន ដោយ​បាន​ចូល​ទៅ​ក្នុង​បន្ទប់ទឹក​បិទទ្វារ រួច​យក​ធ្យូង​អនាម័យ​ទៅ​ដុត​បង្ក​ជា​ផ្សែង​បណ្តាល​ឲ្យ​ថប់ដង្ហើម​ស្លាប់​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​រក្សា​ទុក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​ឯ​ប្រទេស​កំណើត​វិញ​របស់​គេ​វិញ ៕

ប្រភព៖ កោះសន្តិភាព

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ផ្អើល​ពេញ​ហាង​បាយ ចែ ច្រឹប

បុរស​៤-៥​នាក់​ ខណៈ​កំពុង​អង្គុយ​ផឹកស៊ី​ នៅ​ហាង​បាយ ចែ ច្រឹប ស្រាប់តែ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ មក​ឈប់​រោ​ទិ៍​ហ្គែ​រ​ខ្លាំង​ៗ ហើយ​ដក​កាំភ្លើងខ្លី​បាញ់​២​គ្រាប់​ចូល​វង់​ផឹក​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៧ កន្លងទៅ តាម​បណ្តោយ​ផ្លូវ​លេខ​១៣ កែង​ផ្លូវ​លេខ​១៥៤ នៅ​ចំណុច​ជាប់​ភោជនីយដ្ឋាន​៥៥៥៥ ស្ថិត​នៅ​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​ ពី​ជន​រង​គ្រោះ​ឈ្មោះ សុខ រក្សា អាយុ​៣១​ឆ្នាំ មុខរបរ​ធ្វើការ​នៅ​បារ​បារាំង ស្នាក់​នៅ​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​និង​មិ​ត្តិ​ភក្តិ​៤-៥​កំពុង​អង្គុយ​ផឹកស៊ី​ នៅ​ក្រោម​ដើម​អំពិល​កន្លែង​លក់​បាយ​យីហោ ចែ ច្រឹប ស្ថិត​នៅ​តាម​ចិញ្ចើម​ផ្លូវ​ ជាប់​ហាង​៥៥៥៥ ស្រាប់តែ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​វ័យ​ជាង​៣០​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ជិះ​ម៉ូតូ​មក​ដល់​កន្លែង​ ពួក​គាត់​កំពុង​ផឹកស៊ី មិនដឹង​ថា ម៉ូតូ​ជាប់​ហ្គែ​រ ឬ​មាន​បញ្ហា​អី​ទេ​ បាន​ឈប់​ម៉ូតូ​ហើយ​រោ​ទិ៍​ហ្គែ​រ​ខ្លាំង​ៗ និង​បាន​ចុច​ស៊ី​ផ្លេ​ទៀត ពេល​នោះ​ក្រុម​ជន​រង​គ្រោះ​ បាន​នាំ​គ្នា​និយាយ​ថា បង​មិន​ចាំបាច់​រោ​ទិ៍​ហ្គែ​រ​ម៉ូតូ​ខ្លាំង​ៗ​ពេក​ទេ មានរឿង​អី​និយាយ​គ្នា​បាន ស្រាប់តែ​បុរស​រូប​នោះ​ខឹង ហើយ​បាន​ដក​កាំភ្លើងខ្លី​ចេញពី​ចង្កេះ​បាញ់​សំដៅ​ ចូល​ទៅ​អ្នក​ដែល​អង្គុយ​ផឹក​២​គ្រាប់ ធ្វើ​ឲ្យ​អ្នក​ដែល​អង្គុយ​ផឹក​៤-៥​នាក់​នោះ​នាំ​គ្នា​ចែក​ជើង​គ្នា​ រត់​បាតជើង​ស​ព្រាត តែ​សំណាងល្អ​មិន​បាន​រង​របួស​ទេ ចំណែក​បុរស​រូប​នោះ​បន្ទាប់​ពី​បាញ់​២​គ្រាប់​ហើយ បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ និង​កម្លាំង​នគរបាល​មូលដ្ឋាន បាន​នាំ​គ្នា​មក​ដល់​កន្លែង​កើតហេតុ និង​ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​សំបក​កា​ទុ​ស្ស​ដែល​បាញ់​រួច​១​គ្រាប់ និង​មិន​ទាន់​បាញ់​១​គ្រាប់ សរុប​ទាំងអស់​២​គ្រាប់ ត្រូវ​បាន​អាវុធហត្ថ​យក​ទៅ​រក្សា​ទុក​ដើម្បី​ស្រាវជ្រាវ​ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]