ភ្នំពេញ៖ ជាការសោកស្តាយមួយយ៉ាងខ្លាំងសម្រាប់អ្នកគាំទ្រ ដែលចូលចិត្តចូលទៅចុចស្តាប់បទចម្រៀង នៅលើគណនីយូធូបរបស់ តារាចម្រៀងកៅ ពន្លឺ (PUNLEUR-ពន្លឺ Channel) ពេលដែលទទួលបានព័ត៌មានថា គណនីមួយនេះ ត្រូវបានក្រុមហ៊ុនយូធូបធ្វើការបិទចោលបាត់ទៅហើយ។

កាលពីម្សិលមិញនេះ លោក កៅ ពន្លឺ ដែលយុវវ័យខ្មែរភាគច្រើនស្គាល់នៅលើបណ្តាញសង្គម និងគេហទំព័រយូធូប ថាជាតារាចម្រៀងម្នាក់ចូលចិត្តបង្កើតបទចម្រៀងនិពន្ធថ្មីនោះ បានបង្ហោះរូបភាពគួរឲ្យសោកស្តាយមួយអំពីការត្រូវបានបិទគណនីដោយយូធូប ហើយបានរៀបរាប់ទាំងឈឺចាប់ថា៖ «ចំណាយអស់ប៉ុន្មានខែទើបធ្វើរឿងនេះបានសំរេច? ខ្ញុំសូមសរសើរអ្នកមែនទែនតែម្តង ចង់អោយប្រវត្តិសាស្ត្រមួយនេះបាត់បង់ណាស់មែនទេ? អ្នកអោយខ្ញុំចំណាយពេល 4 ឆ្នាំទៀតសម្រាប់បង្តើតវាមែនទេ?»។ បន្ថែមពីនេះទៀត លោកបានធ្វើការបញ្ជាក់ឲ្យអ្នកគាំទ្របានដឹងទៀតថា ហេតុផលដែលត្រូវយូធូបបិទគណនីរបស់ខ្លួនចោល គឺដោយសារត្រូវអ្នកលួចចម្លងយកចម្រៀងពីម្ចាស់គេទៅបង្ហោះបន្តហើយ នៅមករាយការណ៍ទៅយូធូប (Report) ថាម្ចាស់ដើមគេជាអ្នកចម្លងទៅវិញទៀត ដែលនេះពិតជាធ្វើឲ្យលោកកប់យោបល់តែម្តង។

ទោះបីជាយ៉ាងណា តាមការលើកឡើងខាងលើនេះ អ្នកគាំទ្រមួយចំនួនបានបញ្ចេញកំហឹងនៅក្នុង Comment ទៅលើជនអនាមិកដែលបានបំផ្លាញគណនីម្ចាស់ដើម ខណៈដែលមានមួយចំនួនផ្សេងទៀត បានបកស្រាយផងដែរថា មានគណនីយូធូបច្រើនណាស់នៅស្រុកខ្មែរ មិនថាគណនីតូច ឬធំទេ សុទ្ធតែត្រូវបានក្រុមហ៊ុនយូធូបធ្វើការបិទចោលទាំងអស់ ឲ្យតែសកម្មភាពរបស់គណនីទាំងនោះ ធ្វើខុសទៅនឹងគោលការណ៍របស់ក្រុមហ៊ុនយូធូប។ ជាក់ស្តែងនៅក្នុងសារដែលយូធូបបានជូនដំណឹងនោះសរសេរថា៖ «គណនីរបស់អ្នកត្រូវបានបិទ ដោយសារបំពានគោលការណ៍របស់យូធូប ក្នុងនោះអាចទាក់ទិនដូចជា Spam (ការបង្ហោះដដែលៗធ្វើឲ្យរំខាន), Deceptive Practices (ការប្រព្រឹត្តនូវសកម្មភាពដែលធ្វើឲ្យយល់ខុស ឬក្នុងរូបភាពឆបោក), Misleading Content (ប្រភេទវីដេអូដែលខុសទៅនឹងគោលបំណងរបស់ខ្លួនក្នុងការបង្កើតឡើង), ឬមានការបំពានផ្សេងៗពីនេះទៀត ដែលខុសទៅនឹង Terms of Service»។

តាមការលើកឡើងរបស់អ្នកគាំទ្រមួយចំនួនទៀត ឲ្យដឹងថា គណនីយូធូបរបស់ខ្លួនក៏ត្រូវបានបិទចោលដែរ និងមិនមាននរណាគេ Report ឡើយ ព្រោះនេះជាគោលការណ៍ថ្មីរបស់យូធូប ដើម្បីរឹតបណ្តឹងសេវាកម្មរបស់ខ្លួន។ យ៉ាងណាមិញក៏អាចមានពេលខ្លះទៀត យូធូបមានការយល់ច្រឡំផងដែរ ហើយប្រសិនជាម្ចាស់គណនីច្បាស់ក្នុងចិត្តថាពិតជាមិនបានធ្វើខុសទៅនឹងគោលការណ៍របស់ក្រុមហ៊ុនយូធូបទេ តែជាកំហុសបច្ចេកទេសរបស់ខាងយូធូបនោះ ម្ចាស់គណនីអាចធ្វើការតវ៉ាបាន។ ជាក់ស្តែងនៅក្នុងអ៊ីម៉ែល យូធូបបានសរសេរថា៖ «បើអ្នកយល់ថានេះជាការលុបគណនីដោយការយល់ខុស (Error) អ្នកអាចទទួលបានព័ត៌មានបន្ថែមអំពីរបៀបតវ៉ា ដោយចូលទៅកាន់តំណភ្ជាប់ (Appeal your suspension)»។

យ៉ាងណាក៏ដោយ នេះជាការសោកស្តាយមួយយ៉ាងខ្លាំងផងដែរ សម្រាប់ កៅ ពន្លឺ ដែលបានខិតខំប្រឹងប្រែងជាច្រើនឆ្នាំមកហើយ តែបែរជាបាត់បង់មួួយពព្រិចភ្នែក ដោយមិនដឹងខ្លួនយ៉ាងដូច្នេះ។ ខ្មែរឡូតជូនពរ និងសង្ឃឹមថាយូធូបនឹងធ្វើការត្រួតពិនិត្យឡើងវិញ ហើយផ្តល់គណនីត្រឡប់មកវិញក្នុងពេលឆាប់ៗនេះផងចុះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ