ភ្នំពេញ៖ មិនមែនជាលើកទីមួយនោះទេ ដែលទេព្យកោសល្យ ស្នាដៃកូនខ្មែរយើង ល្បីសុះសាយ មានមុខមានមាត់នៅបរទេស។ ជាក់ស្តែងលើកនេះ យុវជនមួយរូបដែលមានឈាមជ័រជាខ្មែរ រស់នៅប្រទេសបារាំង ត្រូវបានជ្រើសរើសជា នាយកកីឡាអេឡិចត្រូនិចរបស់ក្លិបបាល់ទាត់កំពូលនៅបារាំង Paris Saint Germain (PSG) ។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពី ឯកឧត្តម ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក។

គួរបញ្ជាក់ថា យុវជនដែលត្រូវបានជ្រើសជានាយកកីឡាអេឡិចត្រូនិច នៅក្លិបបាល់ទាត់ PSG នេះ ឈ្មោះ គិម បូរ៉ា ទើបតែមានអាយុ២៤ឆ្នាំប៉ុណ្ណោះ។ ប្រភពបន្ថែមបានឲ្យដឹងថា យុវជនរូបនេះ ក៏ជាអ្នកជំនាញឯកទេសផ្នែកហ្គេម Online មួយរូបផងដែរ ៕ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផ្សេងមួយទៀត៖ ពីឡុតវ័យ១៩ឆ្នាំ ជាកូនខ្មែរដំបូងបង្អស់ ដែលបញ្ចប់ការសិក្សា ពីសាលាអាកាសចរណ៍ល្បីមួយ នៅអាមេរិក

កាលពី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ យោងតាមទំព័រហ្វេសប៊ុកផេក Aviation in Asia បានធ្វើការបង្ហោះចែកចាយរូបភាពប៉ុន្មានសន្លឹក និងសរសេររៀបរាប់ឲ្យដឹងថា «កូនខ្មែរយើងលោក លឹមស្រេង សេដ្ឋានមុន្នី ពិតជាអស្ចារ្យណាស់ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល ផ្នែកអាកាសចរណ៍បានដោយជោគជ័យ»។

ប្រភពដដែលឲ្យដឹងទៀតថា យុវជនវ័យក្មេង លឹមស្រេង សុដ្ឋានមុន្នី (Limsreng Sethanmony) អាយុ១៩ឆ្នាំ ទទួលបានសញ្ញាបត្រជាអ្នកបើកយន្តហោះ (អាជ្ញាប័ណ្ណពីឡុតយន្តហោះពាណិជ្ជ ដែលប្រើម៉ាស៊ីនច្រើន និងទទួលបានការវាយតម្លៃ) ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល ជើងហោះហើរ នៅសាលាអាកាសចរណ៍ Transpac Aviation Academy នៅទីក្រុង Phoenix រដ្ឋ Arizona សហរដ្ឋអាមេរិក។  

យុវជន លឹមស្រេង សុដ្ឋានមុន្នី ជាជនជាតិខ្មែរដំបូងគេបង្អស់ ដែលបានបញ្ចប់ការសិក្សា ចេញពីសាលាហ្វឹកហ្វឺនជំនាញឯកទេសផ្នែកអាកាសចរណ៍ខាងលើ ដែលនេះជាភាពជោគជ័យយ៉ាងអស្ចារ្យមួយ។

គួរឲ្យដឹងថា សាលាអាកាសចរណ៍ Transpac Aviation Academy ជាសាលាល្បី និងធំជាងគេមួយនៅអាមេរិក ដែលមានសិស្សប្រមាណ ៤០០ ទៅ ៥០០នាក់។

នេះជាមោទនភាពមួយសម្រាប់កម្ពុជាផងដែរ ដែលមានយុវជនវ័យក្មេងជាកូនខ្មែរមួយរូប អាចសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ដូច្នេះ។

គួរបញ្ជាក់ដែរថា ក៏មានក្រុមហ៊ុនអាកាសចរណ៍មួយចំនួន តែងបញ្ជូនសិក្ខាកាមរបស់ខ្លួន ទៅធ្វើការបណ្តុះបណ្តាលបន្ថែម លើជំនាញអាកាសចរណ៍ នៅសាលាខាងលើនេះ ដើម្បីពង្រឹងសមត្ថភាពផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]