កូរ៉េខាងត្បូង៖ តារាចម្រៀង និងតារាសម្តែងដ៏ល្បីល្បាញរបស់កូរ៉េ លោក Rain ឬដែលមានឈ្មោះពេញថា Jung Ji Hoon បានរៀបការហើយ ជាមួយនឹងកំពូលតារាស្រីនាង Kim Tae Hee កាលពីថ្ងៃទី ១៩ មករា២០១៧ថ្មីៗនេះ ក្រោយស្រលាញ់គ្នាបាន ៤ឆ្នាំ។

ការរៀបការរបស់តារាចម្រៀង Rain បានធ្វើឱ្យក្រមុំៗជាច្រើននាក់ របួសបេះដូងជាបន្តបន្ទាប់។ តើប្រិយមិត្តធ្លាប់ដឹងថា Rain មានប្រវត្តិយ៉ាងណាខ្លះដែរទេ?

ថ្ងៃនេះខ្មែរឡូតនឹងនាំប្រិយមិត្តឱ្យស្គាល់ពីប្រវត្តិរបស់តារាចម្រៀង Rain៖

លោក Rain កើតនៅថ្ងៃទី ២៥ មិថុនា ឆ្នាំ១៩៨២ និងមានឈ្មោះក្រៅក្នុងសិល្បៈថា Bi ដែលជាភាសាកូរ៉េ ប្រែថាភ្លៀង។ គេមានប្អូនស្រីម្នាក់ឈ្មោះ Jung Hana។

ដោយការស្រលាញ់សិល្បៈ ពិសេសចូលចិត្តរាំច្រៀងផងតាំងពីវ័យក្មេងសម័យនៅរៀន ទើបធ្វើឱ្យ Rain សម្រេចចិត្តចូលរួមជាសមាជិកនៅក្នុងក្រុមរាំមួយ ជាមួយមិត្តភក្តិដទៃទៀត ដើម្បីប្រកួតប្រជែងក្បាច់រាំនៅតាមទីកន្លែងផ្សេងៗ។ 

ក្រោយមកការឈានជើងចូលក្នុងសិល្បៈជាលើកដំបូងរបស់ Rain គឺជាអ្នករាំបម្រុងឱ្យផលិតកម្ម JYP Entertainment នៅក្នុងឆ្នាំ២០០០។ បន្តមកទើបក្លាយជាអ្នករាំឱ្យតារាចម្រៀងល្បីលោក Park Jin Young ហើយដោយមើលឃើញពីសមត្ថភាព និងភាពប៉ិនប្រសព្វរបស់ Rain ទើបលើកស្ទួយឱ្យគេក្លាយជា តារាចម្រៀងថ្មីរបស់ផលិតកម្ម JYP Entertainment ក្នុងឆ្នាំបន្ទាប់មក។

អាល់ប៊ុមដំបូងបំផុតរបស់ Rain បានចេញនៅក្នុងឆ្នាំ ២០០២ មានឈ្មោះថា Bad Guy ដែលក្រោយមកចម្រៀង Bad Guy ក៏បានក្លាយទៅជាបទដ៏ល្បីល្បាញ ទទួលបានពាន់រង្វាន់ចំណាត់ថ្នាក់លេខ១នាឆ្នាំនោះ។

អមជាមួយនឹងក្បាច់រាំយ៉ាងឡូយ គួបផ្សំនឹងភាពស្រស់សង្ហា និងស៊ិចស៊ី របស់ខ្លួនផង Rain ក៏បានក្លាយខ្លួនជាអ្នកចម្រៀងថ្មីដ៏ពេញនិយម ដែលទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីទស្សនិកជន។

ក្រោយមក Rain ក៏បានក្លាយជាតារាល្បីជួរមុខ និងចេញចម្រៀងជាបន្តបន្ទាប់ជាច្រើនបទដូចជា It’s Raining, I Do, I'm coming, RAINISM, In my Bed, LA SONG ជាដើម។ មកដល់ឆ្នាំ២០០៩ ក៏បានក្លាយជាផលិតករឱ្យក្រុម MBLAQ របស់ J.Tune Entertainment មុននឹងលក់សិទ្ធិទៅឱ្យផលិតកម្ម YP Entertainment ហើយក្រោយមកក៏បានប្តូរទៅឱ្យ Cube Entertainment វិញ។

បន្ទាប់មកក៏បានក្លាយជាអ្នកសម្តែងទៀតនៅក្នុងរឿងដំបូងគឺ រឿង Sang Doo Let’s Go To School ដោយទទួលបានការជោគជ័យយ៉ាងខ្លាំងក្លា។ ហើយរឿងដែលអ្នកគាំទ្រស្គាល់ Rain ច្រើនបំផុតនោះគឺរឿង Full House (បំណុលផ្ទះជំពាក់ស្នេហ៍) ព្រមទាំងទទួលបានពានរង្វាន់ជាច្រើន នៅក្នុងវិស័យសិល្បៈ ក្រោយរឿងនេះបានដាក់បញ្ចាំង។

ក្រៅពីនេះគេក៏បានចេញរឿងបន្តបន្ទាប់ជាហូរហែដូចជា A Love To Kill, The Fugitive: Plan B, My Lovely Girl, Please Come Back, Mister, I'm a Cyborg, but It's Okay មុននឹងឈនដល់ការថតរឿងហូលីវូតដូចជា Speed Racer, Ninja Assassin និង The Prince។

ត្រលប់មកមើលពីជីវិតស្នេហាវិញ កម្លោះសង្ហា Rain និងស្រីស្អាត Kim Taehee បានជួបគ្នាជាលើកដំបូងនៅក្នុងឆ្នាំ២០១១ ក្នុងកម្មវិធីផ្សាយពាណិជ្ជកម្មមួយ។ បន្តមកក៏បានរាប់អានគ្នាជាមិត្តភក្តិ ដោយម្នាក់ៗលួចស្រលាញ់គ្នាតែរៀងៗខ្លួន។

រហូតឆ្នាំ២០១៣ ពេលដែល Rain ចេញទៅបម្រើកងទ័ព ពួកគេទាំងពីរក៏កាន់តែស្រលាញ់គ្នាខ្លាំងឡើងៗ ហើយមកដល់ដើមឆ្នាំ២០១៧នេះ ក៏បានសម្រេចចិត្តរៀបការជាមួយគ្នាតែម្តង៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]