បុណ្យចូលឆ្នាំចិន ឬ ហៅម្យ៉ាងទៀតថា បុណ្យនិទាឃរដូវ គឺថ្ងៃបុណ្យឈប់សំរាកដ៏សំខាន់បំផុតរបស់ជនជាតិចិន។ ប្រជាជនមួយចំនួន ជាពិសេសជនជាតិចិននៅក្រៅប្រទេស បានហៅពិធីបុណ្យនេះថា បុណ្យចូលឆ្នាំច័ន្ទគតិថ្មី។ ពិធីបុណ្យចូលឆ្នាំចិន មិនត្រឹមតែប្រារព្ធក្នុងប្រទេសកម្ពុជាតែមួយប៉ុណ្ណោះទេ សូម្បីតែនៅក្នុងប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងប្រទេសដទៃទៀត ដែលមានប្រជាជនចិនរស់នៅភាគច្រើន គឺប្រទេសស្ថិតនៅក្បែរសមុទ្រចិន ក៏នាំគ្នាប្រារព្ធពិធីបុណ្យចូលឆ្នាំនេះដែរ។

ក្នុងពីធីបុណ្យចូលឆ្នាំចិន បងប្អូនជាប់ខ្សែស្រឡាយចិនតែងគោរពប្រណិប័តន៍ នូវជំនឿផ្សេងៗ  រួមមានការបិទយ័ន្តផ្ទះ មានការដុតផាវ  មានការលោតម៉ុងសាយ មានការសែនព្រេន  មានការដុតក្រដាស ដុតធូបនៅព្រះវិហារ ការនាំយកអំពៅខ្មៅ និងស្លឹកមៀន និងការតាំងផ្កាអង្គារសីលក្នុងផ្ទះជាដើម -ល-។

តាមប្រវត្តិសាស្រ្តចិន មានជំនឿលើការគោរពបុណ្យចូលឆ្នាំថ្មីយ៉ាងកប់ជ្រៅ។ គេមានជំនឿលើតំណមជាច្រើន នៅក្នុងអំឡុងចូលឆ្នាំបីថ្ងៃ ជាពិសេសថ្ងៃទី១។ ក្នុងរយ: ពេល ៣ ថ្ងៃនេះ គេចាត់ទុក ជាថ្ងៃពិសេសបំផុតដែលមិនត្រូវធ្វើអ្វី ល្អក់កករនាំឱ្យប៉ះពាល់ដល់មង្គល ឬដល់ឆ្នាំថ្មីឡើយ។ គេត្រូវធ្វើអ្វីដែលនាំសិរីសួស្តីចូលខ្លួន និងក្រុមគ្រួសារ។

ដើម្បីឲ្យប្រិយមិត្តអ្នកអានយល់ជ្រាបកាន់តែច្បាស់ ក្រុមការងារ Khmerload បានធ្វើការសាកសួរលោកគ្រូចិនសែ ដ៏ល្បីឈ្មោះម្នាក់ ក្នុងរាជធានីភ្នំពេញ គឺលោកគ្រូ កុក ឡុង មកជួយអធិប្បាយនូវការរៀបចំ និងសកម្មភាពត្រូវប្រកាន់ខ្ជាប់ក្នុង ពិធីបុណ្យចូលឆ្នាំចិន ឆ្នាំរកា ខាងមុខនេះផងដែរ។ 

លោកគ្រូចិនសែ កុក ឡុង បានលើកឡើងថា នៅឯស្រុកចិនគេមានកម្មវិធីច្រើនណាស់ ជាពិសេសប្រជានជនចិនទាំងនោះ ចាប់ផ្តើមធ្វើដំណើរត្រលប់មកភូមិកំណើតវិញហើយតាំងពីថ្ងៃ ១៥ កើត មកម្ល៉េះ។ សម្រាប់ប្រជាជនខ្មែរ អ្វីដែលត្រូវប្រកាន់ធ្វើ មុនថ្ងៃចូលឆ្នាំចិន ទី ២១ ដែលជាថ្ងៃទេវតាឡើងទៅឋានលើខាងមុខនេះ គឺត្រូវតែធ្វើការបោសសម្អាតផ្ទះឲ្យបានស្អាត (រៀបចំផ្ទះ បោសពីងពាង -ល-)។

លោកគ្រូ ក៏បានបញ្ជាក់ផងដែរថា មនុស្សភាគច្រើនតែងយល់ខុសលើប្រពៃណីចិន អំពីការសែនដកជើងធូប។ លោកគ្រូបានរៀបរាប់ថា ខ្មែរយើងបែរជាច្រលំថា ដូរជើងធូបទៅវិញដោយលោកគ្រូបានមានប្រសាសន៍ណែនាំថាយើង គួរយកជើងធូប មកព័ទ្ធសីម៉ា ហើយយកទៅចោលក្នុងទឹកទន្លេ ទើបជាវិធីដែលត្រឹមត្រូវ ទៅតាមក្បួនចិន។ ឬបើមិនដូច្នោះទេ សម្រាប់អ្នកដែលមានផ្ទះវីឡា មានផ្ទះធំ ឬផ្ទះមានសួនច្បារ គឺអាចកប់ទៅក្នុងដី ក៏ជាការល្អផងដែរ។

លោកគ្រូចិនសែ កុក ឡុង ក៏បានបន្ថែមទៀតថា នៅថ្ងៃទី ២៧ ខែមករា ត្រូវជាថ្ងៃចូលឆ្នាំចិននេះ ឆ្នាំមួយចំនួន ដូចជា ឆ្នាំជូត ឆ្នាំឆ្លូវ ឆ្នាំរោង ឆ្នាំម្សាញ់ ឆ្នាំរកា និងឆ្នាំវក គឺគួរសែនថ្វាយទេវតា និងអុជធូប នៅមុនម៉ោង ១១ ព្រឹក រីឯឆ្នាំដទៃផ្សេងទៀត រួមមាន ឆ្នាំខាល ឆ្នាំថោះ ឆ្នាំមមី ឆ្នាំមមែ ឆ្នាំច ឆ្នាំកុរ គឺគួរសែនក្រោយម៉ោង ១១ ព្រឹក។

លោកគ្រូបានបន្តថា ប្រសិនជាអាច នៅពេលល្ងាច គួររៀបកន្ទេល និងរៀបចំដាក់សែនសំណែនមួយចំនួន នៅខាងមុខផ្ទះ ដើម្បីអញ្ជើញពួកខ្មោចអានាថា ដែលមិនមានកូន មិនមានចៅ ឬមិនមានម៉ុង (ផ្នូរ) ឲ្យពួកគេបានមកហូបចុកផងដែរចុះ។ ជាងនេះទៅទៀត នៅពេលយប់អាចជប់លៀងជាមួយ ញាតិមិត្តខាងក្រៅបាន ប៉ុន្តែនៅពេលថ្ងៃ គួរតែទៅជប់លៀងផ្ទះឪពុកម្តាយកុំខាន ទើបជាការល្អ។

ទន្ទឹមនឹងនោះដែរ ចិនភាគច្រើនមានសែនសំណែនដូចជា នំពងទា ឬនំអ៊ី ជាដើម ប៉ុន្តែសព្វថ្ងៃយើងសង្កេតឃើញមានអ្នកខ្លះ ក៏ជំនួសដោយការដាក់សែនសូកូឡាផងដែរ។ រីឯ ផ្លែឈើត្រូវមានយ៉ាងហោចណាស់ ៥ មុខ និងកុំភ្លេច ទឹកក្រូចកំប៉ុងផង។ ជាពិសេស សូមបងប្អូនកុំភ្លេចសែន "មី" ពីព្រោះគេមានជំនឿថា មីជួយឲ្យម៉ែឪ ដូនតា មានអាយុយឺនយូរ។ មិនត្រឹមតែប៉ុណ្ណោះ សម្រាប់តង្វាយជា សត្វពាហនៈ ត្រូវមានសាច់មាន់ សាច់ទា និងសាច់ជ្រូក កុំបីខាន។ 

រូបភាព៖ វត្តភ្នំ
រូបភាព៖ វត្តភ្នំ
រូបភាព៖ វត្តភ្នំ

ជាចុងក្រោយ លោកគ្រូចិនសែ កុក ឡុង បានបញ្ជាក់អំពីប្រវត្តិ របស់ ពិធីបុណ្យចូលឆ្នាំចិន ថែមទៀតផង។ ចង់ដឹងយ៉ាងណានោះ ប្រិយមិត្តអាចតាមដាន ស្តាប់សេចក្តីលម្អិតបន្ថែម ពីវីដេអូ ខាងក្រោមនេះ ៖

ក្រុមការងារ Khmerload សង្ឃឹមថា បងប្អូនប្រជាជនខ្មែរយើង នឹងទទួលបានសេចក្តីសុខ និងជ័យជំនះ គ្រប់ប្រការ ក្នុងឆ្នាំថ្មី ឆ្នាំរកា ខាងមុខនេះគ្រប់ៗគ្នាផងដែរ។ ជាពិសេស ធ្វើដំណើរទៅទីឆ្ងាយជិត សូមជួបតែសុខសុវត្ថិភាព ទាំងអស់គ្នា!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]