ចិន៖ ស្រ្តីវ័យចំណាស់ជនជាតិចិន ដែលលក់ស្ករតាំងម៉ែ នៅតាមផ្លូវម្នាក់ បានធ្វើឲ្យសន្តិសុខសាធារណៈម្នាក់ដឹងពីស្នាដៃរបស់គាត់ ដោយយកស្ករតាំងម៉ែ មួយចង្កាក់ ចាក់ចំ.ក សន្តិសុខនោះ បន្ទាប់ពីគេបានហាមគាត់មិនឲ្យលក់នៅតាមផ្លូវ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន សៀងហៃ។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមសន្តិសុខមួយក្រុម ក្នុងទីក្រុង Chongqing បានទៅហាមឃាត់ស្រ្តីវ័យចំណាស់ខាងលើ ដែលកំពុងតែលក់ស្ករតាំងម៉ែ នៅកន្លែងដែលគេមិនអាចអនុញ្ញាតឱ្យគាត់លក់បាន។ ហើយជំនួសឲ្យការរត់ចេញពីទីន្លែងនោះដោយស្ងៀមស្ងាត់ ស្រ្តីខាងលើ បែរជាសម្រេចចិត្តប្រយុទ្ធប្រឆាំង ជាមួយក្រុមសន្តិសុខ ដើម្បីបានកន្លែងលក់របស់គាត់ទៅវិញ។ 

ដើម្បីទទួលបានកន្លែងលក់ អាចរកលុយចិញ្ចឹមជីវិត ស្រ្តីរូបនេះបានប្រតាយប្រតប់ជាមួយក្រុមសន្តិសុខ រហូតដល់គាត់បានយកស្ករតាំងម៉ែ របស់គាត់ មួយចង្កាក់ ទៅចាក់បំពង់.ក សន្តិសុខម្នាក់ធ្លុះ.កជាប់ឆ្កឹង មើលទៅគួរឲ្យស្រៀវបំផុត។

តាមរយៈរូបភាពប៉ុន្មានសន្លឹកដែលគេបង្ហោះចូលទៅក្នុងបណ្តាញសង្គមចិន បានបង្ហាញឲ្យឃើញ បុរសជាសន្តិសុខវ័យក្មេងម្នាក់ ស្ថិតក្នុងទឹកមុខស្លេកស្លាំង ដោយមានស្ករតាំងម៉ែ មួយចង្កាត់ដោតជាប់នឹង.ក កំពុងត្រូវបានមិត្តរួមការងារជួយគ្រាយកទៅសង្គ្រោះ។ ជាសំណាងល្អ របួសនោះមិនធ្ងន់ធ្ងរប៉ុន្មាននោះទេ ហើយទន្ទឹមនឹងនេះដែរ ស្រ្តីចំណាស់ជាអ្នកលក់ខាងលើ ត្រូវបានប៉ូលិសចាប់ឃុំខ្លួន ចំពោះការវាយប្រហាររបស់គាត់។

គួរបញ្ជាក់ថា នេះមិនមែនជាលើទីមួយឡើយ ដែលភាពតានតឹងបានផ្ទុះឡើង រវាងអ្នកលក់តាមផ្លូវគ្រប់ទីកន្លែងក្នុងប្រទេសចិន ជាមួយនិងមន្រ្តីសន្តិសុខសាធារណៈ ពេលពួកគេកំពុងបំពេញភារកិច្ចរបស់ខ្លួននោះ។ ហើយកាលពីឆ្នាំ២០១៥ មានមន្រ្តីសន្តិសុខសាធារណៈម្នាក់ បានស្លាប់ ដោយសារអ្នកលក់ផ្លែស្រ្តប៊េរី នៅតាមផ្លូវ ក្នុងទីក្រុង Dalian បន្ទាប់ពីមន្រ្តីរូបនោះបានរំខានអាជីវកម្មរបស់គាត់៕ 

ប្រភព៖ Shanghaiist

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]