អាការៈ “ពងបែកមាត់” គឺជាស្នាមពងបែក ពណ៌សថ្លា មាននៅតាមបបូរមាត់ ផ្ទៃខាងលើនិងខាងក្រោមមាត់ រួមទាំងមានលើអណ្តាតទៀតផង។ ពងបែកមាត់ កើតឡើងនៅពេល ដែលក្រពេញទឹកមាត់ស្ទះ ជាពិសេស នៅពេលដែលអ្នកខាំមាត់ ឬខាំសាច់ថ្ពាល់ខាងក្នុងរបស់អ្នក ដោយចៃដន្យ។

ពងបែកទាំងនោះតូចៗ និងមិនបង្កជាការឈឺចាប់អ្វីទេ តែទោះជាយ៉ាងណា ប្រសិនបើអ្នកទុកចោលមិនព្យាបាល វានឹងអាចរីកធំ រួចបង្កជាការឈឺចាប់ខ្លាំង។ ជាក់ស្តែង បញ្ហាពងបែកមាត់នេះ កម្របង្កជាសភាពធ្ងន់ធ្ងរណាស់ ប៉ុន្តែប្រសិនបើវាបង្កជាដំបៅរ៉ាំរ៉ៃ អ្នកត្រូវតែទៅពិគ្រោះជាមួយ នឹងគ្រូពេទ្យជំនាញភ្លាម។

ពងបែកក្នុងមាត់ អាចកើតមានលើមនុស្សគ្រប់វ័យ ទាំងប្រុស ទាំងស្រី ទាំងអស់ ប៉ុន្តែជាធម្មតា គេសង្កេតឃើញកើតមាន លើមនុស្សមានអាយុចន្លោះពី ១០ ឆ្នាំទៅ ២៥ ឆ្នាំច្រើនជាងគេបំផុត។

# មូលហេតុអ្វី ទើបបណ្តាលឲ្យកើត ពងបែកក្នុងមាត់?

ពងបែកមាត់ ភាគច្រើនតែងតែកើតឡើងដោយសារ ៖

• ខាំមាត់ (មូលហេតុទូទៅបំផុត)

• ខាំសាច់ថ្ពាល់ខាងក្នុង

• ការចោះក្រវិលនៅនឹងមាត់

• ក្រពេញទឹកមាត់ ដាច់រហែកដោយចៃដន្យ

ជាងនេះទៅទៀត កង្វះអនាម័យមាត់ធ្មេញ និងទម្លាប់ខាំមាត់ ខាំសាច់ថ្ពាល់ខាងក្នុង ដោយសារអារម្មណ៍ស្រ្តេស ក៏នឹងធ្វើឲ្យអ្នកប្រឈមនឹងហានិភ័យកកើត អាការៈពងបែកមាត់ដែរ។ មិនត្រឹមតែប៉ុណ្ណោះ មានមនុស្សមួយចំនួនតូច ទទួលរងគ្រោះពីបញ្ហាពងបែកមាត់ ដោយសារតែ ប្រើប្រាស់ថ្នាំដុសធ្មេញខុសទៀតផង។ 

# វិធីព្យាបាល អាការៈ ពងបែកមាត់

ពងបែកមាត់ខ្លះ មិនត្រូវការព្យាបាលទេ ដោយយូរៗទៅ វានឹងជាខ្លួនឯង។ ទន្ទឹមនឹងនោះដែរ អ្នកក៏អាចស្វែងរក ការព្យាបាល តាមបែបវេជ្ជសាស្រ្ត ពីគ្រូពេទ្យជំនាញ ឬព្យាបាលដោយខ្លួនឯង តាមរបៀបងាយៗ ដូចខាងក្រោមនេះ ៖

១. ទឹកឃ្មុំ

ទឹកឃ្មុំ អាចជួយកាត់បន្ថយការឈឺចាប់ ការរលាក និងជួយការពារមេរោគ ឲ្យឆាប់ជាសះស្បើយបាន។ អ្នកគ្រាន់តែលាយទឹកឃ្មុំសុទ្ធ ១ ស្លាបព្រាកាហ្វេ ជាមួយម្សៅរមៀត ១ ភាគ ៤ ស្លាបព្រាកាហ្វេ រួចយកវាទៅបិទលើកន្លែង ដែលមានពងបែក។ បន្ទាប់មកទុកចោលប្រមាណជា ១៥ ទៅ ២០ នាទី សឹមខ្ពុរមាត់ជាមួយទឹកក្តៅឧណ្ណៗជាការស្រេច។ អ្នកអាចអនុវត្ត ២ ទៅ ៣ ដង ក្នុងមួយថ្ងៃ។ បើមិនដូច្នោះទេ អ្នកគ្រាន់តែលាបទឹកឃ្មុំ តែមួយមុខក៏បាន ដើម្បីកាន់តែមានភាពងាយស្រួល។ 

២. អំបិល

អំបិល គឺជាឱសថព្យាបាលពងបែកមាត់ ដ៏មានប្រសិទ្ធភាព និងរហ័សជាងគេបំផុត ដោយអាចជួយកាត់បន្ថយការឈឺចាប់ និងការរលាកបានថែមទៀតផង។ អ្វីដែលអ្នកត្រូវធ្វើគឺ គ្រាន់តែលាយអំបិលកន្លះស្លាបព្រាកាហ្វេ ចូលទៅក្នុងទឹកក្តៅឧណ្ណៗមួយកែវ រួចយកមកខ្ពុរមាត់ មួយថ្ងៃ ៣ ទៅ ៤ ដង នោះអ្នកនឹងសង្កេតឃើញពី ប្រសិទ្ធភាពដ៏អស្ចារ្យ របស់វាជាក់ជាមិនខាន។ 

៣. ទឹកកក

ទឹកកក មានប្រសិទ្ធភាព អាចជួយឲ្យសាច់ស្ពឹក និងបន្ធូរបន្ថយការឈឺចាប់ របស់ពងបែកមាត់បាន។ ងាយៗ ដោយអ្នកគ្រាន់តែយកក្រណាត់ស្អាតណាមួយ មករុំដុំទឹកកក ២ ទៅ ៣ ដុំ រួចយកមកស្អំលើបរិវេណ ដែលមានពងបែកប្រមាណជា ១ នាទី និងត្រូវអនុវត្ត ២ ទៅ ៣ ដង ក្នុងមួយថ្ងៃ។ បន្ថែមពីនេះទៅទៀត អ្នកអាចឧស្សហ៍ទទួលទានទឹកត្រជាក់ៗបន្ថែម ដើម្បីកាន់តែឆាប់ជាសះស្បើយផងដែរ។ 

៤. កញ្ចប់តែ

កញ្ចប់តែ ដែលប្រើរួចភាគច្រើន សុទ្ធតែមានប្រយោជន៍ ដូចជាយកមកព្យាបាលពងបែកមាត់ជាដើម។ វាមានជាតិអាស៊ីត Tannic ដែលអាចបន្ថយការឈឺចាប់ និងធ្វើឲ្យអ្នកឆាប់ជាសះស្បើយ។ អ្នកគ្រាន់តែយកកញ្ចប់តែដែលទើបតែប្រើរួច ទៅដាក់ក្លាសេក្នុងទូទឹកកក ៣០ នាទី បន្ទាប់មកយកវាមកស្អំ និងសង្កត់លើពងបែកក្នុងមាត់ ឲ្យបាន ១០ ទៅ ១៥ នាទី។ មួយថ្ងៃអ្នកអាចអនុវត្ត ២ ទៅ ៣ ដង រហូតទាល់តែបាត់ពងបែក ពីមាត់អស់។ 

៥. ប្រទាលកន្ទុយក្រពើ

ប្រទាលកន្ទុយក្រពើ មានលក្ខណៈសម្បត្តិអាចប្រឆាំងនឹងភាពរលាក ជួយបំបាត់ការឈឺចាប់ និងជួយឲ្យឆាប់ជាសះស្បើយ ជាពិសេស វាអាចការពារមិនឲ្យអ្នកកើតពងបែកញឹកញាប់បាន សឹងតែមិនគួរឲ្យជឿ។ អ្នកគ្រាន់តែ សកសំបកចេញ រួចយកជែលរបស់វា មកបិទពីលើកន្លែងមានពងបែក និងទុកចោលប្រមាណជា ២០ នាទី រួចលាងសម្អាតមាត់ចេញ ដោយទឹកក្តៅឧណ្ណៗ។ អ្នកអាចអនុវត្ត ២ ទៅ ៣ ដង ក្នុងមួយថ្ងៃ ត្រឹមតែ ២ ឬ ៣ ថ្ងៃធានាថានឹងជាសះស្បើយ។ 

៦. រមៀត

រមៀត មានលក្ខណៈសម្បត្តិពិសេស អាចការពារបាក់តេរី ក៏ដូចជាប្រឆាំងការរលាកបានយ៉ាងមានប្រសិទ្ធភាព។ អ្នកគ្រាន់តែយកម្សៅរមៀត មកលាយជាមួយទឹកដោះគោ រួចយកសំឡីមកជ្រលក់ និងផ្តិតនៅត្រង់បរិវេណពងបែក និងទុកវាចោល ៣០ នាទី សឹមយកទឹកក្តៅឧណ្ណៗមកលាងសម្អាតជាការស្រេច។ វិធីមួយទៀត អ្នកអាចយករមៀតមកកាត់ជាចំណិត បិទផ្ទាល់លើកន្លែងពងបែកក៏បាន។ វិធីទាំងពីរនេះ គួរអនុវត្តមួយថ្ងៃឲ្យបាន ២ ទៅ ៣ ដង ទើបជាការប្រសើរ។ 

*** គួរបញ្ជាក់ផងដែរថា អ្នកត្រូវតែចេះប្រយ័ត្នប្រយែង ក្នុងពេលទទួលទាន ដើម្បីបំបាត់ទម្លាប់ខាំមាត់ ខាំសាច់ថ្ពាល់ ទាំងនោះចោល។ សម្រាប់អ្នកដែលខាំមាត់ ដោយសារភាពតានតឹង ស្រ្តេស ឬអផ្សុកនោះ គួររកស្ករកៅស៊ូជាតិស្ករទាបណាមួយ មកទំពារជំនួសវិញ ដើម្បីចៀសវាង កុំឲ្យកើតមានអាការៈពងបែកក្នុងមាត់ តទៅទៀត៕

ប្រភព៖ Top 10 Home Remedies | healthline

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]